សាលារាជធានី អនុញ្ញាត​ឲ្យមាន​ការ​ជួបជុំ មុខរូប​សំណាក់​ លោក​ ជា វិជ្ជា ប៉ុន្តែ​មិនអោយ​ហែរក្បួន​

ភ្នំពេញ៖ ក្រោយពីចូលរួម សម្ពោធសាលាសង្កាត់ និង ប៉ុស្តិ៍នគរបាលស្ពានថ្ម ខណ្ឌដង្កោ នាព្រឹកមិញនេះ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ប្រាប់ក្រុមអ្នកកាសែតថា ការដង្ហែរក្បួនអាចធ្វើឲ្យ ជនឱកាសនិយម ឬបាតដៃទី៣ បង្កបញ្ហាអសន្តិសុខ និងប៉ះពាល់ធ្ងន់ធ្ងរ ដល់សណ្ដាប់ធ្នាប់សាធារណៈ។ ក្រុមសហជីព និងអ្នកជាប់ពាក់ព័ន្ឋអាចជួបជុំគ្នា នៅទីតាំងរៀងខ្លួន ឬធ្វើឡើងពី មុខរូបសំណាកលោកជា វិជ្ជា នៅក្បែរវត្តលង្កា។

លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា នៅសប្តាហ៍ក្រោយសាលាក្រុង និងមានការជួបជុំជាមួយលោកជា មុន្នី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា និងអ្នកជាប់ពាក់ព័ន្ឋ ដើម្បីជជែកអំពីរឿងនេះអោយបានច្បាស់លាស់។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅមិនទាន់អាចធ្វើទំនាក់ទំនងទៅកាន់ លោកជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបាននៅឡើយទេ ដោយហៅទៅជាច្រើនលើកពុំមានអ្នកទទួល។ ប៉ុន្តែកន្លងមកលោកបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ទោះបីជាមិនមានការអនុញ្ញាត ក៏លោកនឹងដឹកនាំ ក្រុមកម្មករប្រារព្ឋពិធី នៅពីមុខរូបសំណាកលោកជា វិជ្ជា ដដែលក្រោយពីមានការហែរក្បួនសម្តែងមតិ។

លោក ជា មុន្នី និងក្រុមគ្រួសារនឹងរៀបចំពិធីបង្សុកូលគម្រប់ខួប១២ឆ្នាំ នៃការស្លាប់របស់លោក ជា វិជ្ជា នៅថ្ងៃទី២២ មករាឆ្នាំ២០១៦ខាងមុខ។ លោក ជា មុន្នី បន្តថា គម្រោងអ្នកចូលរួមក្នុងពិធីបង្សុកូលមានចំនួនជា១ពាន់នាក់ ប៉ុន្ដែគម្រោងនេះមិនទាន់អាចកំណត់បាន ដោយសារតែមានអង្គការសង្គមស៊ីវិល គណបក្សនយោបាយ និងកម្មកររោងចក្រចូលរួមច្រើនទៀត។ សារសំខាន់នៅក្នុងពិធីនោះ នៅតែទាមទាឲ្យតុលាការបន្ដស្វែងរកឃាតករសម្លាប់លោក ជា វិជ្ជា ដើម្បីរកយុត្តិធម៌ជូនបងរបស់ប្រុសលោក។

លោក ជា វិជ្ជា ធ្លាប់ជាប្រធានចលនា សហជីពកម្ពុជា។ លោក ជា វិជ្ជា ប្រធានសហជីពសេរី កម្មករកម្ពុជា ត្រូវបាន ខ្មាន់កាំភ្លើង មិនស្គាល់មុខ បាញ់ចំនួនបីគ្រាប់ បណ្តាលឱ្យ ដាច់ខ្យល់ស្លាប់ មួយរំពេច នៅនឹងកន្លែង ខណៈដែលលោក កំពុងឤនសារព័ត៌មាន នៅក្នុង តូបលក់កាសែតមួយ ជាប់នឹង របងវត្តលង្កា ក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០០៤។ ប្អូនប្រុសរបស់លោក ជា វិជ្ជា ឈ្មោះ ជា មុន្នី ក៏បានឡើងកាន់តំណែងជា ប្រធានសហជីពសេរីកម្មករ កម្ពុជាបន្តពីបងប្រុស។

ក្រោយពីឃាតកម្មលើរូបលោក ជា វិជ្ជា ប៉ុន្មានថ្ងៃ លោក ប៊ន សំណាង និង សុខ សំអឿន ត្រូវបាន តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទីមួយ ខែសីហា ឆ្នាំ ២០០៥ កាត់ឱ្យ ជាប់ពន្ធនាគារចំនួន២០ឆ្នាំ ពីបទឃុបឃិតប្រព្រឹត្តអំពើឃាតកម្ម គិតទុកជាមុនលើរូបលោកជា វិជ្ជា ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្មានឆ្នាំក្រោយមក ក៏មានការដោះលេង អោយមានសេរីភាពវិញ ដោយមតិជាទូទៅគេចាត់ទុកថា អ្នកទាំង២នាក់នោះ ជាឃាតករសម្បនិម្មិត៕

សាលារាជធានី អនុញ្ញាត​ឲ្យមាន​ការ​ជួបជុំ មុខរូប​សំណាក់​ លោក​ ជា វិជ្ជា ប៉ុន្តែ​មិនអោយ​ហែរក្បួន​

សាលារាជធានី អនុញ្ញាត​ឲ្យមាន​ការ​ជួបជុំ មុខរូប​សំណាក់​ លោក​ ជា វិជ្ជា ប៉ុន្តែ​មិនអោយ​ហែរក្បួន​