ចាប់​ចោរលួច​ទុយោ​បូមទឹក ម្នាក់​នៅ​ស្រុក​កៀនស្វាយ​

កណ្តាល: សមត្ថកិច្ច ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដីឥដ្ឋ បាន​ល្បាត​និង​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ពីបទ​លួច​ទុយោ​បូមទឹក​។ ការឃាត់ខ្លួន​នេះ​បានកើត​ឡើង​កាល​​វេលា​ម៉ោងជាង​៤​រសៀល ថ្ងៃទី ២៥ ខែ ធ្នូ  ឆ្នាំ ២០១៥​នៅ ចំណុច​ភូមិ​ស្ដៅ​កន្លែង​៤ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយខេត្តកណ្ដាល ។​

​ជនសង្ស័យ​មានឈ្មោះ នៅ សុ​ភ័​ក្រ ភេទ ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅភូមិ​កណ្ដាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។ ដែលជនរងគ្រោះ​ឈ្មោះ ភី ភា ភេទ ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ភូមិឃុំ​កើតហេតុ​ខាងលើ មុខរបរ កសិករ ។​

​មុនពេល​កើតហេតុ​គឺ​ជនរងគ្រោះ​បាន​ទុក​បូមទឹក​នៅក្នុង​ចំការ ដាំ​បន្លែ​ចំនួន​បី​ដុំ​ប្រវែងប្រហែល​១០០​ម៉ែត្រ ក៏​ត្រូវបាន​ជនសង្ស័យ​លួច​ច្រកចូល ទៅក្នុង​បាវ​លើកដាក់លើ​ម៉ូតូ​បម្រុង​និង​ជិះ​ចេញ ជនរងគ្រោះ មក​ទាន់​ក៏បាន​ចាប់​ឃាត់ខ្លួនបញ្ជូនទៅ​ឲ្យ​សមត្ថកិច្ច ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

​វត្ថុតាង​ចាប់បាន​រួមមាន ទុយោ​ពណ៌​ខ្មៅ​ទំហំ​៥​ស​.​ម ប្រវែង​១០០​ម៉ែត្រ ម៉ូតូ​ម៉ាក​ហុងដាឌឺ​លុ​ច្ស​ចាស់​១​គ្រឿង ពាក់​ស្លាក លេខ ថ​.៥៣៦១-​ភព​១​។ បច្ចុប្បន្ន​ជនសង្ស័យត្រូវបាន​ប្រគល់​ឲ្យ​សមត្ថកិច្ច ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដីឥដ្ឋ ធ្វើការ​សួរនាំនិង​បញ្ជូនមក​អធិការដ្ឋាន​នគរបាល ស្រុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

ចាប់​ចោរលួច​ទុយោ​បូមទឹក ម្នាក់​នៅ​ស្រុក​កៀនស្វាយ​