គណៈកម្មការ​ចំពោះ​កិច្ច​រវាង​គណបក្ស​ទាំងពីរ នឹង​ជួបជុំគ្នា នៅ​សប្តាហ៍ និយាយ​ពី​សេចក្តីព្រាងច្បាប់​សហជីព​

ភ្នំពេញ: ​គណៈកម្មការ​ចំពោះ​កិច្ច ដែល​បង្កើតឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក ប៉ែន បញ្ញា ជា​ប្រធាន និង​លោក​សុន​ឆ័យ អនុប្រធាន នឹង​ជួបប្រជុំគ្នា ជជែក​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់ សហជីព នៅ​សប្តាហ៍​ក្រោយ​។ នៅ​សប្តាហ៍​ក្រោយ​គណៈកម្មការ​ចម្រុះ​ចំពោះ​កិច្ច​នោះ ក៏​នឹង​ជួប​ជាមួយនឹង​ភាគី​សហជីព ផងដែរ​។ នេះ​បើតាម​លោក ឡេង ប៉េងឡុង​។​

​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៦ ខែធ្នូ​នេះ​ថា បន្ទាប់ពី​កិច្ចប្រជុំ​រវាង​គណៈកម្មកា​រ​ចម្រុះ​គណបក្ស​ទាំងពីរ និង​កិច្ចប្រជុំ​ជាមួយ​សហជីព នៅ​សប្តាហ៍​ក្រោយនេះ​រួចហើយ ទើប​រដ្ឋសភា រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​សហជីព មុននឹង​ជួបប្រជុំ​ជាមួយនឹង​តំណាង​រាជរដ្ឋាភិបាល ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ដាក់​សេចក្តីព្រាងច្បាប់​សហជីព ចូលក្នុង​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា ពិភាក្សា និង​អនុម័ត​។​

​លោក ឡេង ប៉េងឡុង បាន​បន្តថា លោក​ចង់​ឲ្យ​គណៈកម្មការ​ចំពោះ​កិច្ច​រវាង​គណបក្ស​ទាំងពីរ បញ្ចប់​ការងារ​ពិគ្រោះ​យោបល់​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ ហើយ​បញ្ជូន​សេចក្តីព្រាងច្បាប់​សហជីព ដាក់ចូល​ក្នុង​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា ឲ្យ​បាន​មុន​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ ព្រោះថា កិច្ចប្រជុំ​រដ្ឋសភា លើក​ទី​៥ នីតិកាល​ទី​៥ នឹងត្រូវ​បិទ​បញ្ចប់​ត្រឹម​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦​។ កាលណា រដ្ឋសភា ប្រជុំ​វិសាមញ្ញ នៅក្រោយ​ថ្ងៃ​ឈប់សម្រាក​នេះ នឹងមាន​ការពិបាក​ប​ន្តិ​ច​។​

​យ៉ាងណាក៏ដោយ អ្នកតំណាងរាស្ត្រ ដែលជា​សមាជិក​គណៈកម្មកា​រ​ចំពោះ​កិច្ច​របស់​គណបក្ស​ទាំងពីរ បាន​ឲ្យ​ដឹងថា គណៈកម្មការ​ចម្រុះ នឹង​ជួបប្រជុំគ្នា លើកដំបូង លើ​សេចក្តីព្រាងច្បាប់​សហជីព នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥​។ រីឯ​កិច្ចប្រជុំ​ជាមួយនឹង​សហជីព​កម្មករ នឹងធ្វើ​ឡើង នៅក្នុង​សប្តាហ៍​ក្រោយ​ផងដែរ​។

​សេចក្តីព្រាងច្បាប់ ស្តីពី សហជីព មាន ១៧ ជំពូក និង ១០០ មាត្រា ពេលនេះ កំពុង​ស្ថិតនៅ​រដ្ឋសភា ត្រូវបាន​រដ្ឋសភា សម្រេច​ពន្យារពេល​រៀបចំ​សិក្ខាសាលា​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​នោះ ហើយ​សម្រេច​បង្កើត​គណៈ​កម្ម​ការ​ចំពោះ​កិច្ច ដែលមាន​ការចូលរួម​ពី​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ពិភាក្សា​ពិគ្រោះ​យោបល់​សេចក្តីព្រាងច្បាប់​នោះ​។​

​សហជីព​កម្មករ​មួយចំនួន ក៏បាន​ជួបជុំ និង​ដាក់​ញត្តិ​ជូន​សម្តេច​ប្រធានរដ្ឋសភា  ដើម្បី​ស្នើសុំ​ជួប​តំណាងរាស្ត្រ ពិភាក្សា​កែសម្រួល​លើ​សេចក្តីព្រាងច្បាប់ សហជីព​។ កាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ ក្រុម​សហជីព​កម្មករ​មួយក្រុម ដឹកនាំ​ដោយ​លោក​ប៉ាវ​ស៊ីណា លោក​អាត់​ធន់ ជាដើម បានដាក់​ញត្តិ​ទៅ​រដ្ឋសភា ហើយ​នៅ​ថ្ងៃទី​៤​ធ្នូ ក្រុម​សហជីព​នោះ បាន​ជួប​ជាមួយនឹង​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ចំណែក​កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ ថ្នាក់ដឹកនាំ​សម្ព័ន្ធ​សហភាព សហព័ន្ធ​សហជីព ជា​សមាជិក​ក្រុម​ប្រឹក្ស​សហជីព​ជាតិ​កម្ពុជា (CCNU) ដែល​តំណាងអោយ ៦៥ សហព័ន្ធ​សហជីព​នៅ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​លិខិត​មួយច្បាប់ ស្នើសុំ​ជួប​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ពិភាក្សា​យោបល់ និង​កែប្រែ​ចំនុច​មួយចំនួន​នៃ​សេចក្តីព្រាងច្បាប់ ស្តីពី សហជីព នៅ​សប្តាហ៍​ទី​៣ ក្នុង​ខែធ្នូ​នេះ ឬក៏​នៅពេល​វេលា​សមស្រប​ណាមួយ​៕​

គណៈកម្មការ​ចំពោះ​កិច្ច​រវាង​គណបក្ស​ទាំងពីរ នឹង​ជួបជុំគ្នា នៅ​សប្តាហ៍ និយាយ​ពី​សេចក្តីព្រាងច្បាប់​សហជីព​