ការនាំផលិតផល ហាឡាល់ ទៅក្រៅប្រទេស ពិតជាបានជួយបង្កើនសេដ្ឋកិច្ច របស់បណ្តាប្រទេស នៅក្នុងសហគមន៍អាស៊ាន

ភ្នំពេញ៖ កំណើននៃការនាំផលិតផល ហាឡាល់ ទៅកាន់បណ្តាប្រទេស អូអាយស៊ី (Organization of Islamic Cooperation) និងកំណើននៃការនាំចូលភ្ញៀវទេសចរណ៍ពិតជាបានបង្កើនសេដ្ឋកិច្ចរបស់ប្រទេសថៃ ។ នេះជា ប្រសាសន៍ របស់ លោកឧត្តមសេនីយ៍ តាណាសាក់ ប៉ាទីម៉ាប្រាកន ឧបនាយករដ្ឋមន្ត្រី តំណាងលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អ៊ូចា នាយករដ្ឋមន្ត្រីថៃ ថ្លែងនៅក្នុងសុន្ទរកថា បើកនៃសន្និសីទអន្តរជាតិ ហាឡាល់លើកទី២ ដែលបាន និងកំពុងប្រព្រឹត្តទៅនាទី ក្រុងបាងកង ប្រទេសថៃ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៥ នេះ។

សន្និសីទនោះ ត្រូវបានរៀបចំដោយមជ្ឈមណ្ឌលវិទ្យាសាស្ត្រ ហាឡាល់ នៃសាកលវិទ្យាល័យ ចុឡាឡុងកន សហការជាមួយក្រុមប្រឹក្សា កណ្តាលឥស្លាមប្រទេសថៃ និងដោយមានអ្នកចូលរួមជាជាភ្ញៀវអន្តរជាតិមកពី ៤០ប្រទេស និងក្រុមហ៊ុន សហគ្រាសដែលធ្វើការលើវិស័យទំនិញហាឡាល់ ថ្នាក់ដឹកនាំឥស្លាមថៃ សិស្សនិស្សិតបញ្ញវន្ត និងភ្ញៀវកិត្តិយស ដទៃទៀត ចំនួនប្រមាណ ៥០០០ នាក់ ក្នុងនោះកម្ពុជាមានគណៈប្រតិភូចំនួន ៧រូប ដែលដឹកនាំដោយ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកបណ្ឌិត វីណៃ ឌះឡាន នាយកស្ថាបនិក នៃមជ្ឈមណ្ឌលវិទ្យាសាស្ត្រ ហាឡាល់បានថ្លែង ពីសារៈសំខាន់របស់ ទំនិញហាឡាល់ដែលរួមមានម្ហូបអាហារ សម្ភារប្រើប្រាស់ដែលធានាដល់សុខភាព និងសុខុមាលភាពរបស់អ្នក ទទួលទាន និងអ្នកប្រើប្រាស់ទូទៅ ពិសេសដើម្បីធានាដល់គុណភាព និងប្រសិទ្ធភាពនៃការប្រកួតប្រជែងក្នុង សហគមន៍សេដ្ឋកិច្ចអាស៊ាននាពេលខាងមុខ។

លោកបានថ្លែងថា សម្រាប់ឆ្នាំកន្លងទៅទីផ្សារនាំចេញអាហារហាឡាល់ពិភពលោកមានចំនួនដល់ទៅ ១.២ លានលាន ដុល្លារសហរដ្ឋអាមេរិក (1,2 Trillion USD) ហើយ សម្រាប់ប្រទេសថៃ មកដល់ពេលនេះ បានផលិតផលិត ហាឡាល់ចំនួនប្រមាណ ៨០.០០០មុខ សម្រាប់ប្រើប្រាស់នៅក្នុងប្រទេស និងនាំចេញទៅ ក្រៅប្រទេស ពិសេសទៅកាន់តំបន់មជ្ឈឹមបូព៌ា និងអ៊ឺរ៉ុប។ រីឯនៅក្នុងប្រទេសថៃមានភោជនីយដ្ឋាន ហាឡាល់ចំនួន ប្រមាណ ៣.៥០០កន្លែង សម្រាប់បម្រើដល់ជនមុស្លិមនៅក្នុង ប្រទេស និងមកពីប្រទេសអូអាយស៊ី។

លោកបានបន្តថាសន្និសីទអន្តរជាតិហាឡាល់នេះ គឺជាការៀបចំលើកទី២ ដែលមានការតាំងពិព័រណ៌ពីផលិត ហាឡាល់ដោយមានការចូលរួម ពីផលិតផលចំនួន ២៥០ស្តង់ មកពី ៣៥ ប្រទេស រួមនឹងកិច្ច ប្រជុំពិភាក្សា ជាច្រើនទៀតជុំវិញប្រធានបទ «ពាណិជ្ជកម្ម វប្បធម៌ និង ការ ច្នៃ ប្រឌិត សម្រាប់សេដ្ឋកិច្ចហាឡាល់» ។

លោកឧត្តមសេនីយ៍ តាណាសាក់ ប៉ាទីម៉ាប្រាកន ឧបនាយករដ្ឋមន្ត្រីតំណាងឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អ៊ូចា នាយករដ្ឋមន្ត្រីថៃ បានថ្លែងគាំទ្រ និងកោតសរសើរដល់ភាពជោគជ័យរបស់ក្រុមប្រឹក្សាឥស្លាមថ្នាក់កណ្តាលប្រទសថៃ មជ្ឈមណ្ឌលវិទ្យាសាស្ត្រហាឡាល់ នៃសាកលវិទ្យាល័យជុឡាលុងកនប្រទេសថៃ និងវិទ្យាស្ថានស្តង់ដារ ហាឡាល់ប្រទេសថៃ ក្នុងការធ្វើឲ្យប្រទេសថៃក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសឈានមុខ ក្នុងការផលិតទំនិញហាឡាល់ ដែលពិតជាបានជួយដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ តាមរយៈការនាំផលិតផល ម្ហូបអាហារហាឡាល់ ទៅកាន់ពិភពលោក ពិសេសទីកាន់ប្រទេសសមាជិកអូអាយស៊ី (Organization of Islamic Cooperation) និងកំណើននៃការនាំចូលភ្ញៀវទេសចរ មកកាន់ប្រទេសថៃ។ លោកឧបនាយកដ្ឋមន្ត្រីថៃបានមានប្រសាសន៍ថា មកដល់ពេលនេះ ប្រទេសថៃជាប្រទេសដែលបាននាំផលិតផល និងម្ហូបអាហារហាឡាល់ទៅកាន់ប្រទេស សមាជិក អូអាយស៊ី ក្នុងលំដាប់លេខរៀងទី១២ ហើយនៅក្នុងពេលអនាគតដ៏ឆាប់ ប្រទេសថៃនឹងទទួលបានលំដាប់ លេខរៀងទី១ និងក្លាយជាមណ្ឌលផលិតអាហារសម្រាប់ពិភពលោក ហើយសន្និសីទអន្តរជាតិហាឡាល់នាពេលនេះនេះ ពិតជាបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលថៃ ក្នុងការជំរុញ និងសហការជា មួយបណ្តាប្រទេសជាច្រើន ទាំងវិស័យឯកជន និងរដ្ឋ លើទំនិញហាឡាល់ ជាពិសេសទំនាក់ទំនងល្អរវាងរដ្ឋាភិបាលថៃ និងបណ្តាប្រទេសអ៊ីស្លាម។

លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងកាងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈបានសំដែងនូវក្តីរីករាយ និងសូមថ្លែងអំណរគុណដល់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅមកដល់គណៈប្រតិភូកម្ពុជា ក្នុងដំណើរចូលរួមសន្និសីទអន្តរជាតិហាឡាល់លើកនេះ ដោយបានសិក្សាស្វែងយល់បន្ថែម ពីសារៈសំខាន់នៃទំនិញហាឡាល់ ដែលពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យ ទេសចរណ៍នៃប្រទេស ការនាំចេញផលិតផលសម្រាប់ទីផ្សារនៅមជ្ឈឹមបូព៌ា និងពិភពលោក ជាពិសេសគឺលើក កម្ពស់សេដ្ឋកិច្ចអាស៊ាន។

លោក បានជម្រាបថា ថ្នាក់ដឹកនាំនៃស្ថាប័ន ហាឡាល់ប្រទេសថៃបាន និងកំពុងសហការ និងផ្តល់នូវជំនួយជា បច្ចេកទេសដល់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ក្នុងការជំរុញឲ្យមានស្ថាប័នផ្តល់វិញ្ញាបនប័ត្រ ហាឡាល់ ជាផ្លូវការនៅកម្ពុជា ហើយបានសន្យាថានឹងសហការជាមួយកម្ពុជា ក្នុងការរៀបចំការតាំងពិព័រណ៌ ផលិតផលហាឡាល់អន្តរជាតិនៅប្រទេសកម្ពុជាផងដែរ។ លោកបានបញ្ជាក់ថា  រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពលើ គោលការណ៍បង្កើតស្ថាប័នហាឡាល់នេះ ដោយមានកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម គណៈ ដឹកនាំ ជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា និងបណ្តាក្រសួងពាក់ព័ន្ធមួយចំនួន ហើយលោកសង្ឃឹមថាកម្ពុជានឹងបង្កើតស្ថាប័ន ហាឡាល់ក្នុងពេលឆាប់ៗខាងមុខនេះ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់ ៕