តើ​ Leicester ​​អាច​ស៊ី​ Liverpool​ ដល់​ក្នុង​ដី​បាន​​​អត់​យប់​នេះ?


តើ​ Leicester ​​អាច​ស៊ី​ Liverpool​ ដល់​ក្នុង​ដី​បាន​​​អត់​យប់​នេះ?

ក្រុម​កំពូល​តារាង​ Premier League, Leicester City ​នឹង​ធ្វើ​ដំណើរ​ទៅ​​កីឡដ្ឋាន​ Anfield ​​ដើម្បី​ប៉ះ​​​ហង្ស​ក្រហម​ Liverpool ​​នៅ​សប្ដាហ៍​ទី​១៨ នា​​វេលា​ម៉ោង​១០:០០​នាទី​យប់​ថ្ងៃ​សៅរ៍​​នេះ។ ចាំ​មើល​ថា ​ក្រុម​កំពុង​ឡើង​ជើង​ខ្លាំង​មួយ​នេះ អាច​បំបាក់​ហង្ស​​ក្រហម ដល់​ក្នុង​ដី​ទៀត​ឬ​យ៉ាង​ណា?

 

តើ​ Leicester ​​អាច​ស៊ី​ Liverpool​ ដល់​ក្នុង​ដី​បាន​​​អត់​យប់​នេះ?

 

 

​​ប្រវត្តិ​ជួប​គ្នា និង​​ស្ថិតិ​មួយ​ចំនួន៖

 

​- ក្រុម​ទាំង​២​នេះ ធ្លាប់​ប៉ះ​គ្នា​៤៦​ដង​ នៅ​ Anfield ដោយ​ក្នុង​នោះ​ Liverpool ឈ្នះ​២៥, Leicester ឈ្នះ​១១ ​និង​ស្មើ​គ្នា​១០​ដង។ ជួប​គ្នា​លើក​ចុង​ក្រោយ​​កាល​ពី​ខែ​មករា​​ បញ្ចប់​លទ្ធផល​ស្មើ​គ្នា​ Liverpool ២-២ Leicester។

 

– ​​៥​​ប្រកួត​ចុង​ក្រោយ​នៅ​ Premier League របស់​ Liverpool គឺ​ឈ្នះ​២ ចាញ់​២ និង​ស្មើ​១ រីឯ​ Leicester ៥​ប្រកួត​ចុង​ក្រោយ​ ឈ្នះ​៤ និង​​ស្មើ​១ ពុំ​ដែល​ចាញ់​ឡើយ។

 

– Liverpool មិន​ដែល​​ចាញ់​ក្នុង​ដី​ខ្លួន​ឯង​ទេ ក្នុង​ថ្ងៃ​បុណ្យ​ណូអែល​​ ដោយ​ឈ្នះ​៥ ស្មើ​៣។

 

– Leicester ​២៦​ប្រកួត​ចុង​ក្រោយ​នៅ​ Premier League ​ឈ្នះ​១៨ ស្មើ​៦ និង​ចាញ់​តែ​២​ដង​ប៉ុណ្ណោះ ខណៈ​ដែល​ Liverpool ឈ្នះ​​៨ ស្មើ​៨ និង​ចាញ់​១០​ដង។

 

​សម្ដី​​អ្នកចាត់ការ​៖

 

​Jürgen Klopp ​អ្នកចាត់ការ​ក្រុម​ Liverpool ​និយាយ​បន្ទាប់​ពី​ចាញ់​ Watford ៣-០ កន្លង​ទៅ​ថា៖ “ខ្ញុំ​ដឹង​ថា ក្រុម​របស់​យើង​​អាច​​ខ្លាំង​ដោយ​របៀប​ណា​ហើយ ហើយ​ការងារ​របស់​ខ្ញុំ​ គឺ​ដើម្បី​ជួយ​ពួក​គេ។ បរាជ័យ​ថ្ងៃ​នេះ​ពិត​ជា​រឿង​ដ៏​អាក្រក់។ យើង​បាត់បង់​ស្មារតី បន្ទាប់​ពី​របូត​គ្រាប់​ទី​១។ វា​ជា​ការ​​ខក​ចិត្ត​ខ្លាំង​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ​នៅ​ Liverpool នេះ។ ​យើង​នឹង​កែ​ប្រែ​ពេល​ប៉ះ​ Leicester ​នៅ​ប្រកួត​បន្ទាប់”។

 

Claudio Ranieri ​អ្នកចាត់ការ​ក្រុម​ Leicester បាន​និយាយ​ថា៖ “ប៉ះ​ Liverpool គឺជា​បរិយាកាស​ដ៏​ល្អ​មួយ ហើយ​យើង​​ត្រូវ​តែ​បង្ហាញ​ពី​ភាព​ល្អ​បំផុត​របស់​យើង បើ​យើង​ចង់​ឈ្នះ​នៅ​ទី​នោះ។ ខ្ញុំ​​ចូល​ចិត្ត​ Jurgen Klopp ​យ៉ាង​ខ្លាំង។ ខ្ញុំ​បាន​មើល​គាត់​ធ្វើ​ការ​ ទើប​ដឹង​ថា​គាត់​ធ្វើ​ការ​ខិត​ខំ​ប៉ុណ្ណា។ Liverpool មាន​អ្នកចាត់ការ​ដ៏​ល្អ”។

 

 

​ជើង​កីឡាករ៖

 

ម្ចាស់​ផ្ទះ​ Liverpool នឹង​អវត្តមាន​ខ្សែ​ការពារ​ Martin Skrtel របួស​សរសៃពួរ​ត្រូវ​អវត្តមាន​៦​សប្ដាហ៍ ​ ប៉ុន្តែ​ខ្សែ​ការពារ​​ Dejan Lovren ​​និង​អ្នកចាំទី​ដៃ​ទី​១​​ Simon Mignolet នឹង​អាច​ចូល​លេង​បាន​វិញ។

 

រីឯ​ក្រុម​ភ្ញៀវ​ Leicester ​វិញ ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​ជើង Jamie Vardy ​ដែល​សង្ស័យ​ថា​របួស​កាល​ប្រកួត​ឈ្នះ​ Everton ៣-២​ នៅ​ Goodison Park ​សប្ដាហ៍​កន្លង​ទៅ​នោះ ​អ្នកចាត់ការ​ Ranieri បាន​បញ្ជាក់​ថា គ្មាន​របួស​ធ្ងន់ធ្ងរ​ទេ ហើយ​ពេល​ប៉ះ​ Liverpool នឹង​អាច​លេង​បាន​ធម្មតា។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ ក្រុម​​ទាំង​២​អាច​ជា៖

 

តើ​ Leicester ​​អាច​ស៊ី​ Liverpool​ ដល់​ក្នុង​ដី​បាន​​​អត់​យប់​នេះ?

 

​ព្យាករណ៍​គូ​នេះ​គឺ៖ Liverpool ២-២ Leicester, ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

-ចុចអាន៖ Lovren និង Mignolet ជា​ពីរ​បួស​ទាន់​ពេល Liverpool ប៉ះ​ក្រុម​កំពូល​តារាង

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ premierleague