ហ្វេ​ស​ប៊ុ​ក​សម្តេច​ហ៊ុនសែន មិនមាន​ផ្សាយ​អ្វី​សោះ​ពី​ព្រឹត្តិការណ៍​សម្ពោធ​បង្គោល​ព្រំដែន ថ្ងៃនេះ​

ភ្នំពេញ: ​រហូតដល់​ម៉ោងជាង ២ រសៀល ថ្ងៃ​សៅរ៍ ទី​២៦ ខែធ្នូ ឆ្នាំ​២០១៥ ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ហ៊ុនសែន មិនបាន​ផ្សព្វផ្សាយ​អ្វី​សូម្បីតែ​បន្តិច អំពី​ព្រឹត្តិការណ៍​នៃ​ការសម្ពោធ​បង្គោលព្រំ​ដែនកម្ពុជា​វៀតណាម នៅ​ខេត្តរតនគិរី និង​បង្គោលព្រំ​ដែនកម្ពុជា​វៀតណាម នៅ​ខេត្តតាកែវ ក្រោម​វត្តមាន​របស់​នាយករ​ដ្ឋ​មន្ត្រី​កម្ពុជា និង​វៀតណាម នា​ថ្ងៃទី​២៦ ខែធ្នូ​នេះ​។​

​គេ​មិនដឹងថា មកពី​មូលហេតុ​អ្វី បានជា​ហ្វេ​ស​ប៊ុ​ក​សម្តេច​ហ៊ុនសែន មិន​ផុស​ដំណឹង និង​រូបភាព ដូច​អ្វីដែល​ធ្លាប់ធ្វើ​កន្លងមក ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុនសែន នោះទេ​។​

​ក្នុង​រយៈកាល​ចុងក្រោយ​នេះ នៅលើ​ហ្វេ​ស​ប៊ុ​ក​សម្តេច​ហ៊ុនសែន ឲ្យ​តែមាន​ព្រឹត្តិការណ៍​អ្វីមួយ ដែល​សម្តេច​តេ​ជោ​ហ៊ុនសែន អញ្ជើញ​ចូលរួម​ជា​អធិបតីភាព គឺ​ក្រុមការងារ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច តែងតែ​បង្ហោះ​រូបថត សារ​អក្សរ និង​រហូតដល់​វិ​ដេ​អូ ផ្សាយ​ផ្ទាល់​ថែម​ទៀតផង មិន​ថា នៅក្នុង​ស្រុក​ទេ គឺ​រហូតដល់​ឆ្លង​ប្រទេស ឆ្លង​ទ្វីប ក៏​ក្រុមការងារ​ហ្វេ​ស​ប៊ុ​ក​ប្រមុខ​រាជរដ្ឋាភិបាល ធ្វើការ​សកម្ម​រហូត​ដែរ​។​

​បើ​ថា​តំបន់​ព្រំដែន នៅ​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ដែល​សម្តេច​ហ៊ុនសែន អញ្ជើញ​ទៅ​សម្ពោធ​បង្គោល​ព្រំដែន លេខ​៣០ ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម​នោះ មិនមាន​សេវា​អ៊ិន​ថឺ​ណេ​ត ក៏ដូចជា មិនត្រូវ​។ ណាមួយ បើសិនជា​តំបន់​នោះ មិនមាន​សេវា​អ៊ី​ន​ថឺ​ណេ​ត ក៏​គួរតែ​ក្រុម​ហ្វេ​ស​ប៊ុ​ក​សម្តេច ពេលមកដល់​ទី​រួម​ខេត្ត ឬក៏​វិល​ត្រលប់​មកដល់​កន្លែង​មាន​សេវា​អ៊ី​ន​ថឺ​ណេ​ត ក៏មាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុងការ​ផ្សព្វផ្សាយ​ពី​សកម្មភាព​ថ្នាក់ដឹកនាំ ដូច​អ្វីដែល​កាសែត និង​ទូរទស្សន៍ បានធ្វើ​។​

​សូម​រម្លឹកថា នា​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ​នេះ សម្តេច​ហ៊ុនសែន និង​លោក​ង្វៀន​តាន់​យ៉ុង នាយករដ្ឋមន្ត្រី​វៀតណាម បាន​កាត់​ខ្សែបូ សម្ពោធ​បង្គោល​ព្រំដែន លេខ​៣០ នៅ​ខេត្តរតនគិរី​។ នៅពេល​រសៀល​ថ្ងៃទី​២៦ ខែធ្នូ​នេះ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ទាំងពីរ ក៏បាន​ទៅ​កាត់​ខ្សែបូ សម្ពោធ​បង្គោល​ព្រំដែន លេខ​២៧៥ នៅ​ច្រកព្រំដែន ភ្នំ​ដិ​ន ក្នុង​ខេត្តតាកែវ​។​

​នៅក្នុង​ពិធី​សម្ពោធ​បង្គោលព្រំ​ដែនកម្ពុជា​វៀតណាម លេខ​៣០ នៅ​ច្រកព្រំដែន​អន្តរជាតិ អូ​រយ៉ា​ដាវ ក្នុង​ខេត្តរតនគិរី នា​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៥ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុនសែន បាន​លើកឡើងថា មកដល់ពេលនេះ ដំណើរការ​បោះ​បង្គោល​កំ​ណ​ត់​ព្រំដែន​គោក រវាង​ប្រទេស​កម្ពុជា និង​វៀតណាម នៅសល់តែ ១៦,៨% ប៉ុណ្ណោះ​។ នៅពេល​ដំណើរការ​រួចរាល់​លើ​ការកំណត់​បង្គោល​ព្រំដែន​គោក ប្រទេស​ទាំងពីរ នឹង​ចាប់ផ្តើម​ដំណើរការ​បោះបង្គោល កំណត់ព្រំដែន​ទឹក​បន្ត​ទៀត​៕​

ហ្វេ​ស​ប៊ុ​ក​សម្តេច​ហ៊ុនសែន មិនមាន​ផ្សាយ​អ្វី​សោះ​ពី​ព្រឹត្តិការណ៍​សម្ពោធ​បង្គោល​ព្រំដែន ថ្ងៃនេះ​
ហ្វេសប៊ុកផ្លូវការរបស់​សម្តេចហ៊ុនសែន មិនមានព្រឹត្តិការណ៍ពីព្រំដែនសោះ គិតត្រឹមម៉ោងជាង ២ រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥

ហ្វេ​ស​ប៊ុ​ក​សម្តេច​ហ៊ុនសែន មិនមាន​ផ្សាយ​អ្វី​សោះ​ពី​ព្រឹត្តិការណ៍​សម្ពោធ​បង្គោល​ព្រំដែន ថ្ងៃនេះ​
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន និងលោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន តាន់យ៉ុង ក្នុងពិធីសម្ពោធបង្គោលព្រំដែន លេខ៣០ នៅខេត្តរតនៈគិរី នាព្រឹកថ្ងៃទី២៦ធ្នូ ២០១៥