រក​ឃើញ​រថយន្ត​ដឹក​ប្រេង​ជាង​១​ម៉ឺន​គ្រឿង​ សង្ស័យ​បម្រើ​ប្រយោជន៍​ឲ្យ​ក្រុម​ ISIS​ នៅ​ព្រំប្រទល់​អ៊ី​រ៉ា​ក់​-​ទួ​គី​ (​មាន​វី​ដេ​អូ​)

​មន្ត្រី​ចារកម្ម​របស់​រុ​ស្ស៊ី​ បាន​បង្ហាញ​រូបថត​ពីលើ​អាកាស​អំពី​ការ​រក​ឃើញ​រថយន្ត​ដឹក​ប្រេង​ និង​រថយន្ត​ដឹក​ទំនិញ​ចំនួន​១១.៧៧៥​គ្រឿង​ នៅ​ជិត​ទីក្រុង​ Zakho​ ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​ ជាប់​ព្រំដែន​ប្រទេស​ទួ​គី​ ដែល​គេ​សង្ស័យ​ថា​ ជា​មធ្យោបាយ​បម្រើ​ផលប្រយោជន៍​ក្នុង​ការ​ដឹក​ជញ្ជូន​ប្រេងឥន្ធនៈ​ និង​ទំនិញ​របស់​ក្រុម​ឧទ្ទាម​ ISIS​ ។​

​លោក​ឧត្តមសេនីយ៍ទោ​ Sergey​ Rudskoy​ បាន​និយាយ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ម្សិលមិញ​ថា​ រាល់​ប្រេងឥន្ធនៈ​ចេញពី​អ៊ី​រ៉ា​ក់​ និង​ស៊ី​រី​ គឺ​ត្រូវ​ដឹក​ជញ្ជូន​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​ Zakho​ ។​

​អ្នកជំនាញ​បាន​លើក​ឡើង​ថា​ នេះ​ទំនងជា​ច្រក​ដឹក​ជញ្ជូន​ប្រេង​ថ្មី​ដ៏​សំខាន់​ដែល​ក្រុម​ឧទ្ទាម​ ISIS​ ប្រើប្រាស់​បន្ទាប់​ពី​កងកម្លាំង​ទាហាន​រុ​ស្ស៊ី​បំផ្លាញ​រថយន្ត​ដឹក​ប្រេង​របស់​ក្រុម​ ISIS​ ប្រមាណ​២.០០០​គ្រឿង​ និង​កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ​ រថយន្ត​ដឹក​ប្រេង​ចំនួន​១៧​គ្រឿង​ និង​រោងចក្រ​ចំរាញ់​ប្រេង​ឆៅ​មួយ​ចំនួន​របស់​ក្រុម​ ISIS​ ត្រូវ​បាន​ទាហាន​រុ​ស្ស៊ី​បំផ្លាញ​រួច​មក​ ពីព្រោះ​ការ​សិក្សា​បាន​បង្ហាញ​ថា​ បរិមាណ​ប្រេង​ដឹក​ជញ្ជូន​ទៅ​កាន់​តំបន់​ប៉ែក​ខាងជើង​ និង​ខាងលិច​ស៊ី​រី​ ថមថយ​ចុះ​ បែរជា​សកម្មភាព​ដឹក​ជញ្ជូន​ប្រេង​នៅ​តំបន់​ខាងលើ​នេះ​ កើនឡើង​ទៅ​វិញ​ ៕​