កញ្ញា ជា សេង​ហូ​យ និស្សិត​ជនបទ មាន​មហិច្ឆតា ចង់​ក្លាយជា​អគ្គរាជទូត​

​ភ្នំពេញ​៖ ខុសពី​យុវតី​មួយចំនួន ដែល​តែងតែ​ឆ្លងដែន ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ កញ្ញា ជា សេង​ហូ​យ បាន​ជំនះ​ពី​ជនបទ​ចុងកាត់មាត់ញក ឡើងមក​រៀន​នៅ​ភ្នំពេញ ដើម្បី​សម្រេច​បំណង​របស់ខ្លួន ដែល​ចង់​ក្លាយជា​ឯកអគ្គរាជទូត​របស់​កម្ពុជា​។ ជា​អ្នក​ខេត្តបន្ទាយមានជ័យ ដែល​ក្នុងចំណោម​អ្នកភូមិ មាន​និស្សិត​តែ​២​ឬ​៣​នាក់​ប៉ុណ្ណោះ ដែល​បានមក​សិក្សា​នៅ​ភ្នំពេញ ប៉ុន្តែ  កញ្ញា​មាឌតូច​ច្រ​ឡឹ​កវ័យ​១៩​ឆ្នាំ​រូបនេះ កំពុង​រៀន​ចំនួន​ពីរ​សាកលវិទ្យាល័យ និង​ភាសាបរទេស​ទៀតផង​។​

​កើត​នៅក្នុង​គ្រួសារ​ធូរធារ​មួយ​ដែល​ម្តាយ គឺជា​គ្រូបង្រៀន និង​ឪពុក​ជា​គ្រូពេទ្យ ស្ថិតនៅក្នុង ភូមិ​ប៉ុស្តិ៍​ចាស់ ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ មិនមាន​ច្រើន​ទេ អ្នក​ដែល​បានមក​រៀន​នៅ​ភ្នំពេញ ពីព្រោះ​ទីនោះ ជា​តំបន់​ដាច់ស្រយាល ប៉ុន្តែ កញ្ញា ជា សេង​ហូ​យ បាន​ជំនះ​ពី​ម​ជ្ឍ​ដា្ឋ​ន​ដែល​ពុំ​សូវ​ទទួលបាន​ការអប់រំ ដើម្បី​កសាង​អនាគត លើ​ទឹកដី​រាជធានី​ភ្នំពេញ ដែលជា​បេះដូង​នៃ​ប្រទេស​កម្ពុជា​។ រស់នៅ​បន្ទប់​ជួល​តូច​មួយ ជាមួយ​បងប្អូន​បង្កើត​ចំនូ​ន​៣​នាក់ សេង​ហូ​យ បាន​រៀន​ចំនួន​ពីរ​សាកលវិទ្យាល័យ គឺ​រៀន​ជំនាញ​សេដ្ឋកិច្ច នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ។

កញ្ញា ជា សេង​ហូ​យ និស្សិត​ជនបទ មាន​មហិច្ឆតា ចង់​ក្លាយជា​អគ្គរាជទូត​ជា​និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​សេដ្ឋកិច្ច យុវតី​សម្បុរ​សរូប​នេះ បាន​និយាយថា នាង​ចង់​ក្លាយជា​អ្នកជំនួញ​ដ៏​មាន​ឥទ្ធិពល​ម្នា​ក់នៅ​កម្ពុជា​។ ជា​កូន​ទី​ពីរ ក្នុងចំណោម​បងប្អូន​៣​នាក់ សេង​ហូ​យ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​គិតថា​សេដ្ឋកិច្ច មាន​សារសំខាន់​ណាស់ ព្រោះ​វា​មាន​ទំនាក់ទំនង​ជាមួយ​ជីវភាព​រស់នៅ​»​។

​មិន​ត្រឹមតែ​ចង់​ក្លាយជា​អ្នកជំនួញ​តែមួយ​មុខ​នោះទេ ប៉ុន្តែ សេង​ហូ​យ នៅ​ឆ្លៀត​រៀន​មុខវិជ្ជា​មួយទៀត គឺ​មុខវិជ្ជា​ទំនាក់​ទំនាក់​អន្តរជាតិ​។ មុខវិជ្ជា​នេះហើយ  បាន​ជំរុញ​ទឹកចិត្ត​នាង ចង់​ក្លាយជា​អគ្គរាជទូត​របស់​កម្ពុ​ជា​នៅ​ថ្ងៃ​អនាគត​។ មាឌ​ទាប​បន្តិច កញ្ញា សេង​ហូ​យ បញ្ជាក់​បន្ថែមទៀតថា​៖ «​ខ្ញុំ​ក្លាយជា​អ្នកការទូត ហើយ​បើ​មានឱកាស ខ្ញុំ​នឹងធ្វើ ជា​ឯកអគ្គរាជទូត​របស់​កម្ពុជា​»​។​

​ចំពោះ​ការឡើង​មក​រៀន​នៅ​ភ្នំពេញ សេង​ហូ​យ​បាន​រៀបរាប់​ពី​មូល​ហេតុថា នាង​មិន​ចង់​ផ្តេកផ្តួល ទៅតាម​ម​ជ្ឍ​ដ្ឋា​ន​ដែល​នាង​ធ្លាប់​រស់នៅ​តាម​ខេត្ត​ឡើយ ព្រោះ​អ្នកភូមិ​របស់​នាង មិនសូវ​បាន​ឡើងមក​រៀន​នៅ​ភ្នំពេញ​នោះទេ​។ និយាយ​បណ្តើរ​ងើយ​ទៅលើ​ហាក់​កំពុង​រក​នឹក​ដើម្បី​ឆ្លើយ​សំណួរ កញ្ញា​វ័យក្មេង​រូបនេះ បានបញ្ជាក់​បន្តថា «​អ្នកភូមិ​ខ្ញុំ គេ​មាន​ផ្នត់គំនិត​មួយ គឺ គ្រាន់តែ​ធំ​បន្តិច គេ​ឲ្យ​កូន​គេ​រកលុយ ដោយ​គេ​រុញ​កូន​គេ​ឲ្យ​ទៅ​ថៃ ដើម្បី​រកលុយ ប៉ុន្តែ​សម្រាប់​ខ្ញុំៗ​យល់ថា ការរៀនសូត្រ ទើប​ធ្វើ​ឲ្យ​មាន​អនាគត​ល្អ​»​។​

​ទោះបីជា នាង​រស់នៅ​ភ្នំពេញ ដោយ​បារម្ភ​ពី​សុវត្ថិភាព និង​សន្តិសុខ​ផ្ទាល់​ខ្លះៗ​ក៏ដោយ ប៉ុន្តែ នាង​និយាយថា នាង​ហាក់​មានសំណាង​ជាង​យុវជន​ដទៃ ព្រោះ ឪពុកម្តាយ របស់​នាង បាន​លើកទឹកចិត្ត និង​ទំនុកបម្រុង​ការសិក្សា​គ្រប់បែបយ៉ាង​។ អង្គុយ​និយាយ លាយ​ជាមួយ​កាយវិការ​ផង​នោះ កញ្ញា​សេង​ហូ​យ បាន​រៀបរាប់ថា «​កម្លាំងចិត្ត​ពី​គ្រួសារ ការ​ទំនុកបម្រុង​ពី​គាត់ និង​ការខិតខំ​រៀន​របស់ខ្ញុំ គឺជា​កត្តា​ជំរុញ ឲ្យ​ខ្ញុំ​អាច​មកដល់​ភ្នំពេញ​នៅថ្ងៃនេះ​»​។​

​ជា​សិស្ស​ផ្លោះ​ថ្នាក់​តាំងពី​បឋមសិក្សា កញ្ញា សេង​ហូ​យ មានការ​សោកស្តាយ ដែល​យុវជន នៅក្នុង​ភូមិ​របស់​នាង​មិនសូវ​បាន​រៀនសូត្រ​។ នាង​យល់ថា អនាគត​របស់​ពួកគេ គឺ​ប្រហែល មិនល្អ​ប៉ុន្មាន​ទេ​។ ពាក់​អាច​ពណ៌​ស សំពត់​ពណ៌​ខៀវ និស្សិត​ជនបទ​រូបនេះ បាន​ផ្តាំផ្ញើ ទៅ​យុវជន​ទាំងអស់​ដែល​នៅ​ជនបទ គឺ​គួរតែ​ជំនះ​ឧបសគ្គ ដើម្បី​ស្វែងរក​ចំណេះដឹង​ដាក់ខ្លួន​។ និយាយ​ញាប់ៗ នាង​បាន​សង្កត់ធ្ងន់ថា​៖ «​ខ្ញុំ​សូម​ផ្តាំផ្ញើ ដល់​យុវជន ដែល​នៅ​ជនបទ​ឆ្ងាយៗ គួរតែ​ពង្រឹង​ខ្លួនឯង ខិតខំ​រៀនសូត្រ​ឲ្យ​បាន​ខ្ពស់ ពីព្រោះ ការធ្វើការងារ​ដោយ​ប្រើ​កម្លាំង វា​មិន​ងាយស្រួល​នោះទេ​»៕