ជញ្ជីងថ្លឹងទម្ងន់ រថយន្តស្រុកកោះធំ ផ្អាកដំណើរការ តែអ្នកធ្វើឲ្យបាក់ស្ពាន ត្រូវទទួលខុសត្រូវតាមច្បាប់

កណ្តាល៖ ដោយសារតែ ក្រុមអាជីវករ បានទទូចឲ្យ ក្រសួងដកជញ្ជី ថ្លឹងទម្ងន់ រថយន្តលើស ដែលបានដាក់ នៅចំណុចវត្ត កំពង់សំបូរ ភូមិកំពុងសំបូរ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល សូមឲ្យដកចេញវិញ ទើបក្រសួង និងអាជ្ញាធរបាន សម្រេចផ្អាកជញ្ជីង មិនឲ្យដំណើរការថ្លឹងនោះទេ ប៉ុន្តែចំពោះរថយន្តណា ដែលដឹកលើសទម្ងន់ ហើយបង្ករឲ្យបាក់ស្ពាននោះ គឺត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់។

នេះគឺជាការព្រមាន របស់ លោក ម៉ៅ ភិរុណ អភិបាល ខេត្តកណ្តាល នៅក្នុងពិធីផ្សព្វផ្សាយច្បាប់និងបទ ដ្ឋានគតិយុតិ្តនានាពាក់ព័ន្ធ ការងារត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ កាលពីរសៀសថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងបរិវេណសាលាឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ក្រោមអធិបតីភាពលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីសាធារណការនិងដឹកជញ្ជូន និងមានការចូលរួមពីមន្ត្រីមន្ទីរ និងស្ថាប័ណពាក់ព័ន្ធជាច្រើនរូបទៀត និងមានការចូលរួមពីក្រុមអាជីវករជិត ៣០០នាក់ផងដែរ។

នៅក្នុងពិធីនោះលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ ដោយពន្យល់ដល់ក្រុមអាជីវករថា ការដាក់ជញ្ជីងថ្លឹងទម្ងន់ រថយន្តដែលផ្ទុកទម្ងន់លើសនេះ គឺដោយសារតែក្រសួងចង់ ថែរក្សាស្ពានឲ្យបានគង់វង្ស យូរអង្វែង ព្រោះកន្លងមកក្នុងរដូវវស្សានេះ គឺស្ពានបានបាក់ស្រុតជាច្រើនកន្លែង ដោយសារ បងប្អូនអាជីវករដឹកទំនិញលើស ទម្ងន់កំណត់ដែលស្ពានទ្រទ្រង់បាន ប្រសិនបើបងប្អូនដឹកទៅតាមកំណត់នោះ គឺ ជញ្ជីងមិនចាំបាច់ដាក់ក៏បានដែរ ដូច្នេះសូមឲ្យបងប្អូនចូលរួមទាំងអស់គ្នា ដើម្បីប្រយោជន៍ទាំងអស់គ្នា។

ក្នុងនោះលោកក៏បានរំលឹកផងដែរថា ផ្លូវជាតិលេខ ២១បេនេះត្រូវបានប្រគល់ ទៅឲ្យក្រុមហ៊ុនស្ថាបនា ប៉ុន្តែសម្រាប់គ្រោងក្រុមហ៊ុននោះ គឺស្ថាបនាចាប់ពីរង្វង់មូលតាខ្មៅរហូតដល់ត្រឹមតែស្ពានទី៦៥ ក្នុងស្រុកកោះធំតែប៉ុណ្ណោះ គឺប្រវែង៥៥គីឡូម៉ែត្រ ដូច្នេះនៅសល់ចាប់ពីស្ពានទី៦៥ ទៅរហូតដល់ព្រំដែន គឺ មានស្ពានរហូតដល់១២ស្ពាន យើងនិងស្ថាបនាបង្ហើយ ប៉ុន្តែរង់ចាំក្រុមហ៊ុនស្ថាបនាពី លើមករួចរាល់សិនទើបយើងធ្វើបន្ត ដូច្នេះទើបដាក់ជញ្ជីងថ្លឹងទម្ងន់លើស ដើម្បីថែរក្សាស្ពានទាំង១២នេះ ឲ្យប្រើប្រាស់ បានយូរ។

ជាមួយគ្នានោះក្រុមអាជីវករ រកស៊ីដឹកទំនិញតាម រថយន្តបានឡើងសំណូមពរដល់រដ្ឋមន្ត្រី និងអាជ្ញាធរដោយទទូចសូមឲ្យ ដកជញ្ជីងនោះចេញសិន បើត្រូវដាក់ចាំផ្លូវលេខ២១បេ នេះ ស្ថាបនារួចរាល់សិនពី ព្រោះការដាក់ជញ្ជីងថ្លឹងបែបនេះ ធ្វើឲ្យពួកគាត់ជាអាជីវករមិនអាច ប្រកបរបរដឹកជញ្ជូនបាន ហើយគ្រួ សារអាចជួបប្រទះផលលំបាកក្នុងគ្រួសារជាក់ជាមិនខាន។

ដោយសារតែក្រុមអាជីវករបានទទូចបែបនេះ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ចំពោះសំណូមពររបស់បងប្អូន គឺខាងក្រសួងក៏ដូចជាអាជ្ញាធរខេត្ត យល់ព្រម និងបង្កកជញ្ជីងមិនឲ្យដំណើរការនោះទេ ប៉ុន្តែសូមឲ្យបងប្អូនគោរពច្បាប់ដឹកទៅតាម ការណែនាំកុំឲ្យលើសទម្ងន់កំណត់ ហើយប្រសិនបើអ្នកណាដឹកលើសទម្ងន់ ហើយបង្ករឲ្យបាក់ស្ពានគឺត្រូវ ទទួលខុសត្រូវទៅតាមផ្លូវច្បាប់។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៥ ក្រុមអាជីវករបានយករថយន្ត ដឹកទំនិញទៅបិតផ្លូវជាតិ លេខ២១បេត្រង់ចំណុច វត្តកំពង់សំបួរដើម្បីធ្វើការតវ៉ាឲ្យជញ្ជីងដកចេញទៅវិញ ហើយរង់ចាំផ្លូវស្ថាបនា រួចរាល់សិន បន្ទាប់ពីមានការសម្របសម្រួលរបស់អាជ្ញាធរ ស្រុកដោយមានការណែនាំពី លោកអភិបាលខេត្តទើបក្រុមអាជីវករព្រមបើកផ្លូវឲ្យដំណើរការវិញ៕

ជញ្ជីងថ្លឹងទម្ងន់ រថយន្តស្រុកកោះធំ ផ្អាកដំណើរការ តែអ្នកធ្វើឲ្យបាក់ស្ពាន ត្រូវទទួលខុសត្រូវតាមច្បាប់

ជញ្ជីងថ្លឹងទម្ងន់ រថយន្តស្រុកកោះធំ ផ្អាកដំណើរការ តែអ្នកធ្វើឲ្យបាក់ស្ពាន ត្រូវទទួលខុសត្រូវតាមច្បាប់