សម្តេច​ហ៊ុនសែន​៖ នៅពេល​បញ្ចប់​ការបោះបង្គោល​ព្រំដែន​គោក​រួចរាល់ កម្ពុជា និង​វៀតណាម នឹង​បោះ​បង្គោលព្រំ​ដែនទឹក​

ខេត្តរតនគិរី: ក្នុង​ពិធី​សម្ពោធ​បង្គោលព្រំ​ដែនកម្ពុជា​វៀតណាម លេខ​៣០ នៅ​ច្រកព្រំដែន​អន្តរជាតិ អូ​រយ៉ា​ដាវ ក្នុង​ខេត្តរតនគិរី នា​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៥ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុនសែន បាន​លើកឡើងថា មកដល់ពេលនេះ ដំណើរការ​បោះបង្គោល​កំ​ណ​ត់​ព្រំដែន​គោក រវាង​ប្រទេស​កម្ពុជា និង​វៀតណាម នៅសល់តែ ១៦,៨% ប៉ុណ្ណោះ​។ នៅពេល​ដំណើរការ​រួចរាល់​លើ​ការកំណត់​បង្គោល​ព្រំដែន​គោក ប្រទេស​ទាំងពីរ នឹង​ចាប់ផ្តើម​ដំណើរការ​បោះបង្គោល កំណត់ព្រំដែន​ទឹក​បន្ត​ទៀត​។​

​ចំពោះមុខ​នាយករដ្ឋមន្ត្រី​វៀតណាម នា​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ​នេះ សម្តេច​តេ​ជោ ហ៊ុនសែន បាន​លើកឡើងថា "​ការកសាង​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ដែល​រហូតមក​ដល់ពេលនេះ នៅសល់​ប្រមាណ ១៦,៨% ទៀត​ប៉ុណ្ណោះ នឹង​បញ្ចប់​បាន​ព្រំដែន​គោក​ទាំងស្រុង​ខ្សែ​ព្រំដែន​កម្ពុជា វៀតណាម ដែលមាន​ប្រវែង​សរុប ១២៧០ គីឡូម៉ែត្រ ហើយ​បន្ទាប់​ពីនេះ យើង​នឹង​ឈានទៅ​ចរចា​កំណត់ព្រំដែន​សមុទ្រ ជា​បន្តទៀត​"​។​

​ជាមួយគ្នា​នោះ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បង្ហាញ​ការ​ជឿជាក់ថា កម្ពុជា និង​វៀតណាម ក៏​នឹង​ឈានទៅ​សម្រេចបាន​នូវ​ការកំណត់​ព្រំដែន​សមុទ្រ​មួយ​ពេញលេញ គ្មាន​វិវាទ ដោយ​ឈរលើ​គោលការណ៍​ច្បាប់ ក្របខណ្ឌ​គតិយុត្តិ​អន្តរជាតិ​ជា​មូលដ្ឋាន​។​

​សម្តេច​តេ​ជោ ហ៊ុនសែន បាន​គូសបញ្ជាក់​ជាថ្មី​ថា "​រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​ប្រកាន់​ជំហ​ដាច់ខាត ក្នុង​ការកសាង​ព្រំដែន​កម្ពុជា និង​វៀតណាម ដែល​ត្រឹមត្រូវ និង​ច្បាស់លាស់ ដែល​ឈរលើ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ព្រមទាំង​អនុវត្ត​ជា​អន្តរជាតិ ស្តីពី​ការទទួលស្គាល់​ខ្សែ​ព្រំដែន មិន​កែប្រែ ដែល​អាណានិគមនិយម​បារាំង បាន​បន្សល់ទុក​ឲ្យ ហើយ​ដែល​រដ្ឋាភិបាល​កម្ពុជា គ្រប់​ជំនាន់​ជា​បន្តបន្ទាប់ បាន​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​នេះ​រហូតមក ដើម្បី​បញ្ចប់​បញ្ហា​ព្រំដែន​គោក និង​ព្រំដែន​សមុទ្រ រវាង​ប្រទេស​ទាំងពីរ​"​។​

​សម្តេច​ហ៊ុនសែន បាន​លើកឡើងថា ការសម្ពោធ​បង្គោល​ព្រំដែន ជា​បន្តបន្ទាប់​មកនេះ គឺជា​ការឆ្លុះបញ្ចាំង​យ៉ាងច្បាស់ អំពី​ការខិតខំ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​រវាង​ប្រទេស​យើង​ទាំងពីរ ដើម្បី​ឈានទៅ​បញ្ចប់​បញ្ហា​ព្រំដែន​ទាំងស្រុង នៅពេល​ខាងមុខ​។ កិច្ចការ​នេះ បាន​បោះ​ជំ​ហ៊ាន​ទៅ​មុខជា​លំដាប់ ទោះបីជា​កន្លងមក បាន​ជួប​ប្រឈម​នឹង​ការលំបាក ព្រមទាំង​ភាពស្មុគស្មាញ​មួយចំនួន​ក្តី​។​

​សម្តេច​ហ៊ុនសែន បាន​គូសបញ្ជាក់ថា ការ​កាត់​ខ្សែបូ សម្ពោធ​​បង្គោល​​ព្រំដែន កម្ពុជា​វៀតណាម លេខ​៣០ នៅ​ខេត្តរតនគិរី និង​បង្គោល​ព្រំដែន កម្ពុជា​វៀតណាម លេខ ២៧៥ នៅ​ខេត្តតាកែវ នៅថ្ងៃនេះ នឹង​ចំណែក​ដ៏​ធំធេង​ក្នុងការ​ប្រែក្លាយ​តំបន់​ព្រំដែន ដែលមាន​ភាពត្រឹមត្រូវ និង​ច្បាស់លាស់​របស់​យើង ឲ្យ​ទៅជា​តំបន់​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ដើម្បី​វិបុលភាព ភាពសុខក្សេមក្សាន្ត និង​ភាព​សុខដុម​រម្យ​នា​នៃ​ប្រទេស និង​ប្រជាជន​កម្ពុជា និង​វៀតណាម ក្នុងនាម​ជា​អ្នកជិតខាង​ល្អ ជា​មិត្ត​ល្អ និង​ជា​ដៃគូ​យុទ្ធសាស្ត្រ ក្នុង​កិច្ចអភិវឌ្ឍន៍​។​

​សម្តេច​តេ​ជោ​ហ៊ុនសែន បាន​គូសបញ្ជាក់ថា "​សមិទ្ធផល ដែល​យើង​រួមគ្នា​សម្ពោធ​នាពេលនេះ គឺជា​និមិត្តរូប​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​គ្នា​យ៉ាង​ស្និតរ​មួ​ត​រវាង​ប្រទេស​ទាំងពីរ ដើម្បី​ប្រែក្លាយ​តំបន់​ព្រំដែន ដែល​ធ្លាប់តែ​ជា​តំបន់​ដែល​គេ​បោះបង់ចោល ជា​តំបន់​គ្មាន​មនុស្ស​រស់នៅ ជា​តំបន់​គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ និង​គ្មាន​ការអភិវឌ្ឍន៍​អ្វី​សោះ​នោះ ឲ្យ​ទៅជា​តំបន់ ដែល​ប្រកបដោយ​សក្តានុពល​សេដ្ឋកិច្ច តំបន់​ពាណិជ្ជកម្ម ការវិនិយោគ និង​ទេសចរណ៍ ដែល​ខ្ញុំ​រំពឹងថា ក្នុងពេល​អនាគត នឹង​ក្លាយទៅជា​របៀង​សេដ្ឋកិច្ច​សំខាន់​មួយ​ថែម​ទៀតផង​"​។​

​ក្នុងឱកាស​នោះ សម្តេច​តេ​ជោ​ហ៊ុនសែន ក៏បាន​ប្រកាសថា នឹង​ខិតខំ​ប្រឹងប្រែង​យ៉ាង​ពេញទំហឹង​ជាមួយនឹង​រដ្ឋាភិបាល​វៀ​ត​ណា​ម ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​យើង​ទាំងពីរ មាន​ខ្សែបន្ទាត់​ព្រំដែន​សមស្រប ជា​ព្រំដែន​អន្តរជាតិ​ពិតប្រាកដ ដោយ​ប្រែក្លាយ​ខ្សែ​ព្រំដែន ដែលមាន​តែ​លើ​ផែនទី ឲ្យ​ទៅជា​បង្គោល​ព្រំដែន នៅ​លើដី​ជាក់ស្តែង ហើយ​ខ្សែ​ព្រំដែន​នេះ ត្រូវ​ដើរ​ស្របគ្នា​ទៅនឹង​ការកាន់កាប់​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​បណ្តោយ​ព្រំដែន ដើម្បី​បញ្ចប់​បាតុភាព និង​ប្រែក្លាយ​តំបន់​ព្រំដែន​រវាង​ប្រទេស​យើង​ទាំងពីរ ឲ្យ​ទៅជា​តំបន់​គ្មាន​ការភ័យខ្លាច តំបន់​មានការ​អភិវឌ្ឍន៍ រីកចំរើន តំបន់​ប្រកបដោយ​សន្តិភាព ភាព​ក្សេមក្សាន្ត និង​សុខដុម​រម្យ​នា​។​

​សូម​រម្លឹកថា បន្ទាប់​កាត់​ខ្សែបូ បើកសម្ពោធ​បង្គោលព្រំ​ដែនកម្ពុជា​វៀតណាម លេខ​៣០ នៅ​ច្រកព្រំដែន អូ​រយ៉ា​ដាវ ក្នុង​ខេត្តរតនគិរី នា​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ​នេះ​រួចមក ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ទាំងពីរ ក៏​ទៅ​កាត់​ខ្សែបូ បើកសម្ពោធ​បង្គោល​ព្រំដែន កម្ពុជា​វៀតណាម លេខ​២៧៥ នៅ​ច្រកព្រំដែន ភ្នំ​ដិ​ន ក្នុង​ខេត្តតាកែវ នា​រសៀល​ថ្ងៃទី​២៦ ខែធ្នូ​នេះ​ផងដែរ​៕​

សម្តេច​ហ៊ុនសែន​៖ នៅពេល​បញ្ចប់​ការបោះបង្គោល​ព្រំដែន​គោក​រួចរាល់ កម្ពុជា និង​វៀតណាម នឹង​បោះ​បង្គោលព្រំ​ដែនទឹក​

សម្តេច​ហ៊ុនសែន​៖ នៅពេល​បញ្ចប់​ការបោះបង្គោល​ព្រំដែន​គោក​រួចរាល់ កម្ពុជា និង​វៀតណាម នឹង​បោះ​បង្គោលព្រំ​ដែនទឹក​

សម្តេច​ហ៊ុនសែន​៖ នៅពេល​បញ្ចប់​ការបោះបង្គោល​ព្រំដែន​គោក​រួចរាល់ កម្ពុជា និង​វៀតណាម នឹង​បោះ​បង្គោលព្រំ​ដែនទឹក​