អាជ្ញាធរ​ភូមិ​-​ឃុំ លោកគ្រូ​-​អ្នកគ្រូ ប្រជាពលរដ្ឋ សិស្សានុសិស្ស​១៧៨​នាក់ ទទួល​ការ​ផ្សព្វផ្សាយ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី

ខេត្តបន្ទាយមានជ័យ ៖ ​ស្រប​ពេល​ដែល​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នឹង​ចាប់ផ្តើម​​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​០១​ ​មករា ២០១៦ ​​ខាង​មុខ​នេះ ​លោក​​ឧត្តមសេនីយ៍ទោ​ អាត់ ខែ​ម ស្នង​ការ​នគរបាល​​ខេត្តបន្ទាយ​មានជ័យ បាន​ដាក់​បទ​បញ្ជា​ដល់​លោក​-​លោកស្រីវរសេនីយ៍ស្នង​​ការ​រង ទទួល​បន្ទុក​តាម​បណ្តា​ស្រុក​-​ក្រុងទាំង​៩ ដោយ​សហការ​ជាមួយ​រដ្ឋបាល​ស្រុក​/​ក្រុង ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរា​ចរណ៍​ផ្លូវគោក​ថ្មី ដើម្បី​ពង្រឹង​ការ​អនុវត្ត​គោលនយោបាយ​ភូមិ-​ឃុំ មាន​សុវត្ថិភាព ​និង​ផ្សព្វផ្សាយ​ពី​ការ​បង្ការ​ទប់ស្កាត់​អគ្គិ​ភ័យ ។

ជាក់ស្តែង​​ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២៥ ធ្នូ ២០១៥​ នេះ លោក​វរសេនីយ៍ឯក​ ចាន់ តារា ស្នងការ​រងទទួល​ផែន​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​-​អគ្គិ​​ភ័យ បាន​ចុះ​ផ្សព្វផ្សាយ​​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មីនៅ​អធិការដ្ឋាន​នគរបាល​ស្រុក​​ភ្នំស្រុក ដែល​មាន​ប្រធាន​ក្រុមប្រឹក្សា អភិបាល អភិ​បាលរង​ស្រុក ការិយាល័យ​ជុំវិញ​ស្រុក កងកម្លាំងប្រដាប់អាវុធ​ពាក់ព័ន្ធ អាជ្ញាធរ​ឃុំ លោកគ្រូ​-​អ្នកគ្រូ ប្រជាពលរដ្ឋ​ និង​សិស្សា​នុសិស្ស​ចូលរួម​ចំនួន​​១៧៨​នាក់ (​ស្រី​៧៨​នាក់) ​។