រត់តាម​សហាយ ចោល​ប្តី​-​កូន ឲ្យ​រស់នៅ​កណ្តោចកណ្តែង​

​រឿងរ៉ាវ​ស្នេហា​ផិតក្បត់​កន្លងមក ភាគច្រើន​កើតឡើង​ចំពោះ​គ្រួសារ​ដែលមាន​គូ​ស្វាមីភរិយា​វ័យក្មេងៗ ប៉ុន្តែ​ក៏មាន​គ្រួសារ​ប្តី​ប្រពន្ធ​វ័យ​ចំណាស់​ខ្លះ​បាន​ព្រាត់ប្រាស​គ្នា​ដោយសារតែ​រឿង​ស្នេហ៍​ផិតក្បត់​នេះដែរ តែ​ភាគច្រើន​គឺ​បុរស​ជា​ប្តី​ជាដើម​ចម​នៃ​បញ្ហា​នេះ ហើយ​ក៏មាន​ភរិយា​ខ្លះ​ក្បត់ចិត្ត​សា្វ​មី​របស់ខ្លួន​ទៅ​ប្រលោម​ស្នេហ៍​ជាមួយ​ប្រុស​ថ្មី ធ្វើ​ឲ្យ​គ្រួសារ​ជួប​រឿង​និរាស​ព្រាត់ប្រាស ហើយ​អ្នក​ដែល​ទទួលរង​គ្រោះ​នោះ​គឺ កូនៗ​ខ្វះ​ភាពកក់ក្តៅ និង បាត់បង់​ទាំង​ការសិក្សា​ជាដើម ។

រត់តាម​សហាយ ចោល​ប្តី​-​កូន ឲ្យ​រស់នៅ​កណ្តោចកណ្តែង​

អំពើ​ផិត​ក្បត់គ្នា​នេះ​មិន​ថា​ខាង​ប្រុស ឬ ខាង​ស្រី​នោះទេ ឱ្យតែ​បែកឆ្វេង​មាន​អ្នក​ទី​បី​ហើយ​នោះ ពិតជា​មានការ​ខុសឆ្គង និង ប្រាសចាក​ពី​ប្រពៃណី ហើយ​ត្រូវបាន​សង្គម​ស្អប់ខ្ពើម និង ពេបជ្រាយ​ថែមទៀត ។ ជាក់ស្តែង​ដូច​គ្រួសារ​វ័យ​ចំណាស់​មួយគូ​នេះ ស្ថិតនៅ​ក្នុងភូមិ​ពោធិ៍ ឃុំ​ក្រាំងស្វាយ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ដែលមាន​កូន​មួយ​កន្ទេល​ទៅហើយ និង ធ្លាប់​តែមាន​សុភមង្គល​ហើយ​រស់នៅ​ជួបជុំ​ប្តី ប្រពន្ធ កូន ចៅ អស់​រយៈពេល​ជាង ២០ ឆ្នាំ ស្រាប់តែ​ឥឡូវនេះ​ប្រពន្ធ​មានគំនិត​បែកឆ្វេង​ទៅ​លួចលាក់ មាន​សហាយស្មន់​ជាមួយ​សាច់ញាតិ​ជិតខាង ដែល​ត្រូវជា​ជីតា​សាច់ថ្លៃ ហើយ​បាន​នាំ​ប្រុស​ស្នេហ៍​វ័យ​ចំណាស់​រូបនោះ​មក​ដេករួមរ័ក​លើផ្ទះ​ទាំង​ថ្ងៃ ទាំងយប់​នៅពេលដែល​ប្តី​របស់ខ្លួន​មិន​នៅផ្ទះ ដោយ​មិន​មានការ​កោតញញើត​ក្រែង​ចិត្ត​ប្តី ឬ កូនចៅ​បន្តិច​ឡើយ ។

រត់តាម​សហាយ ចោល​ប្តី​-​កូន ឲ្យ​រស់នៅ​កណ្តោចកណ្តែង​

បើទោះបីជា​មានផ្ទះ​ធំ​ទ្រនំ​ខ្ពស់ តែបើ​ពុំមាន​សុភមង្គល​ក្នុង​គ្រួសារ​នោះ​ក៏​មិន​ប្រសើរ​ដែរ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដែល​ត្រូវជា​ម្តាយ​របស់​នាង ច​.​ន​. ដែល​ជាប់​ឈ្មោះ​ជា​ស្ត្រី​ផិតក្បត់​ប្តី​បាន​រៀបរាប់​ប្រាប់​អ្នកយកព័ត៌មាន​របស់​យើង​ទាំង​ហួសចិត្ត​នឹង​កូនស្រី​របស់ខ្លួន​ថា គាត់​មានកូន ៣ នាក់ ស្រី ២ នាក់ និង កូនប្រុស​ម្នាក់ ហើយ​នាង​ដែល​ផិតក្បត់​ប្តី​នេះ​ជា​កូនច្បង​ក្នុង​គ្រួសារ ។ បន្ទាប់ពី​កូនស្រី​ច្បង​ធំ​ដឹងក្តី​ពេញវ័យ​រៀបការ​ហើយ​នោះ គាត់​ក៏បាន​រៀបចំ​ទុកដាក់​ឱ្យមាន​ប្តីសី​នៅ​ឆ្នាំ ១៩៩៤ ជាមួយ​បុរស​ម្នាក់​នៅក្នុង​ភូមិ​ជាមួយគ្នា​ដែរ ។ ក្រោយ​ចាប់ដៃគ្នា​ជា​ប្តី​ប្រពន្ធ​គ្រួសារ​កូនៗ​មាន​សុភមង្គល​ណាស់ ហើយ​កូនប្រសា​របស់គាត់​ជា​មនុស្ស​ស្លូតបូត ដឹង​តែ​ពី​ខំប្រឹង​រកស៊ី​ចិញ្ចឹម​ប្រពន្ធ​កូន​រហូតដល់​ពួកគេ​បង្កើតកូន​បាន​ចំនួន ៦ នាក់ រីឯ​ជីវភាព​គ្រួសារ​ក៏​គ្រាន់បើ​ដែរ មិន​ចាញ់​អ្នក​ក្នុងភូមិ​ជាមួយ​នោះទេ ។

រត់តាម​សហាយ ចោល​ប្តី​-​កូន ឲ្យ​រស់នៅ​កណ្តោចកណ្តែង​

ដូច្នេះ​សុភមង្គល​ក្នុង​គ្រួសារ​របស់​នាង​ក៏​ចេះតែ​កើតមាន​រហូតដល់​កូន​ធំៗ​បាន​រៀនសូត្រ​គ្រប់ៗ​គ្នា និង បានកូន​ការ ហើយ​មាន​ទាំង​ចៅ​ថែមទៀត ។ អង្គុយ​ជាមួយ​ចៅៗ ស្ត្រី​ជា​ម្តាយ​របស់​នាង​ផិតក្បត់​នេះ​បាន​រៀបរាប់​បន្តទៀតថា លុះ​ចូលដល់​ប្រមាណ​បី​ឆ្នាំ​ចុង​ក្រោយនេះ​កូនប្រសា​របស់គាត់​បាន​ចេញទៅ​ធ្វើ​ការងារ​សំណង់ និង ធ្វើ​ជាជាង​ផ្ទះ​ឱ្យគេ​តាម​ស្រុកភូមិ​ខេត្ត​ក្រុង​នានា​បាត់ៗ​ពី​ផ្ទះ មួយ​សបា្តហ៍ ឬ ក៏​មួយខែ​ទើប​មកលេង​ផ្ទះ​ម្តង ។ ដោយឡែក​កូនស្រី​របស់​គាត់​ឈ្មោះ ច​.​ន​. នេះ នៅផ្ទះ​មើលថែ​កូនៗ តែ​នាង​ក៏បាន​រាប់អាន​ជាមួយ​បុរស​ម្នាក់​ឈ្មោះ ឡ​.​ធ​. អាយុ ៥៧ ឆ្នាំ មាន​ប្រពន្ធ​កូន​មួយ​កន្ទេល​ដូចគ្នា​ហើយ​ដែរ ដែលជា​អ្នកជិតខាង និង ត្រូវជា​ជីតា​សាច់ថ្លៃ​ផងដែរ ។

រត់តាម​សហាយ ចោល​ប្តី​-​កូន ឲ្យ​រស់នៅ​កណ្តោចកណ្តែង​

ការ​រាប់អាន​របស់​កូនស្រី និង ជីតា​សាច់ថ្លៃ អស់​រយៈពេល​ជា​យូរ​ឆ្នាំ ហើយ​បាន​លេងសើច​ជាមួយគ្នា​លូក​លើ​ស្មើ​ក្រោម ចេញចូល​ផ្ទះ​គ្នា​ទៅវិញទៅមក​ព្រឹកល្ងាច ។ ប្តី​របស់​នាង​ឃើញ​សកម្មភាព​រាប់អាន​បែបនេះ​ដូចជា​ស្និទ្ធស្នាល​ពេក មិនសូវ​ស្រួល​នោះ ក៏​និយាយប្រាប់​ប្រពន្ធ​កុំឱ្យ​ញាតិ​មើល​មក​មិន​សម តែ​កូនស្រី​របស់គាត់​បែរជា​ខឹង​ប្តី និង ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់ ហើយ​ចោទ​ប្តី​ថា « ប្តី​ប្រចណ្ឌ​ជាមួយ​ជីតា​ខ្លួនឯង »​។ ដោយ​ប្តី​របស់​នាង​ជា​មនុស្ស​ស្លូត​មិន​ខុស​អី​ពី​ពាក្យ​គេ​និយាយថា «​ស្លូតស្លាប់​កាច​មានភ័ព្វ​អាយុ​យឺនយូរ​» នោះទេ ។ ទំនាក់ទំនង​រាប់អាន​គ្នា​រវាង​កូនស្រី​របស់គាត់​ជាមួយ​ជីតា​សាច់ថ្លៃ​នេះ ចេះតែ​បន្ត​រហូត ហើយ​កាន់តែ​ស៊ីជម្រៅ​ទៅៗ ។

ក្រោយមកទៀត ពេល​ប្តី​ចេញទៅ​ធ្វើ​ការងារ​រកស៊ី​បាត់ កូនស្រី​របស់គាត់​បាន​បើកដៃ​ឱ្យ​សហាយ​វ័យ​ចំណាស់​របស់​នាង​ចូលមក​ដេក​ក្នុង​មុង​ជាមួយ​ដល់​ក្នុងផ្ទះ ។ ពេលនោះ​កូនប្រុស​របស់​នាង​ឃើញ​កំពុងតែ​រួមរ័ក​គ្នា ហើយ​បាន​យក​រឿងនេះ​មក​ប្រាប់​គាត់ និង អ្នកជិតខាង​ម្នាក់ទៀត ឱ្យជួយ​ដឹងឮ និង នាំគ្នា​ទៅ​មើលឃើញ​ដូច​អ្វីដែល​ចៅ​បាន​ប្រាប់​ពិតមែន ក៏​ធ្វើឱ្យ​ឆោឡោ​ទាំង​កណ្តាលយប់ ។ ដោយ​អត់ទ្រាំ​មិនបាន​នឹង​ទង្វើ​របស់​កូនស្រី ទោះជា​គាត់​មាន​វ័យចាស់​បន្តិច​ក្តី គាត់​ក៏​ស្ទុះ​ទៅ​ទះកំផ្លៀង​កូនស្រី​ប៉ុន្មាន​ដៃ និង ប្រដៅ​ណែនាំ​សព្វបែបយ៉ាង​ឱ្យ​ចេះ​កែខ្លួន ហើយ​ពួកគាត់​ក៏​មិន​ប្តឹងប្តល់​តាមផ្លូវ​ច្បាប់​ចំពោះ​រឿងនេះ​ដែរ បន្ទាប់ពី​រឿងនេះ​កើតឡើង​ក៏​ពុំមាន​អ្នកណាម្នាក់​ជា​សាច់ញាតិ​រាយការណ៍​ឱ្យ​ប្តី​របស់​នាង​(​កូនប្រសា​) បានដឹង​នោះទេ រង់ចាំ​គេ​វិលត្រឡប់​មកពី​រកស៊ី​វិញ ចាំ​និយាយ​លួងលោម ។

រត់តាម​សហាយ ចោល​ប្តី​-​កូន ឲ្យ​រស់នៅ​កណ្តោចកណ្តែង​

ស្ត្រី​ជា​ម្តាយ​បាន​រៀបរាប់​បន្តទៀតថា បន្ទាប់ពី​មានរឿង​មិនទាន់​ស្ងាត់​ផង​នោះ មិនដឹងថា​គេ​ទាក់ទង​គ្នា​តាមរបៀប​ណា​ទេ បានតែ​ពីរ​ថ្ងៃ ស្រាប់តែ​កូនស្រី​របស់គាត់ និង ប្រុស​សហាយ​បាន​ពង្រត់គ្នា​ទៅ​បាត់ ម្ខាង​ចោល​ប្តី ចោល​កូន ម្ខាង​ទៀត​ចោល​ប្រពន្ធ ចោល​កូន​ដែរ មកដល់ពេលនេះ​មាន​រយៈពេល​ជិត​បី​ឆ្នាំ​ហើយ​មិនដែល​ឃើញ​គេ​ត្រឡប់​មកលេង​ស្រុក​ម្តងណា​ឡើយ ។ គាត់​មិន​កាន់ជើង​កូនប្រសា​អី​នោះទេ តែ​អ្នកណា​ធ្វើ​ខុស​គាត់​ត្រូវតែ​ស្តីប្រដៅ ម្យ៉ាង​ខ្លួន​ជា​ស្រី​មាន​ប្តី​មាន​ទាំង​កូន​មិនត្រូវ​ធ្វើបែបនេះ​ទេ នាំឱ្យ​ខូច​ឈ្មោះ​ដល់​ស្ត្រី​គេ​ដទៃ​ដែល​គេ​ចេះ​គោរព​ស្រឡាញ់​ប្តី ហើយ​អ្វីដែល​គាត់​ព្រួយបារម្ភ​នោះ​គឺ​ចៅៗ​រស់នៅ​មិនដឹង​កោះ មិនដឹង​ត្រើយ ត្រូវ​បោះបង់​ការសិក្សា​ចោល​អស់ ដើរ​ស៊ីឈ្នួល​គេ​គ្រប់​ច្រកល្ហក​ទាំង​ខ្លួន​នៅ​ក្មេងៗ ។

រត់តាម​សហាយ ចោល​ប្តី​-​កូន ឲ្យ​រស់នៅ​កណ្តោចកណ្តែង​

ដោយឡែក​ចៅៗ​របស់គាត់​វិញ បន្ទាប់ពី​ម្តាយ​របស់​ពួកគេ​ធ្វើ​ខុស​នោះ ពួកគេ​ទ្រហោយំ​អង្វរ​សុំឱ្យ​ម្តាយ​គេ​ត្រឡប់មក​ជួបជុំ​ឪពុក​កូន​វិញ​ដែរ តែ​ម្តាយ​មិន​ត្រឡប់មកវិញ​ទេ សុខចិត្ត​រស់នៅ​ជាមួយ​ប្រុស​ស្នេហ៍​វ័យ​ចំណាស់​នោះ ។ ចំពោះ​បុរស​ជា​ប្តី​របស់​នាង​វិញ​បាន​និយាយ​ឱ្យដឹង​ទាំង​កំហឹង​ថា គាត់​បាន​ចាប់ដៃគ្នា​ជា​ប្តី​ប្រពន្ធ​អស់​រយៈពេល​ជាង ២០ ឆ្នាំ​មកហើយ និង ប្រឹង​រកស៊ី​ចិញ្ចឹម​ប្រពន្ធ​កូន​ឱ្យមាន​ហូបចុក​គ្រប់គ្រាន់ តែបើ​គេ​អស់ចិត្ត​នឹង​គាត់​ទៅហើយនោះ​ឱ្យគេ​ទៅ​ចុះ ហើយ​កុំ​សង្ឃឹមថា ពេល​អស់​ផ្លូវ​វិល​វិញ គាត់​មិន​ទទួល​ឡើយ សុខចិត្ត​នៅ​ពោះម៉ាយ​ប្រសើរ​ជាង​រស់នៅ​ជាមួយ​ប្រពន្ធ​ផិតក្បត់​បែបនេះ ៕​លី​លី​

 

​ ​ ​ ​