វៀតណាម​នៅ​កំពង់ឆ្នាំង​​ថា​នឹង​ឡើង​នៅ​លើ​គោក​តាម​កាល​កំណត់​របស់​អាជ្ញាធរ

អ្នក​ភូមិ​បណ្ដែត​ទឹក​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម នៅ​ខេត្ត​កំពង់ឆ្នាំង ប្រកាស​ថា ខ្លួន​នឹង​ឡើង​តាំង​ទីលំនៅ​លើ​គោក​តាម​កាល​កំណត់​របស់​រដ្ឋាភិបាល។ ប៉ុន្តែ​ពួកគាត់​ខ្លះ​កំពុង​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន ហើយ​ស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ជួយ​ដោះស្រាយ។

សកម្មភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ការ​សិក្សា​របស់​ក្មេង​តូចៗ និង​ការ​ដោះដូរ​ទំនិញ​ផ្សេងៗ​ក្នុង​រយៈ​ពេល​ជិត ៣​ខែ របស់​អ្នក​ភូមិ​បណ្ដែត​ទឹក ៩៩៦​គ្រួសារ មាន​ការ​លំបាក ក្រោយ​ពី​អាជ្ញាធរ​ផ្លាស់​ទី​ទៅ​ឆ្ងាយ​ពី​ទីប្រជុំជន ឬ​ផ្សារ​ក្រោម ទៅ​រស់​នៅ​លើ​ទឹក​ត្រង់​ចំណុច​ពាមញ នៃ​ឃុំ​ស្វាយជ្រំ ស្រុក​រលាប្អៀរ ចម្ងាយ​ប្រមាណ ៣​គីឡូម៉ែត្រ ប៉ុន្តែ​ពួកគេ​សុខ​ចិត្ត​អនុវត្ត​តាម​វិធានការ​របស់​អាជ្ញាធរ។

ជនជាតិ​វៀតណាម​ម្នាក់ លោក ច្រឹង យ៉ាំងរស់ មាន​ប្រសាសន៍​ថា អ្នក​ភូមិ​បណ្ដែត​ទឹក ជា​ពិសេស​ជនជាតិ​វៀតណាម មាន​ជីវភាព​ក្រីក្រ​គ្មាន​លទ្ធភាព​រក​ទិញ​ដី​រស់​នៅ​លើ​គោក​បាន​ទេ ហើយ​ក៏​ពុំ​ទាន់​មាន​ត្រៀម​លុយ​កាក់ ឬ​សម្ភារៈ​អ្វី​ឡើង​គោក​ដែរ។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​គោល​នយោបាយ​ដីធ្លី​នៅ​ក្បែរ​ទន្លេ និង​រក្សា​បែរ​ត្រី​ពួកគាត់​នៅ​ក្នុង​ទន្លេ​ដដែល ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ៖ «បើ​គេ (ជន​ជាតិ​វៀតណាម) អ្នក​មាន​លុយ​គេ​ចេះ​តែ​ទិញ​ដី​ត្រៀម​ខ្លះ បើ​អ្នក​ខ្លះ​ក្រ​អត់​ទេ ដូច​ខ្ញុំ​អ៊ីចឹង​ក៏​អត់​ទាន់​មាន​ផង។ បើ​ដូច​ខ្ញុំ​គ្រាន់​តែ​បាន​ស៊ី​គ្រប់គ្រាន់​មិន​ទាន់​មាន​លុយ​ទិញ​ផង រួច​មាន​ក្រ​ច្រើន​ទៀត»

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង បាន​ផ្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក ១.៤៨៦​ខ្នង ភាគ​ច្រើន​ជា​ផ្ទះ​របស់​ជនជាតិ​វៀតណាម នៅ​ភូមិ​ចុងកោះ និង​ភូមិ​កណ្ដាល នៃ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ចេញ​ឲ្យ​ផុត​ពី​តំបន់​អភិវឌ្ឍន៍​ច្រាំង​ទន្លេ​កាល​ពី​ដើម​ខែ​តុលា ឆ្នាំ​២០១៥។ បើ​ទោះ​បី​ជា​ផ្ទះ​ទាំង​នេះ​ចេញ​ផុត​ពី​តំបន់​អភិវឌ្ឍន៍ អាជ្ញាធរ​គ្រោង​ឲ្យ​អ្នក​ទាំង​នោះ​ឡើង​រស់​នៅ​លើ​គោក ដើម្បី​បញ្ចៀស​ការ​បំពុល​ទឹក និង​រៀបចំ​ទីតាំង​នោះ​ឲ្យ​ទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ដែល​មាន​តែ​ផែ និង​បែរ​ចិញ្ចឹម​ត្រី​របស់​អ្នកភូមិ។

ទាក់ទង​បញ្ហា​នេះ​អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធាន​ក្រុម​ការងារ​រៀបចំ​ផ្ទះ​បណ្ដែត​ទឹក លោក ស៊ុន សុវណ្ណារិទ្ធិ ថ្លែង​ថា អាជ្ញាធរ​ពុំ​មាន​គោលនយោបាយ​ដីធ្លី​ជូន​អ្នកភូមិ​បណ្ដែត​ទឹក ឬ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ឡើង​រស់នៅ​លើ​គោក​នោះ​ទេ ដូច្នេះ​ពួកគាត់​ត្រូវ​មាន​ភាព​ម្ចាស់​ការ​លើ​ខ្លួន​ឯង​ក្នុង​ការ​តាំង​ទី​លំនៅ​ថ្មី​នៅ​លើ​គោក។ អាជ្ញាធរ​មិន​ទាន់​ទទួល​បាន​សំណូមពរ​របស់​អ្នក​ភូមិ​ដែល​ចង់​រស់​នៅ​ក្បែរ​ទន្លេ និង​រក្សា​បែរ​ត្រី​នៅ​ក្នុង​ដដែល​នោះ​ទេ តែ​លោក​ថា សំណូមពរ​បែប​នេះ​ទាល់​តែ​មាន​អាជ្ញាធរ​ថ្នាក់​ជាតិ​ទើប​អាច​សម្រេច​បាន ខណៈ​ក្រុម​ការងារ​ផ្ដោត​លើ​ការ​អភិវឌ្ឍ​ផ្សារ និង​ផ្លូវ​ថ្នល់​ជូន​អ្នក​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​នៅ​កន្លែង​ថ្មី។

លោក ស៊ុន សុវណ្ណារិទ្ធិ៖ «ប៉ុន្តែ​ក្រុម​ការងារ​នឹង​ខិតខំ​រក​ទីតាំង​មួយ​មិន​ឆ្ងាយ​ពី​ទន្លេ និង​មិន​ឆ្ងាយ​ពី​ទី​ផ្សារ​ថ្មី ហើយ​ផ្លូវ​ថ្នល់​អាច​ធ្វើ​ចរាចរណ៍​បាន ហើយ​សង្ឃឹម​ថា បង​ប្អូន​នឹង​អាច​ទទួល​យក​បាន។ អ៊ីចឹង​តាម​គោលនយោបាយ​សម្រាប់​អ្នក​ដែល​មាន​ប័ណ្ណ​សម្គាល់​សិទ្ធិ​យើង​ដោះ​តាម​របៀប​ផ្សេង ហើយ​អ្នក​នៅ​ផ្ទះ​ទឹក​យើង​ដោះស្រាយ​តាម​ផែនការ​យុទ្ធសាស្ត្រ​ផ្សេងៗ​គ្នា យើង​មិន​អាច​យក​ទាំង​អស់​ហ្នឹង​ទៅ​ដាក់​មួយ​កន្លែង​អត់​បាន ព្រោះ​យើង​ក៏​អត់​មាន​ទីតាំង​អាច​ទទួល​យក​បាន​ទាំង​អស់​ហ្នឹង​ដែរ»

លោក​បញ្ជាក់​ថា បច្ចុប្បន្ន​ក្រុម​ការងារ​កំពុង​សិក្សា​លម្អិត​លើ​ផល​ប៉ះពាល់​ផ្ទះ​សម្បែង​ជាង ៤០០​ខ្នង ដែល​ឋិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍ ហើយ​គោលនយោបាយ​ដោះដូរ​មាន​ភាព​ខុស​គ្នា​ទៅ​តាម​ផ្ទះ​នីមួយៗ។

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង កំពុង​អនុវត្ត​លើ​គម្រោង​អភិវឌ្ឍន៍​សួនច្បារ និង​ច្រាំង​ទន្លេ នៅ​ក្រុង​កំពង់ឆ្នាំង ដោយ​ប្រើ​រយៈ​ពេល ៥​ឆ្នាំ គឺ​គិត​ចាប់​ពី​ឆ្នាំ​២០១៥។ គម្រោង​នេះ​សំដៅ​លើក​កម្ពស់​សណ្ដាប់ធ្នាប់ និង​សោភ័ណភាព​ក្នុង​ក្រុង ហើយ​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ នៃ​ពិធី​បុណ្យ​ទន្លេ​នា​ថ្ងៃ​អនាគត​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។