លែងមាន​កូដកម្ម​ទៀតហើយ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន និង​តាយសេង នៅ​បាវិត​

ស្វាយរៀង: ក្រុមកម្មករ បាន​វិល​ត្រលប់​ចូលធ្វើការ​អស់​វិញ​ហើយ ទូទាំង ៤៥ រោងចក្រ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន និង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង ក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង នា​ថ្ងៃ​សៅរ៍ ទី​២៦ ខែធ្នូ ឆ្នាំ​២០១៥​។ នេះ​បើតាម​ការបញ្ជាក់​របស់​សហជីព​កម្មករ​។​

​លោក ឃុន សុខុន អ្នកសម្របសម្រួល​សហ​ភាព​ការងារ​កម្ពុជា ប្រចាំខេត្ត​ស្វាយរៀង បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ឈប់សម្រាក​ពីរ​ថ្ងៃ កាលពី​ថ្ងៃទី​២៣ និង​ថ្ងៃទី​២៤ ខែធ្នូ រួចមក គឺ​ក្រុមកម្មករ បាន​ចូលធ្វើការ កាលពី​ថ្ងៃទី​២៥ ខែធ្នូ ស្ទើរតែ​ទាំងអស់ លើកលែងតែ​រោងចក្រ​មួយ​ប៉ុណ្ណោះ ដែល​បាន​បន្តធ្វើ​កូដកម្ម​។

​រោងចក្រ​នោះ ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន​។ ប៉ុន្តែ​ក្រោយពី​ការសម្របសម្រួល​ផ្សះផ្សារ​រួចមក គឺ​ក្រុមកម្មករ​ទាំង​ជាង ៤០០ នាក់ ក្នុង​រោងចក្រ “​ហ្វី​លី​ស៊ី​ធី​” បាន​ចូលធ្វើការ​វិញ​ហើយ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៥​។​

​តំណាង​សហជីព​ដដែល បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៦ ខែធ្នូ​នេះ ក្រុមកម្មករ​ទាំង​ជាង ៣​ម៉ឺន​នាក់ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងពីរ​នោះ បាន​ចូលធ្វើការ​វិញ​ទាំង​អស់ហើយ បើទោះបីជា​បញ្ហា​តវ៉ា​ទាមទារ​ឡើង​ប្រាក់ខែ មិន​ត្រូវបាន​ដោះស្រាយ​ក៏ដោយ​។​

​ចំពោះ​ការសម្រេចចិត្ត​របស់​ក្រុមកម្មករ ក្នុងការ​ចូលធ្វើកា​រវិ​ញ​នោះ ត្រូវបាន​សហជីព លើកឡើងថា ក្រុមកម្មករ បាន​ស្តាប់​តាម​ការផ្សព្វផ្សាយ​អប់រំ​ណែនាំ​របស់​អាជ្ញាធរ​សម​ត្ថ​កិច្ច នៅ​ថ្ងៃ​ឈប់សម្រាក​ពីរ​ថ្ងៃ កាលពី​ថ្ងៃទី​២៣ និង​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ ដែល​អាជ្ញាធរ​សមត្ថកិច្ច បាន​ចុះ​ដល់​បន្ទប់​ផ្ទះជួល​របស់​កម្មករ​។ ណាមួយ ក្រុមកម្មករ​យល់ថា ការតវ៉ា​ទាមទារ​ឡើង​ប្រាក់ខែ​នោះ ក៏​ផ្ទុយ​ពី​ការកំណត់​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​តម្លើង​ប្រាក់ខែ​គោល ឬ​ប្រាក់ខែ​អប្បបរមា ដល់ក​ម្មករ ១៤០ ដុល្លារ ចាប់ពី​ខែមករា ឆ្នាំ​២០១៦ តទៅ​។​

​ទោះបីជា​ក្រុមកម្មករ​ចូលធ្វើការ ក៏ប៉ុន្តែ​នៅ​ថ្ងៃ​សៅរ៍ ទី​២៦​ធ្នូ​នេះ ក្រុម​កងកម្លាំង​អាជ្ញាធរ សមត្ថកិច្ច ប៉ូលិស និង​ប៉េអឹម នៅតែ​បន្ត​ដាក់ពង្រាយ ការពារ​សន្តិសុខ សុវត្ថិភាព​កម្មករ និង​រោងចក្រ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ទាំងពីរ​នោះ​ដដែល​។ ប៉ុន្តែ​មាន​ចំនួន​តិចជាង​អាជ្ញាធរ សមត្ថកិច្ច កាលពី​ថ្ងៃទី​២៥ ខែធ្នូ​។​

​ចំណែក​ចំនួន​អ្នក​ដែល​ត្រូវ​ប៉ូលិស​ចាប់ នៅ​ដដែល គឺមាន​ចំនួន ១០ នាក់ ដែល​ក្នុងនោះ កម្មករ​មាន ៤ នាក់ និង​អ្នក​បើកឡាន​ដឹក​កម្មករ មាន ៦ នាក់ ដែល​ត្រូវបាន​ចាប់ឃុំខ្លួន ក្រោម​ការចោទប្រកាន់​ពីបទ​ញុះញង់ បង្ក​អំពើហិង្សា និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​រោងចក្រ អំឡុងពេល​កម្មករ​ធ្វើការ​តវ៉ា ចាប់តាំងពី​ថ្ងៃទី​១៦ ខែធ្នូ ដល់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥៕​