លោក យឹម សុវណ្ណ បញ្ជាក់ថា​ភាគី​ពាក់ព័ន្ធ​ត្រូវ​រួមគ្នា​ដោះស្រាយ​បញ្ហា​នៅក្នុង​ច្បាប់​សហជីព​

នៅ​ចុង​សប្តាហ៍​នេះ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បានបញ្ជាក់​ថា​ភាគី​ពាក់ ព័ន្ធ​ទាំងអស់ ត្រូវ​រួមគ្នា​ដោះស្រាយ​បញ្ហា​នានា​ដែលមាន​នៅក្នុង​សេចក្ដីព្រាងច្បាប់​ស្តីពី​សហជីព​។ លោក យឹម សុវណ្ណ ដែលជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ​ដែរ​នោះបាន​ពន្យល់ថា កន្លែង​ណា​ដែល​ឆ្លុះបញ្ចាំង​ឆន្ទៈ​របស់​ពលរដ្ឋ និង​ឆ្លើយតប​សេចក្ដីត្រូវការ​ពិតប្រាកដ​របស់​ពលរដ្ឋ នោះ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្សជំទាស់​នឹង​ប្រឹងប្រែង​ចូលរួម​ដោះស្រាយ​។ លោក យឹម សុវណ្ណ បាន​សង្កត់ធ្ងន់ថា បើសិនជា​លទ្ធផល​ធ្វើ​ថ្ងៃនេះ​មិនបាន ថ្ងៃស្អែក​វា​កើត ហើយ​បើ​ថ្ងៃស្អែក​មិនបាន មានអំណាច​គ្រប់គ្រាន់​ធ្វើ​វិសោធនកម្ម​តែមួយ​ថ្ងៃ​ទេ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ​បានបង្ហាញ​ទៅ​មតិសាធារណៈ​ថា យើង​មិន​ឈរ​ឱបដៃ​មើល​ទេ​។​

ការលើកឡើង​របស់លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើឡើង​ស្របពេល​ដែល​ក្រុមការងារ​ចំពោះ​កិច្ច​ដែលមាន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៉ែន បញ្ញា ជា​ប្រធាន និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ជា​អនុប្រធាន នឹង​ជួប​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​សហជីព​នៅ​ថ្ងៃ​អង្គារ ទី​២៩ ខែធ្នូ សប្ដាហ៍​ក្រោយ​។ ក្រុមការងារ​ចំពោះ​កិច្ច​ដែល​នឹង​ពិនិត្យ និង​ផ្ដល់យោបល់​លើ​សេចក្ដីព្រាងច្បាប់​សហជីព មាន​សមាជិក ទាំងអស់​១០​រូប គឺ​៥​រូប​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​៥​រូប​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​។​

​យោងតាម​សេចក្ដីសម្រេច​រវាង​គណ​បក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ បាន​បញ្ជាក់ថា ក្រុមការងារ​ចំពោះ​កិច្ច មាន​ភារកិច្ច ពិនិត្យ និង​ផ្ដល់យោបល់​លើ​សេចក្ដីព្រាងច្បាប់​សហជីព ដើម្បី​ដាក់ជូន​គណៈកម្មការ​ជំនាញ​រដ្ឋសភា ពិនិត្យ និង​សម្រេច​។ សេចក្ដីសម្រេច​ដដែល​បាន​បញ្ជាក់ដែរថា ក្នុងការ​ពិនិត្យ និង​ផ្ដល់យោបល់​លើ សេចក្ដីព្រាងច្បាប់​នេះ ក្រុមការងារ​អាច​ពិគ្រោះ​យោបល់ ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា​តាម​ការចាំបាច់​។​

គួរ​បញ្ជាក់ថា​ក្នុង​ពិធី​ជួបពិភាក្សា​ជាមួយ​តំណាង​មកពី​សហជីព​យ៉ាងតិច​១២​នៅ​ស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៥ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​សន្យា​ជាមួយ​តំណាង​សហជីព​ថា​លោក​នឹង​បន្ថែម​របៀបវារៈ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព​ទៅលើ​របៀបវារៈ​ដំណោះស្រាយ​នយោបាយ​បើសិនជា​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួប​ពិភាក្សាគ្នា​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា​ការ​លើកយក​របៀបវារៈ​ច្បាប់​ស្តីពី​សហជីព និង​កង្វល់​របស់​សហ​ជីព គឺជា​គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ តែ​ការសម្រេច​យ៉ាងណា​របស់​ភាគី​ម្ខាង​ទៀត ក៏​មិនទាន់​បានដឹង​នោះទេ​៕

12316224_824017681049792_7590105617433038556_n