យុវជន​ពីរ​នាក់ ត្រូវ​នគរបាល​ក្រុងព្រះសីហនុ ឃាត់ខ្លួន ពីបទ​អំពើ​លួច​គាស់​ផ្ទះ​

ព្រះសីហនុ: យុវជន​ពីរ ដែលជា​បងប្អូន​ថ្លៃ​នឹង​គ្នា បានធ្វើ​សកម្មភាព ចូលទៅ​លួច​សម្ភារៈ​ក្នុង​ផ្ទះមួយ ដែល​គ្មាន​មនុស្ស​នៅ ត្រូវបាន​នគរបាល​ក្រុងព្រះសីហនុ ឃាត់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​ឆ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ខាងក្រោយ​តុលាការ សាលាដំបូង​ខេត្ត​ព្រះសីហនុ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​

​មន្ត្រីនគរបាល​ក្រុងព្រះសីហនុ បានឱ្យដឹងថា ជនសង្ស័យ ២​នាក់​នោះ ឈ្មោះ វិច ស៊ី​លេ​តា ហៅ ចិន ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ និង​ម្នាក់ទៀត ឈ្មោះ អៀម ពេជ្រ ភេទ​ប្រុស អាយុ ២០ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ ជនសង្ស័យ​ទាំង ២​នាក់ ស្នាក់នៅ​បណ្តោះអាសន្ន ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។

​ជនសង្ស័យ​ទាំង ២​នាក់​នោះ បានធ្វើ​សកម្មភាព​លួច​ចូលទៅក្នុង​ផ្ទះមួយ ដែល​មិនមាន​មនុស្ស​នៅ ហើយ​បាន​ប្រមូលយក​សម្ភារៈ​របស់​ម្ចាស់​អស់​មួយចំនួន ដូចជា ទូរ​ស្សន៍​អិ​ល​ស៊ី​ឌី ១​គ្រឿង ធុងបាស ១​ឈុត ព្រមទាំង​សម្ភារៈ​មួយចំនួន​ផ្សេងទៀត​។ សម្ភារៈ​ទាំងនោះ ត្រូវបាន​ជនសង្ស័យ​ទាំងពីរ យកមក​លក់ ហើយ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បានតែ​ម្តង​។​

​ក្រោយពី​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ប៉ូលិស​ក៏បាន​បញ្ជូន​ជនសង្ស័យ រួម​នឹង​វត្ថុតាង មក​ស្នងការដ្ឋាន​នគ​របាល ខេត្ត​ព្រះសីហនុ ដើម្បី​កសាង​សំណុំរឿង​បន្ត និង​បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕​

យុវជន​ពីរ​នាក់ ត្រូវ​នគរបាល​ក្រុងព្រះសីហនុ ឃាត់ខ្លួន ពីបទ​អំពើ​លួច​គាស់​ផ្ទះ​