យប់មិញ! មនុស្ស២ក្រុមកាប់គ្នា បណ្តាលឱ្យស្លាប់១លើស្ពានអ្នកលឿង

ខេត្តព្រៃវែង ៖ ខណៈ​ដែល​មនុស្ស​គ្រប់​គ្នា​កំពុង​តែ​សប្បាយ​រីករាយ​ស្វាគមន៍​ថ្ងៃ​បុណ្យ​ណូអែល​នោះ ស្ថិត​នៅ​ចំ​កណ្តាល​ស្ពាន​ហ្សឹ​បា​សា ឬ​ស្ពាន​អ្នក​លឿង មាន​មនុស្ស​ចំនួន​២​ក្រុម​ដែល​ម្ខាង​ៗ​មាន​គ្នា​ជិត​២០​នាក់​សុទ្ធតែ​ស្រវឹង បាន​បើក​ឆាក​វាយ​កាប់​ចាក់​គ្នា​យ៉ាង​អង់អាច​ក្លាហាន ហាក់​គ្មាន​ខ្លាច​ឈឺ​សាច់​អ្វី​បន្តិច​សោះ ប៉ុន្តែ​សកម្មភាព​នេះ​ត្រូវ​បាន​បញ្ចប់​ទៅ​វិញ​ក្នុង​រយៈពេល​ជាង​៥​នាទី បន្ទាប់​ពី​ភាគី​ដែល​ចាញ់​នាំ​គ្នា​រត់ឡើង​រថយន្ត​បើក​ចេញ​ទៅ ហើយ​បុរស​ម្នាក់​ត្រូវ​បាន​គេ​ចាក់​ស្លាប់​នៅ​នឹង​កន្លែង ។

ហេតុការណ៍​នេះ ​បង្ក​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៥ ធ្នូ ២០១៥ នៅ​ចំណុច​ខណ្ឌ​ចែក​ទឹកដី​នៃ​ខេត្តព្រៃវែង និង​ខេត្ត​កណ្តាល ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ត្រូវ​គេ​ស្គាល់ឈ្មោះ​ឡូត អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​លេខ​៧ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ។

សមត្ថកិច្ច​ឱ្យ​ដឹង​ថា ភាគី​ខាង​ជន​រង​គ្រោះ​មាន​គ្នា​ចំនួន​១០​នាក់ គឺជា​ចុងភៅ​ដែល​មក​ធ្វើ​ម្ហូប​ត្រៀម សំរាប់​ពិធី​ឡើងផ្ទះ​របស់​លោក​សេង សុ​ភ័ក្ត្រ ស្នងការ​រង​ខេត្តព្រៃវែង នៅ​ឯ​ភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ (​ក​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។ ដោយ​មុន​ពេល​កើត​ហេតុ​នោះ ជន​រង​គ្រោះ និង​បក្សពួក​បាន​នាំ​គ្នា​ផឹកស៊ី​នៅផ្ទះ​របស់​លោកស្នងការ​រង ពេល​ស្រវឹង​ហើយ ក៏​នាំ​គ្នា​ឡើង​ជិះ​រថយន្ត​កូរ៉េ សម្រាប់​ដឹក​គ្រឿង​ចុងភៅ​ឡើង​ទៅ​លេង​នៅ​លើ​ស្ពាន រួច​ក៏​បន្ត​ឆ្លង​ទៅ​លេង​នៅ​ចំណុច​រង្វង់​មូល​គង់​ស្ពាន​ត្រើយ​ខាងលិច​ទៀត ដែល​​ស្ថិត​ក្នុង​ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល ។ ប៉ុន្តែ​ពេល​ទៅ​ដល់ ក៏​មាន​ទំនាស់​ពាក្យ​សម្តី​ជាមួយ​ភាគី​ម្ខាង​ទៀត​មាន​គ្នា​៧-៨​នាក់ ដែល​កំពុង​ផឹកស៊ី​នៅ​ទីនោះ​ដែរ ទើប​កើត​ទៅ​ជា​ជម្លោះ ហើយ​ក៏​ណាត់គ្នា​មក​វាយ​នៅ​លើ​ស្ពាន​តែ​ម្តង ។

ប៉ុន្តែ​ប្រភព​ពី​ខាង​ជន​រង​គ្រោះ​វិញ​អះអាង​ថា ពេល​ដែល​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា​ហើយ ពួក​គេ​ក៏​នាំ​គ្នា​ឡើង​រថយន្ត​ជិះ​មក​ឈប់​លេង​​នៅ​លើ​ស្ពាន​ក្នុង​ដី​ខេត្តកណ្តាល​ដដែល ប៉ុន្តែ​មួយសន្ទុះ​ក្រោយមក ក៏​ស្រាប់តែ​ឃើញ​ភាគី​ជន​បង្ក​ជិះ​ម៉ូតូ​២​គ្រឿង តាម​ទៅ​ដល់​មាន​គ្នា​៥-៦​នាក់ ដោយ​មាន​ទាំង​ដាវ​សា​មូ​រ៉ៃ​, កាំបិត និង​បំពង់​ទីប​គ្រប់​ដៃ​ផង និង​បាន​ធ្វើ​សកម្មភាព​វាយប្រហារ​មក​លើ​ពួក​គេ ទើប​ពួក​គេ​វាយ​តដៃ​ទៅ​វិញ ។ ប៉ុន្តែ​ដោយសារ​តែ​គ្មាន​អាវុធ​ក្នុង​ដៃ​វាយ​មិន​ឈ្នះ​គេ ទើប​នាំ​គ្នា​រត់ឡើង​រថយន្ត​ជិះ​រត់គេច​ពី​ការ​វាយប្រហារ​របស់​ភាគី​បង្ក ។ ចំណែកឯ​ជន​រង​គ្រោះ​ឈ្មោះ ឡូត ដោយសារ​តែ​រត់ឡើង​រថយន្ត​មិន​ទាន់ ក៏​ត្រូវ​គេ​ព្រួត​វាយ និង​ចាក់​រហូត​ដល់​ស្លាប់​តែ​ម្តង​ទៅ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព