បែកធ្លាយ​រឿង​ឃុបឃិត​គ្នា ស៊ី​ញ៉េ​ច្បាប់​ចិញ្ចឹម​គ្រែង​ឈាម នៅ​តំបន់​កោះ​ខ្យង​ធ្វើ​ឲ្យ​អ្នកនេសាទ​នៅ​ទីនោះ​ក្តៅក្រហាយ​

ព្រះសីហនុ: ប្រជា​នេសាទ​សមុទ្រ​៣​ឃុំ មាន​ចំនួន​រាប់ពាន់​គ្រួសារ​បាន​ប្រតិកម្ម​ឆ្លើយតប និង​ការឃុបឃិត​គ្នា​ពី​សំណាក់​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​អនុញ្ញាត​ច្បាប់​ចិញ្ចឹម​គ្រែង​ឈាម​ក្នុង​តំបន់​នេសាទ​ចិញ្ចឹមជីវិត ប្រចាំថ្ងៃ​របស់​ពួកគាត់​។ សកម្មភាព​ប្រតិកម្ម​នោះ ដោយ​អ្នកខ្លះ​និយាយថា​នាំគ្នា​ផ្តិតមេដៃ​ប្តឹង​អ្នក​ស៊ី​ញ៉េ និង​អ្នក​ខ្លះទៀត​និយាយថា ចាំ​ដល់ពេល​ឈ្មួញ​មក​កសាង​ទីតាំង​ចិញ្ចឹម​គ្រែង​លើ​កន្លែង​ដែន​​នេសាទ​ពួកគាត់​និង​ប្រើប្រាស់​វិធី​គ្រប់​រូបភាព​ដើម្បី​បំផ្លិច​បំផ្លាញចោល ហើយ​អ្នក​ខ្លះទៀត​និយាយថា​មិនចាំបាច់​ទៅធ្វើ​ទីតាំង​នោះទេ​គ្រាន់តែ​ឃើញ​កម្មករ​មក​នាំគ្នា​ចាប់វាយ​តែម្តង ។​
​    ​
​ប្រជា​នេសាទ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា អ្នក​ដែល​មកសុំ​ទីតាំង​ចិញ្ចឹម​គ្រែង​ឈាម​នៅក្នុង​ដែន​នេសាទ​ពលរដ្ឋ​កោះ​ខ្យង​នោះ មានឈ្មោះ លីម​
​ជា​ថៅកែ​នាំ​កូន​គ្រែង​ទៅ​ប្រទេស​វៀតណាម ហើយ​ការស្នើ​សុំច្បាប់​ចិញ្ចឹម​គ្រែង​ឈាម​នៅ​កោះ​ខ្យង​នេះ​វា​គ្រាន់តែ​ជា​លេស មួយ​បង្ក​ការក្តៅក្រហាយ​ដល់​ប្រជា​នេសាទ​ក្រីក្រ​តែប៉ុណ្ណោះ​តែ​ធាតុពិត គឺ​គេ​​មានបំណង​មក​ប្រមូល​ទិញ​កូន​គ្រែង​ឈាម​ពី​តំបន់​កោះ​ខ្យង​ដឹក​យកទៅ​ប្រទេស​វៀតណាម​។​
​    ​
​លោក ឯម ភា ប្រធាន​សង្កាត់រដ្ឋបាល​ជលផល​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា​​ពាក្យស្នើសុំ​ចិញ្ចឹម​គ្រែង​ឈាម​នោះបាន​ដាក់ជូន​ទៅដល់​ចៅហ្វាយស្រុក​ព្រៃនប់​ពិនិត្យ​ហើយ ដោយមាន​ចុះហត្ថលេខា​ឯកភាព ពី​លោក រស់ ហាក់ ប្រធាន​សហគមន៍​នេសាទ​និង​ព្រៃឈើ​ឧ​ទ្យា​ជាតិ​រាម និង​លោក យន់ ឆេង មេឃុំ អូរជ្រៅ រួម​និង​រួប​លោក​ផងដែរ ប៉ុន្តែ​បាន​ឬ​មិនបាន​សម្រេច​​ថ្នាក់ដឹកនាំ​ខាងលើ​ទៀត​។​
​    ​
​ពាក់ព័ន្ធ​នឹង​ការចុះហត្ថលេខា​ឯកភាព​លើ​ពាក្យស្នើសុំ​ច្បាប់​ចិញ្ចឹម​គ្រែង​ឈាម​កាលពី​ព្រឹក ថ្ងៃទី​២៦​ខែធ្នូ​ឆ្នាំ​២០១៥​នេះ​លោក នៅ កា​រុន ប្រធាន​បរិស្ថាន​ឧ​ទ្យា​ជាតិ​រាម​បាន​និយាយ​ប្រាប់ថា លោក រស់ ហាក់ ប្រធាន​សហគមន៍​នេសាទ​និង​ព្រៃឈើ​ឧទ្យាន​ជាតិ​រាម​កំពុង​ប្រព្រឹត្ត​ខុស​លក្ខន្តិកៈ​​របស់​ឧ​ទ្យា​ជាតិ​រាម​ហើយ ដោយ​ហ៊ាន​ចុះហត្ថលេខា​ឯកភាព​ឲ្យ​គេ​មុន​បាត់ទៅហើយ​ទើប​រាយការណ៍​តាម​ក្រោយ ប្រការនេះ​លោក​និង​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់លើ​ជាបន្ទាន់​ផងដែរ​។​
​    ​
​លោក នៅ​កា​រុន បាន​បញ្ជាក់ថា តំបន់​ដែន​នេសាទ​របស់​ពលរដ្ឋ​នៅ​កោះ​ខ្យង​នោះ​ពិត​ជាមាន​​ការពាក់ព័ន្ធ​និង​ដែន​ឧ​ទ្យា​ជាតិ​រាម យ៉ាងពិត​ប្រាកដ ហើយ​ករណីនេះ​ប្រសិនបើ​ភាគី​ខាង​ជលផល​សម្រេច​ឲ្យ​ឈ្មួញ​មែន​នោះ ក៏​ភាគី​ខាង​ឧ​ទ្យា​ជាតិ​រាម​មិន​ឯកភាព​ដែរ ព្រោះ​មានការ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​រាស្ត្រ​ច្រើនណាស់ គឺមាន​រហូតដល់​ទៅ​៣​ឃុំ​ឯណោះ​។​
​    ​ជាមួយគ្នានេះ​លោក​នេន ចំរើន ប្រធាន​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល​ខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍ថា ករណីនេះ​លោក​មិនទាន់​បានទទួល​ព័ត៌មាន និង​ឯកសារ​មក​ពិនិត្យ​នៅឡើយ​ទេ ប៉ុន្តែ​កន្លងមក​ក៏មាន​ការស្នើសុំ​ចិញ្ចឹម​គ្រែង​ឈាម​ក្រោមរូបភាព​ដូចគ្នានេះ ពីរ​បី​ករណី​ហើយ​ដែរ ប៉ុន្តែ​ត្រូវបាន​បរាជ័យ​ ព្រោះ​មានការ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជា​នេសាទ​នៅ​ទីនោះ​ច្រើន ។​
​    ​
​លោក ទិ​ត្យ វុទ្ធី អភិបាលស្រុក​ព្រៃនប់ មិនអាច​ទំនាក់ទំនង​សាកសួរ​រឿង​លិខិតស្នាម​នោះបានទេ នៅពេលនេះ ទោះជា​យ៉ាងនេះ​ក្តី​សង្ឃឹមថា លោក​អភិបាលស្រុក​និង​ពិចារណា​៕