លោក ជួង ជូងី នឹង​ចូល​ទៅ​បំភ្លឺ​ ក្នុង​តុលាការ​ដំបូង​ជំនួស ​កូនក្តី​របស់ខ្លួន

ភ្នំពេញ៖ នៅថ្ងៃទី២៨ធ្នូខាងមុខនេះ តុលាការដំបូង នឹងកោះហៅ តំណាងរាស្រ្តបក្សប្រឆាំង២រូប គឺលោកញ៉យ ចំរើន និងលោកគង់ សភា ចូលបំភ្លឺរឿងហិង្សាមុខរដ្ឋសភា ក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី។ លោកញ៉យ ចំរើន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និង លោក គង់ សភា តំណាងរាស្ត្រមណ្ឌលស្វាយរៀង ត្រូវជនមួយក្រុមប្រើហិង្សា បណ្តាលឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី២៦តុលាឆ្នាំ ២០១៥កន្លងទៅ។ បន្ទាប់មកតំណាងរាស្រ្តទាំងពីររូបនេះ បានប្តឹងទៅតុលាការដំបូង ពីបទប៉ុនប៉ងឃាតកម្ម គិតទុកជាមុន ដោយចេតនា ដោយម្នាក់ៗទាមទារ សំណងជំងឺ១០០លានរៀល។

លោកជួង ជូងី ជាមេធាវីការពារក្តីអោយលោកញ៉យ ចំរើន និងលោកគង់ សភា ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា  តំណាងរាស្រ្តទាំង២កំពុងបំពេញ ការងារនៅក្រៅប្រទេស មិនទាន់ដឹងថាគាត់មកវិញទាន់ ឬយ៉ាងណាទេ ប៉ុន្តែបើគាត់មកមិនទាន់ លោកជាមេធាវីតំណាងអោយកូនក្តី នឹងចូលទៅបំភ្លឺជំនួស។ សវនការនោះ នឹងធ្វើឡើងពេញមួយថ្ងៃលើសុំនុំរឿងតែមួយ តែម្នាក់ហៅពេលព្រឹក និងម្នាក់ទៀតហៅពេលល្ងាច។ លោកជួង ជូងី មិនទាន់ដឹងថាអ្នកណានឹង ចូលទៅបំភ្លឺនៅពេលព្រឹក ឬល្ងាចទេ។

តាមផ្លូវច្បាប់ ក្រោយពីសាកសួររួចរាល់ និងគ្រប់លក្ខណ៍ ចៅក្រមនឹងបើកការជុំនុំជុំរះ។លោកជួង ជូងី បានត្អូញត្អែរថា សាលាដំបូងចាត់ការលើបណ្តឹងនេះ      មានភាពយឺតយ៉ាវ។ លោកនឹងពិភាក្សា ជាមួយកូនក្តីរបស់លោក ដើម្បីអោយតុលាការពន្លឺន នៃការបើកសវនការនេះ។

កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ មនុស្ស៣នាក់បានចូលសារភាព នៅចំពោះមុខសមត្ថកិច្ចរបស់ក្រសួងមហា ផ្ទៃ។ ទី១ ឈ្មោះ ចាយ សារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ទី២-ឈ្មោះ ម៉ៅ ហឿន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង និងទី៣-ឈ្មោះ ស៊ុត វណ្ណនី ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។ សព្វថ្ងៃអ្នកទាំង៣នាក់នេះ កំពុងរស់នៅក្នុងពន្ឋនាគារ បន្ទាប់ពីតុលាការដំបូង សម្រេចោទប្រកាន់ពី បទបង្កហិង្សាដោយចេតនា៕

លោក ជួង ជូងី នឹង​ចូល​ទៅ​បំភ្លឺ​ ក្នុង​តុលាការ​ដំបូង​ជំនួស ​កូនក្តី​របស់ខ្លួន