ឈ្មួញ​នៅតែ​អាច​ដឹកឈើ​ពី​ស្រុក​កោះ​ញែក ឆ្លងកាត់​ស្រុក​លំផាត់​ចូល​ក្រុង​បាន​លុង​តាម​អំពើ​ចិត្ត​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវ​លេខ​៧៦ ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ឈ្មួញ​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ឆ្លង​ចូល​ស្រុក​លំផាត់ ឆ្ពោះទៅ​ក្រុង​បាន​លុង ខេត្ត​រន​ត​គិរី ដោយ​គ្មាន​ការរំខាន​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ឡើយ​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​បាន​ឲ្យ​ដឹងថា លោក ហុង វណ្ណ​រាន នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ទទួលបន្ទុក​៣​ស្រុក​-​ក្រុង គឺ​ស្រុក​លំផាត់ ក្រុង​បាន​លុង និង​ស្រុក​កូន​មុំ មិនដែល​ចាត់វិធានការ​បង្ក្រាបរ​ថ​យន្ត​ដឹកឈើ​របស់​ឈ្មួញ​នោះទេ​។ ចំណែក​លោក កែប កត់ មេ​រដ្ឋបាល​ព្រៃឈើ​ថ្មី​នៃ​ខេត្តរតនគិរី ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ដែល​បន្ត​រាលដាល​យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃនេះ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា មាន​រថយន្ត​ម៉ាក​ធុន​ដ្រា​១​គ្រឿង ពណ៌​ទឹកប្រាក់​គ្មាន​ស្លាក​លេខ ផ្ទុក​ឈើ​ប្រណីត​ពេញ​បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៦ ចេញពី​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ហើយ​ឡើងមក​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧៨ ចូល​ក្រុង​បាន​លុង​។ រថយន្ត​ដឹង​ជញ្ជូន​ឈើ​ប្រណីត​នោះ បាន​បើកបរ​ឆ្លងកាត់​បា​រ៉ា​ស់​របស់​សមត្ថកិច្ច​ចម្រុះ​ឆែកឆេរ​អាវុធជាតិផ្ទុះរ​បស់​គណៈបញ្ជាការ​ឯកភាព​ខេត្ត​នៅ​ចំណុច​ភូមិ​តា​អង ឃុំ​តា​អង ស្រុក​កូន​មុំ និង​ឆ្លង​កាត់មុខ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​លំផាត់ ប៉ុន្តែ​សមត្ថកិច្ច​ចម្រុះ​មិន​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ លោក ហុង វណ្ណ​រាន នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រុង​បាន​លុង ស្រុក​កូន​មុំ និង​ស្រុក​លំផាត់ ប្រហែល​ទទួលបាន​ផលប្រយោជន៍​ពី​ម្ចាស់​រថយន្ត​ដឹកឈើ​ខុសច្បាប់​នោះ ទើប​ធ្វើជា​មើលមិនឃើញ​បទល្មើស​កើតឡើង​មុខ​ស្នាក់ការ​របស់ខ្លួន​។

តាម​ប្រភពពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា រថយន្ត​ធុន​ដ្រា​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​នោះ គឺជា​របស់​ឈ្មួញ​ម្នាក់​ឈ្មោះ ប៉ែត ដែលជា​អ្នក​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ច្រើន​ឆ្នាំ​មកហើយ មិន​ដែលមាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ទេ​។ មន្ត្រីរាជការ​ក្នុង​ខេត្តរតនគិរី សង្ស័យថា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទំនងជា​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​ឈ្មោះ ប៉ែត ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​រូបនេះ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ពី​ស្រុក​កោះ​ញែក ឆ្លងកាត់​ស្រុក​លំផាត់​ចូល​ក្រុង​បាន​លុង យ៉ាង​រលូន​។ ប្រសិនបើ​ឈ្មោះ ប៉ែត មិន​បង់លុយ​ប្រចាំ​ជើង​ឬ​ប្រចាំខែ​ឲ្យ​លោក ហុង វណ្ណ​រាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេនោះ ប្រាកដជា​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​យ៉ាង​ទាន់ហន់​ជាមិនខាន​៕

W@t-17124