ប្រទះ​ឃើញ​សព​បុរស​ម្នាក់ នៅ​ក្នុង​ទឹក​ស្រែប្រាំង

ខេត្តស្វាយរៀង ៖ មាន​អ្នក​ភូមិ​ម្នាក់​បាន​ដើរមក​តាម​ភ្លឺស្រែ ក៏​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ដួល​ដេក​ផ្កាប់មុខ​ទៅ​ក្នុង​ទឹក​ស្រែប្រាំង ក៏​ស្រែក​ឆោឡោ​ឡើង​ផ្អើល​ដល់​អ្នកស្រុក​នាំ​គ្នា​មក​មើល ដំបូង​ឡើយ​ក៏​ដាក់​ការ​សង្ស័យ​ថា ជា​អំពើ​ឃាតកម្ម អ្នក​ភូមិ​ក៏​បាន​ប្តឹង​មក​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​មក​ពិនិត្យ​សព​ជន​រង​គ្រោះ ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​២៥ ធ្នូ ២០១៥ នៅ​ចំណុច​ខាងត្បូង​ផ្ទះ​ជន​រង​គ្រោះ​ចម្ងាយ​៦០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​រាម​សេនា ឃុំ​អណ្តូង​ពោធិ ស្រុក​រមាស​ហែក ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ មាស ហ៊​ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ បាន​ផឹកស្រា​ស្រវឹង​ជោគ​ជាំ រួច​ដើរ​ចេញពីផ្ទះ​ចម្ងាយ​៦០​ម៉ែត្រ ក៏​ដួល​ផ្កាប់មុខ​ទៅ​ក្នុង​ទឹក​ស្រែប្រាំង ជម្រៅ​ត្រឹម​កំ​ភូ​ន​ជើង ខណៈ​គ្មាន​នរណា​ឃើញ ទើប​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​លង់ទឹក​ស្លាប់​ក្នុង​ស្រែប្រាំង ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពី​ពិនិត្យ​សព​រួច​មក មិន​មាន​ឃើញ​មាន​ស្លាកស្នាម បញ្ជាក់​ថា​ជា​អំពើ​ឃាតកម្ម​ឡើយ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្រវឹងស្រា​ជោគ​ជាំ ហើយ​បាន​ដើរ​ដួល​ធ្លាក់​ចូល​ក្នុង​ស្រែ ផ្កាប់មុខ​ចូល​ក្នុង​ទឹក ងើប​មិន​រួច បណ្តាល​ឲ្យ​ឈ្លក់ទឹក​ស្លាប់​តែ​ម្តង ។ ក្រោយ​ពី​សមត្ថកិច្ច​ពិនិត្យ​សព​រួច​ហើយ ក៏​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​នៃ​សព ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕