សម្ដេចតេជោ៖ សហប្រតិបត្តិការ​ល្អ​ រវាងកម្ពុជា-វៀតណាម សម្រេចបាន​លទ្ធផលល្អ ប្រសើរ​លើគ្រប់វិស័យ

រតនគិរី៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងអះអាងថា កិច្ចសហប្រតិបតិ្តការល្អរវាង ប្រទេសកម្ពុជា និងប្រទេសវៀតណាម ក្នុងមួយរយៈ កាលចុងក្រោយនេះ ធ្វើឲ្យប្រទសទាំងពីរ សម្រេចបានលទ្ធផលជាផ្លែផ្កាច្រើន លើគ្រប់វិស័យ ជាពិសេសវិស័យ ពាណិជ្ជកម្ម  ការវិនិយោគ និងវិស័យទេសចរណ៍ជាដើម។

សម្ដេចតេជោ បានថ្លែងនៅព្រឹកថ្ងៃ សៅរ៍ ទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៥ ក្នុងពិធីប្រកាសសម្ពោធជាផ្លូវការរួមគ្នានៃបង្គោលព្រំដែនលេខ៣០ និងកំណាត់ផ្លូវប្រវែង៤៥០ម៉ែត្រ នៅច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ-ឡេថាញ់ ថា “ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កម្ពុជា និងវៀតណាមសម្រេចបាន នូវលទ្ធផលល្អប្រសើរជាច្រើន ក្នុងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងតំបន់ តាមរយៈការយកចិត្តទុកដាក់របស់យើង ក្នុងការជំរុញការតភ្ជាប់ទាំងផ្នែករឹង និងផ្នែកទន់ ដើម្បីទទួលបាននូវផលប្រយោជន៍ពេញលេញពីសមាហរណកម្មនេះ កំណើនពាណិជ្ជកម្ម ការវិនិយោគ និងលំហូរមូលធនក៏ដូចជាទេសចរឆ្លងកាត់ ព្រំដែនរវាង ប្រទេសទាំងពីរ បាននឹងកំពុងរីកលូតលាស់ ឥតឈប់ឈរដែលជាកត្តា ដ៏សំខាន់សម្រាប់ជួយជម្រុញ និងធានានូវនិរន្តន៍ភាព នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ” ។

សម្ដេចតេជោបានបន្ថែមថា វឌ្ឍនភាពទាំងអស់ខាងលើនេះ ពិតជាបានបង្កើតឡើង នូវកាលានុវត្តភាព និងបរិស្ថានអំណោយផល ល្អប្រសើរសម្រាប់  ការអភិវឌ្ឍសម្រាប់ ការកែលម្អ និងសុខមាលភាពរបស់ប្រជាជន នៃប្រទេសកម្ពុជា និងវៀតណាមផងដែរ៕