ឃាត់ខ្លួនអ្នក ទាក់ឆ្កែពីរនាក់ នៅតាខ្មៅ

កណ្តាល៖ កម្លាំងនគរបាលខេត្តកណ្តាល នៅម៉ោងប្រមាណ១៖១០នាទី ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ បានធ្វើការឃាត់ខ្លួនមនុស្សប្រុសពីរនាក់ ខណៈប៉ុនប៉ងលួច ទាក់ឆ្កែអ្នកភូមិ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិព្រែកឫស្សី ឃុំព្រែកឫស្សី ក្រុងតាខ្មៅ។

មន្រ្តីនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ក្នុងករណីប៉ុនប៉ងទាក់ឆ្កែនោះ ទី១.ឈ្មោះ ផាន់ ឧត្តម អាយុ២៤ឆ្នាំ, ទី២.ឈ្មោះ យ៉ុង ទិត្យ អាយុ២២ឆ្នាំ ទំាងពីរនាក់នេះរស់នៅ ភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។

មន្រ្តីនគរបាលបានឲ្យដឹងទៀតថា ក្នុងការបង្ក្រាបនគរបាលដកហូតបាន ម៉ូតូ០១គ្រឿងម៉ាក HONDA125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AN.8407 ខ្សែលួសចងជារង្វង់ភ្ជាប់ ដោយដងឈើ ចំនួន០១ ប្រវែង ១៥០សង់ទីម៉ែត្រ និងស្កុតពណ៌ខ្មៅ ចំនួន០១ដុំ។

បើតាមអ្នកភូមិបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ កម្លាំងអន្តរាគមន៍ក្រុងតាខ្មៅ បានចេញល្បាត ដល់ចំណុចកើតហេតុខាងលើ ក៏បានជួបនឹងមនុស្សប្រុសពីរនាក់ កំពុងជិះម៉ូតូ ដោយមានការសង្ស័យ បានហៅឲ្យឈប់ដើម្បីសួរនាំ ភ្លាមនោះជនទាំងពីរនាក់នេះបាន ជិះម៉ូតូរត់គេចខ្លួន តែត្រូវសមត្ថកិច្ច ឃាត់ខ្លួនបាន រួមទាំងវត្ថុតាងដូចខាងលើបញ្ជូនមក កាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ចជនល្មើស បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកពិតជា បានធ្វើសកម្មភាព ដើរទាក់ឆ្កែរបស់ប្រជាពលរដ្ឋ ពិតប្រាកដមែន៕

ឃាត់ខ្លួនអ្នក ទាក់ឆ្កែពីរនាក់ នៅតាខ្មៅ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត