​លោក សាល កាប់​ឈើ​យកទៅលក់​នៅ​ប្រទេស​យួន​ជ្រក​ក្រោម​ឥទ្ធិពល​ឧកញ៉ា ទ្រី ភាព​

សកម្មជន​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​បាន​រាយការណ៍​មក​ថា ឈ្មួញ​ឈើ​ឈ្មោះ​សាល កំពុង​កាក់កប​ជាមួយ​បទល្មើស​ព្រៃឈើ​ដោយ​យកឈ្មោះ​ក្រុមហ៊ុន​លោក​ឧកញ៉ា ទ្រី ភាព ដើរ​កាប់​ឈើ​ពាសវាល​ពាសកាល​ពេញ​ព្រៃ​នៅក្នុង​ទឹកដី​ស្រុក​កែវ​សីមា ស្រុក​អូររាំង និង​មួយផ្នែក​ទៀត​នៅក្នុង​ភូមិ​អ​ន្ទ្រ​ង ឃុំ​ពូ​ជ្រៃ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ឈ្មួញ​ឈ្មោះ សាល​ដែល​គេ​ស្គាល់​ថា​ជា​មេកា​របស់​ក្រុមហ៊ុន​ដាយ​ណា​ម​បាន​យកឈ្មោះ​ក្រុមហ៊ុន​ទ្រី​ភាព​ទៅធ្វើជា​ខែល​ដើម្បី​កាប់​ឈើ​ប្រណីត ខណៈដែល​ក្រុមហ៊ុន​ទ្រី​ភាព​ធ្លាប់បាន​ប្រកាស​ច្រើនដង​ហើយ​ថា​ក្រុមហ៊ុន​ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ជំនួញ​ឈើ​ទៀត​ទេ​។​

ប្រភពព័ត៌មាន​ពី​ខេត្តមណ្ឌលគិរី​បាន​បញ្ជាក់ថា​សកម្មភាព​កាប់​ឈើ​បាន​ប្រព្រឹត្ត​រាល់ថ្ងៃ ពី​សំណាក់​ឈ្មួញ​ច្រើន​នាក់ តែ​អ្នក​ដែលមាន​ឥទ្ធិពល​ជាងគេ​គឺ​ឈ្មួញ​ឈ្មោះ សាល ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​បទល្មើស​ព្រៃ​ឈើ​បាន​កើតឡើង​នៅ​ចំណុច​ភូមិសាស្ត្រ ក្បាល អូរ​ម៉ែ​ធុ ក្រង់​គុយ ក្រង់​ត្រាច ពាម​ក្រាយ ពាម​អូរ​តូ ភ្នំ​ង៉​ត ក្បាល​អូរ​ខ្ញែ​ង អូរ​ម៉ាញ និង​តា​ប៉ោក​ជាដើម​។ សកម្មជន​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​បាន​បញ្ជាក់ថា សព្វថ្ងៃនេះ​មាន​រណារយន្ត​កំពុង​កាត់ឈើ​ប្រមាណ​ជាង​៤០០​គ្រឿង ត្រូវ​ឈ្មួញ​នាំចូល​ក្នុងព្រៃ​អារច្រៀក​យ៉ាង​អនាធិបតេយ្យ ហើយ​ឈើ​ភាគច្រើន​ជា​ប្រភេទ​សុ​ក្រំ ផ្ចឹក និង ធ្នង់ បេង នាងនួន​ជាដើម​។​

ចំពោះ​បញ្ហា​នេះ​អាជ្ញាធរ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅ​ខេត្តមណ្ឌលគិរី ជាពិសេស វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី​ដែល​ទើបតែ​ទទួល​តំណែង​ថ្មី​ត្រូវ​ប្រជាពលរដ្ឋ​ខេត្តមណ្ឌលគិរី​រិះគន់ថា​មិន​យកចិត្តទុកដាក់​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បទល្មើស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​កើតឡើង​រាល់ថ្ងៃ និង​មាន​ឈ្មួញ​ជាច្រើន តែ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បង្ក្រាបបាន​តិចតួច​ប៉ុណ្ណោះ ហើយ​ភាគច្រើន​ជា​ករណី​តូចតាច ខណៈ​បទល្មើស​ព្រៃឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ​មន្ត្រី​ជំនាញ​មិន​ហ៊ាន​បង្ក្រាប​នោះទេ​៕

wood_sal1 (2) KA-23-09-2015-39