នៅល្ងាចថ្ងៃនេះ​ គជប នឹង​បិទ ឈប់​ទទួលពាក្យ​ធ្វើជា​អគ្គលេខាធិការ ​និង​អគ្គលេខាធិ​ការរង

ភ្នំពេញ៖ ល្ងាចថ្ងៃសៅរ៍ទី២៦ ធ្នូ បន្តិចទៀតនេះ នេះគឺជាពេលវេលាផុតកំណត់ ទទួលពាក្យក្នុងការជ្រើសរើស អគ្គលេខាធិការជាតិរៀបចំ ការបោះឆ្នោតថ្មី របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត នៅកម្ពុជាហើយ។

បើគិតមកត្រឹមល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានទទួលពាក្យពីបេក្ខជនប្រមាណជា១០៥នាក់ ស្នើសុំធ្វើជាអគ្គលេខាធិការ និងអគ្គលេខាធិការរងនៃ គ.ជ.ប។ ក្នុងចំណោមបេក្ខជន១០៥នាក់នោះ ក៏មានលោកទេព នីថា អតីតអគ្គលេខាធិការគ.ជ.បចាស់ផងដែរ ដែលលោកបានដាក់ពាក្យធ្វើជាអគ្គលេខាធិការ នៃគ.ជ.ប ថ្មី។

សូមជំរាបថា បេក្ខជន១០៥នាក់ មាន២១នាក់បានដាក់ពាក្យសុំធ្វើជាអគ្គលេខាធិការ និង៨៤នាក់ទៀត បានដាក់ពាក្យធ្វើជាអគ្គលេខាធិការរង។
កាលពីថ្ងៃទី១៦ធ្នូ ឆ្នាំ២០១៥ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតឝជប បានប្រកាសជ្រើសរើសអគ្គលេខាធិការចំនួន១រូប  និងអគ្គលេខាធិការរងចំនួន៤រូប ដើម្បីបំរើក្នុងការងារក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ គជប បានចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃទី១៧  រហូតដល់ថ្ងៃទី២៦ ធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ៥៖៣០នាទីល្ងាច។

អ្នកដែលអាចដាក់ពាក្យត្រូវមានលក្ខណៈសម្បត្តិដូចជា មានសញ្ជាតិខ្មែរពីកំណើត និងមានសញ្ជាតិខ្មែរតែមួយគត់ក្នុងរយះពេលបំពេញការងារ មានអាយុយ៉ាងតិច៣០ ឆ្នាំ មានសិទ្ធិបោះឆ្នោត មានសញ្ញាបត្រចាប់ពី ថ្នាក់ឧត្តមសិស្សាឡើងទៅ មានបទពិសោធន៍ការងារយ៉ាងតិច៥ឆ្នាំ និងមិនត្រូវជាសហព័ន្ធ ឫញាតិពន្ធរហូតដល់ថ្នាក់ទី៣ របស់ប្រធាន អនុប្រធាន គណបក្សនយោបាយ ដែលចូលរួមការប្រកួតក្នុងការបោះឆ្នោតឡើយ៕

នៅល្ងាចថ្ងៃនេះ​ គជប នឹង​បិទ ឈប់​ទទួលពាក្យ​ធ្វើជា​អគ្គលេខាធិការ ​និង​អគ្គលេខាធិ​ការរង