លោក លី ជូ​បៀ​ង នៅ​ពីក្រោយ​សិប្បកម្ម​កែច្នៃ​ឈើ​ក្នុង​ក្រុង​បាត់ដំបង

ប្រភពពី​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា មាន​សិប្បកម្ម​កែច្នៃ​ឈើ​៣​កន្លែង​ក្នុង​ក្រុង​បាត់ដំបង បាន​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ចូលមក​កែច្នៃ​តាម​អំពើ​ចិត្ត ហើយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ មន្ត្រីរាជការ​ក្នុង​ក្រុង​បាត់ដំបង សង្ស័យថា លោក លី ជូ​បៀ​ង នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តបាត់ដំបង គឺជា​អ្នក​នៅ​ពីក្រោយ​សិប្បកម្ម​កែច្នៃ​ឈើ​ទាំង​៣​កន្លែង​នោះ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ បើ​គ្មាន​ការបើក​ដៃ​ពី​លោក លី ជូ​បៀ​ង ទេនោះ គឺ​ម្ចាស់​សិប្បកម្ម​កែច្នៃ​ឈើ​ទាំង​៣​កន្លែង​មិនអាច​ដំណើរការ​យ៉ាង​សុខ​ស្រួល​បែបនេះ​ឡើយ​។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​សិប្បកម្ម​កែច្នៃ​ឈើ​ទាំង​៣​កន្លែង​ខាងលើ​បាន​ឲ្យ​ដឹងថា ក្នុង​មួយខែៗ​ពួកគាត់​ឃើញ​រថយន្ត​ដឹកឈើ​ប្រណីត​ជាច្រើន​គ្រឿង​ចូលទៅក្នុង​រោង​សិប្បកម្ម​ទាំងនោះ ហើយ​ទម្លាក់​ឈើ​ប្រណីត​ជាច្រើន​ម៉ែត្រគូប​។ ប៉ុន្តែ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិនដែល​ខ្វល់​ពី​រឿង​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ចូលទៅក្នុង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ទាំង​នោះទេ ព្រោះ​ម្ចាស់​សិប្បកម្ម​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្រុង​បាត់ដំបង និង​លោក លី ជូ​បៀ​ង នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តបាត់ដំបង ប្រហែល​ទទួលផល​ប្រយោជន៍​ជាប្រចាំ​ទើប​មិន​ព្រម​បើកភ្នែក​មើល​បទល្មើស​ដែល​កើតឡើង​យ៉ាង​ពេញបន្ទុក​។

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា រោង​សិប្បកម្ម​កែច្នៃ​ឈើ​ទី​១​មាន​ម្ចាស់​ឈ្មោះ ជី នៅក្នុង​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក រោង​សិប្បកម្ម​ទី​២​មាន​ម្ចាស់​ឈ្មោះ អូន នៅក្នុង​ភូមិ​ចម្ការ​សំរោង​១ សង្កាត់​ចម្ការ​សំរោង ក្រុង​បាត់ដំបង និង​រោង​សិប្បកម្ម​ទី​៣​មាន​ម្ចាស់​ឈ្មោះ វាំង នៅក្នុង​ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង​។ ម្ចាស់​រោង​សិប្បកម្ម​ទាំង​៣​កន្លែង​នេះ​នាំចូល​ឈើ​ប្រណីត​ខុសច្បាប់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ដោយសារ​មានការ​បើកដៃ​ពី​លោក លី ជូ​បៀ​ង នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តបាត់ដំបង​។ បញ្ហា​នេះ​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ មិនត្រូវ​មើលរំលង​នោះទេ ព្រោះ​លោក លី ជូ​បៀ​ង មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តបាត់ដំបង កំពុង​ធ្វើជា​ខ្នងបង្អែក​ឲ្យ​ឈ្មួញ​កែច្នៃ​ឈើ​ប្រណីទ​ខុសច្បាប់ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​៕

hbgvbb1 fgtfrdccc