ទស្សនកិច្ច​ពិសេស​នាយករដ្ឋមន្ត្រី​ឥណ្ឌា​នៅ​ប៉ា​គី​ស្ថាន​លើកដំបូង​រយៈ​ជាង​១​ទសវត្សរ៍​

​ថ្ងៃ​សុក្រ ម្សិលមិញ នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក​ណារិន​ដ្រា ម៉ូ​ឌី បាន​បំពេញ​ទស្សនកិច្ច នៅ​ប៉ា​គី​ស្ថាន ជួប​ជជែក​ជាមួយ​នាយករដ្ឋមន្ត្រី ណា​វ៉ា ស្ហា​រី​ហ្វ​។ គិត​ជាង​១០​ឆ្នាំ​មកនេះ នេះ​ជា​លើក​ទី​១​ហើយ​ដែល​រដ្ឋាភិបាល​ឥណ្ឌា​បំពេញ​ទស្សនកិច្ច ក្នុង​ទឹកដី​ប៉ា​គី​ស្ថាន​។​

​ទស្សនកិច្ច ពិសេស​នេះ ធ្វើឡើង​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ ក្រោយ​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ទាំង​២​បានប្រកាស​បើក​ការចរចា សន្តិភាព​ជាមួយគ្នា​ឡើង​វិ​ញុ​។ កិច្ចចរចា​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ ពាក់កណ្តាល​ខែមករា ដើមឆ្នាំ​២០១៦​នេះ​។

​យោងតាម ក្រសួងការបរទេស​ប៉ា​គី​ស្ថាន ទស្សនកិច្ច​របស់​នាយ​ក​រដ្ឋមន្ត្រី​ឥណ្ឌា នៅ​ប៉ា​គី​ស្ថាន​គ្រាន់តែ​ជា​ទស្សនកិច្ច​បែប​មិត្តភាព​ប៉ុណ្ណោះ​។ មុននេះ លោក​ម៉ូ​ឌី បាន​បំពេញ​ទស្សនកិច្ច​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន ហើយ​ប្រកាសថា នឹង​ទៅ​ជួប​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន ណា​វ៉ា ស្ហា​រី​ហ្វ នៅ​ក្រុង​Lahore ពេល​លោក​ត្រលប់​ទៅ​ឥណ្ឌា​វិញ​។

​មើល​ជាក់ស្តែង នាយករដ្ឋមន្ត្រី​ឥណ្ឌា​បាន​ទៅ​ចូលរួម​ជូនពរ​លោក​ស្ហា​រី​ហ្វ ដែល​ប្រារព្ធ​ខួបកំណើត ថ្ងៃ​សុក្រ​ម្សិលមិញ​។ ប៉ុន្តែ ក្នុងជំនួប​ម្សិលមិញ មេដឹកនាំ​ប្រទេស​បងប្អូន​សត្រូវ​ទាំង​២​ក៏បាន​ជជែក​ពី​ទំនាក់ទំនង​រវាង​ប្រទេស ខ្លួន​ផងដែរ​។

​ក្រោយ​ទទួលឯករាជ្យ​ពី​អង់គ្លេស​ក្នុង​ឆ្នាំ​១៩៤៧​មក ប្រទេស​ទាំង​២​ឈ្លោះ​ដណ្តើម​តំបន់​កា​ស្មៀ ជា​កម្មសិទ្ធិ​រៀងៗ​ខ្លួន​។ ទោះ​យ៉ាងនេះ​ក្តី ភាគី​ទាំងសង្ខាង​នៅតែ​ព្យាយាម​ជួបចរចា​គ្នា ព្យាយាម​បន្ថយ​ភាព​តានតឹង​នឹង​គ្នា​ជានិច្ច​។ ថ្មីៗ​នេះ នាយករដ្ឋមន្ត្រី​ម៉ូ​ឌី និង​ស្ហា​រី​ហ្វ បាន​ជួបគ្នា​រយៈពេល​ខ្លី ក្នុង​កិច្ចប្រជុំ​អាកាសធាតុ​នៅ​ក្រុងប៉ារីស និង​ហាក់​បន្ទន់​ជំហរ​រកគ្នា​រៀងៗ​ខ្លួន​។

​ដោយឡែក ឥណ្ឌា​ក៏​ប្រហែល​ត្រូវការ​ប៉ា​គី​ស្ថាន​ចាំបាច់ ដើម្បី​ចូលរួម​ធានា​ស្ថិរភាព​អា​ហ្វ​ហ្កា​នី​ស្ថាន និង​អាស៊ី​កណ្តាល ផ្គាប់ចិត្ត​រុស្ស៊ី​ដែរ ព្រោះ​ពេលនេះ រុស្ស៊ី​កំពុង​បារម្ភ​ខ្លាច​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម ដាក់​ឥទ្ធិពល​នៅ​អាស៊ី​កណ្តាល​។ លោក​ម៉ូ​ឌី​ទើបនឹង​ជួប​លោកពូ​ទីន កាលពី​ថ្ងៃ​ពុធ​កន្លងទៅ​ប៉ុណ្ណោះ​។ មុន​ឈាន​ជើង​ចូល​ប៉ា​គី​ស្ថាន​ម្សិលមិញ នាយករដ្ឋមន្ត្រី​ឥណ្ឌា​បាន​អំពាវនាវ​ឲ្យ​ប៉ា​គី​ស្ថាន និង​ប្រទេសជិតខាង​សហការគ្នា​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ដើម្បី​ជួយ អា​ហ្វ​ហ្កា​នី​ស្ថាន​៕