សម្តេច​តេ​ជោ ហ៊ុន សែន ៖ ខ្ញុំ​ធ្វើ​នាយក​រដ្ឋមន្ត្រី​នឹង​គ្មាន​ការ​រើសអើង​ណាមួយ​នៅ​កម្ពុជា​ទេ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ប្រសាសន៍​ថា គ្មាន​ការ​រើ​ង​អើ​ង​ណាមួយ​សម្រាប់​នៅ​ប្រទេស​កម្ពុជា​ទេ ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​បាន​ថា សម្រាប់​នៅ​ក្នុង​ដំណាក់កាល​ខ្ញុំ​ដែល​ធ្វើ​នាយក​រដ្ឋមន្ត្រី​ច្បាស់​ណាស់​ថា សាសនា​ទាំងអស់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំង​ព្រះពុទ្ធ ទាំង​គ្រឹ​ស្ត ទាំង​មូ​ស្លុ​ី​ម និង​សាសនា​ដទៃ​ទៀត អាច​រួម​រស់នៅ​ជាមួយ​គ្នា​បាន​យ៉ាង​សុខដុម​រម្យ​នា ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បែប​នេះ​នា​ព្រឹក​ថ្ងៃ​ទី​២៥ ធ្នូ ឆ្នាំ​២០១៥ នៅ​មជ្ឈមណ្ឌល​អង្គការ​សង្គ្រោះ​ជន​អស់សង្ឃឹម​ក្នុង​ឱកាស​ដែល​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​សំណេះសំណាល សាកសួរ​សុខទុក្ខ ផ្តល់​អាហារូបត្ថម្ភ​បាយ​ថ្ងៃត្រង់ សម្ភារ និង​ប្រាក់​ដល់​អង្គការ​សង្គ្រោះ​ជន​អស់សង្ឃឹម​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ សរុប​ចំនួន​៥១៣​នាក់ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ប៉ុន្តែ​ចំពោះ​នៅ​ក្រោយ​អាណត្តិ​ខ្ញុំ​មិន​ប្រាកដ​ទេ​ថា នៅ​ពីក្រោយ​ខ្ញុំគេ​មាន​គោលនយោបាយ​ដូច​ខ្ញុំ​ឬ​អត់ ? នេះ​ក៏​ជា​បញ្ហា​ដែល​ត្រូវ​ពិចារណា​។

ព្រោះថា​អ្នក​ដែល​កំពុង​ធ្វើ​គឺ​វា​ពិត ប៉ុន្តែ​អ្នក​សន្យា​គឺ​វា​មិន​ពិត​ទេ អ្នក​ដែល​គ្រាន់តែ​ប្រកាស​ចោល​តាម​ពាក្យ​សម្តី ឬ​តាម​លាយលក្ខណ៍អក្សរ គឺ​វា​អត់​ទាន់​ពិត​ទេ ។ ប៉ុន្តែ​អ្នក​ដែល​ពិត គឺ​អ្នក​ដែល​ធ្វើ​អ្វី​បាន និង​កំពុង​កើត​មាន​នេះ គឺ​វា​ជា​រឿង​ពិត ។

ទាក់ទិន​នឹង​សំណូមពរ​ទី​១​របស់​ប្រធាន​អង្គការ​សង្គ្រោះ​ជន​អស់សង្ឃឹម សុំ​ធ្វើ​ផ្លូវថ្នល់​នោះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​យល់ព្រម​តាម​សំណូមពរ​ដោយ​បានឱ្យ​លោក​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​កសាង ។

សំណូមពរ​ទី​២ សាងសង់​អគារ​១​ខ្នង មាន​២​បន្ទប់ ។ សម្តេច​តេ​ជោ​បាន​ដោះស្រាយ​ឱ្យ​លោក​អភិបាល​ខេត្តកណ្តាល ដើម្បី​ទទួល​ក្មេង​ៗ ដោយ​មិន​ចាំបាច់​ដល់​ក្រសួងមហាផ្ទៃ​ទេ ព្រោះ​មាន​អង្គការ​រួច​ទៅ​ហើយ ។

សំណូម​ទី​៣ ទាក់ទិន​នឹង​ការ​កសាង​សាលារៀន សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា សម្រេចការ​សាងសង់​មួយ​ខ្នង ២​ជាន់ ៨​បន្ទប់ សម្តេច​បាន​ធានា​ថា​នឹង​សាងសង់​ជូន ចំណែក​ថវិកា​ដែល​សប្បុរសជន​ជួយ​ទុក​ដោះស្រាយ​សម្ភារ​សិក្សា​ទៅ ។

ក្រៅពី​នោះ​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ឧបត្ថម្ភ​អាហារ​ប​ត្ថ​ម្ភ​បន្ថែម ដោយ​ផ្តល់​ក្នុង​១​ខែ​អង្ករ​១​តោន និង​ប្រាក់​៣​លាន​រៀល ចាប់​ដំណើរការ​ពី​ដើម​ខែមេសា ឆ្នាំ​២០១៦​តទៅ ជា​រៀង​រាល់​ដើមខែ សម្រាប់​មណ្ឌល​អង្គការ​សង្គ្រោះ​ជន​អស់សង្ឃឹម ។

សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​នាំ​ទៅ​ឧបត្ថម្ភ​សម្រាប់​កុមារ សិស្ស​-​និស្សិត​ជាង​៥១៣​នាក់ ក្នុង ម្នាក់​ៗ​ទទួល​ឃី​ត​១ ក្នុង​ឃី​ត​មាន​សៀវភៅ​២​ក្បាល ប៊ិក​១​ដើម ទឹកក្រូច​មួយ​កំប៉ុង ទឹកបរិសុទ្ធ​១​ដប នំ ស្ករ​គ្រាប់ និង​ប្រាក់​១​ម៉ឺន​រៀល ។ ប៉ុន្តែ​ជូន​ប្រាក់​ក្រៅពី​ឃី​ត ៥​ម៉ឺន​រៀល​ដល់​កុមារ​ទាំងអស់ ។
ជូន​គ្រូ បុគ្គលិក និង ចាស់​ៗ ឃី​ត​ដូច​គ្នា ប្រាក់​ដូច​គ្នា និង​ប្រាក់​ក្រៅ​ម៉ឺន​រៀល​ក្នុង ម្នាក់​ៗ ។

ក្រៅពី​នោះ​ជូន​មណ្ឌល​ទី​១ អង្គការ​សង្គ្រោះ​ជន​អស់សង្ឃឹម អង្ករ​២​តោន មី​៥០​កេស ត្រីខ​២០​កេស សៀង​ផ្អែម​-​ប្រៃ​១០០​គីឡូក្រាម ឆៃប៉ូវ​១០០​គីឡូក្រាម ទឹកក្រូច​៣០​កេស ទឹកបរិសុទ្ធ​៥០​កេស ផ្លែ​ប៉ោម​១០​កេស ផ្លែ​ទំពាំងបាយជូរ​១០​កេស ផ្លែក្រូច​ឃ្វិច​១០០​កេស ផ្លែ​មាន​៥០​គីឡូក្រាម ប្រាក់​៥​លាន​រៀល ។ ជូន​មណ្ឌល​មែកឈើ អង្ករ​៥០០​គីឡូក្រាម មី​២០​កេស ត្រីខ​៥​កេស សៀង​២០​គីឡូក្រាម ឆៃប៉ូវ​២០​គីឡូក្រាម ទឹកក្រូច​៥​កេស ទឹកបរិសុទ្ធ​៥​កេស ទឹក​ផ្លែ​ប៉ោម​២​កេស ផ្លែក្រូច​ឃ្វិច​២​កេស ផ្លែ​មៀន​៦​គីឡូក្រាម និង​ប្រាក់​២​លានរ​រៀល ៕