សហជីពសេរីកម្មករ មិនហែរក្បួនទៅកាន់ រូបសំណាក លោក ជា វិជ្ជា

ភ្នំពេញ៖ នៅព្រឹកមិញនេះ អភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស ប្រាប់ក្រុមអ្នកកាសែតថា សាលាក្រុងអនុញ្ញាត អោយមានការជួបជុំ មុខរូបសំណាក លោក ជា វិជ្ជា ប៉ុន្តែមិនអោយហែរក្បួន។ ការដង្ហែរក្បួនអាចធ្វើឲ្យ ជនឱកាសនិយម ឬបាតដៃទី៣ បង្កបញ្ហាអសន្តិសុខ និងប៉ះពាល់ធ្ងន់ធ្ងរ ដល់សណ្ដាប់ធ្នាប់សាធារណៈ។ ក្រុមសហជីពនិង អ្នកជាប់ពាក់ព័ន្ឋអាចជួបជុំគ្នា នៅទីតាំងរៀងខ្លួន ឬធ្វើឡើងពីមុខរូបសំណាក លោក ជា វិជ្ជា នៅក្បែរវត្តលង្កា។

លោកជា មុន្នី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា លោកមិនហែរក្បួនពុំមែនខ្លាចអំណាចរបស់សាលារាជធានីភ្នំពេញឡើយ គឺសហជីពសេរីកម្មករ មានគោលការណ៍ របស់សហជីពជាក់លាក់។ លោកពន្យល់ថា” ឃាតកម្មបាញ់សម្លាប់ លោក ជា វិជ្ជា ធ្វើឡើងកាលថ្ងៃទី២២ មករាឆ្នាំ២០០៤។

ចាប់ពីឆ្នាំ២០០៥ ដល់២០១៤ ទោះបីជាស្ថានការណ៍នយោបាយ តឹងតែងក៏ដោយក៏សហជីពសេរី នៅតែរក្សាជំហហែរពី ការិយាល័យមកដល់មុខ ទីតាំងបាញ់សម្លាប់ លោក ជា វិជ្ជា។ ឆ្នាំ២០១៥ យើងអត់ហែរទេ ដោសយារតែ យើងមានសំណាកជាវិជ្ជា ជានិម្មិតរូបហើយ យើងអត់ហែទេគ្រាន់តែ ដាក់កំរងផ្កា ដើម្បីធ្វើបុណ្យ តាមប្រពៃណីខ្មែរ ដើម្បីឧទ្ទិសកុសល់ដល់លោកជា វិជ្ជា។ នៅឆ្នាំ២០១៦នេះវិញក៏អត់ហែរដែរ គ្រាន់តែមកដាក់កំរង់ផ្កា និងឧទ្ទិសកុសលដល់លោកជាវិជ្ជា ដែលលោកធ្លាប់ ការពារសិទ្ឋកម្មករ”។

លោកបន្ថែម ” ករណីកម្មករផ្សេងៗ ហែរខុសពីគោលការណ៍ របស់ហជីពសេរីកម្មករ តែបើមាកម្មករគេហែរមែននោះ វាជាសិទ្ឋសេរីភាពរបស់គេ ព្រោះសាលាក្រុងហាម តែពួកប្រជាធិបតេយ្យទេ អ្នកដែលគាំទ្របក្សកាន់អំណាច គេធ្វើអ្វីក៏ធ្វើបាន”។

លោក ជា មុន្នី និងក្រុមគ្រួសារនឹងរៀបចំពិធីបង្សុកូល គម្រប់ខួប១២ឆ្នាំ នៃការស្លាប់របស់លោក ជា វិជ្ជា នៅថ្ងៃទី២២ មករាឆ្នាំ២០១៦ខាងមុខ។ លោក ជា មុន្នី បន្តថា គម្រោងអ្នកចូលរួមក្នុងពិធីបង្សុកូលមានចំនួនជា១ពាន់នាក់ ប៉ុន្ដែគម្រោងនេះមិនទាន់អាចកំណត់បាន ដោយសារតែមានអង្គការសង្គមស៊ីវិល គណបក្សនយោបាយ និងកម្មកររោងចក្រចូលរួមច្រើនទៀត។ សារសំខាន់នៅក្នុងពិធីនោះ នៅតែទាមទាឲ្យតុលាការបន្ដស្វែងរកឃាតករសម្លាប់លោក ជា វិជ្ជា ដើម្បីរកយុត្តិធម៌ ជូនបងរបស់ប្រុសលោក។

ក្រោយពីឃាតកម្មលើរូបលោក ជា វិជ្ជា ប៉ុន្មានថ្ងៃ លោក ប៊ន សំណាង និង សុខ សំអឿន ត្រូវបាន តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទីមួយ ខែសីហា ឆ្នាំ ២០០៥ កាត់ឱ្យ ជាប់ពន្ធនាគារចំនួន២០ឆ្នាំ ពីបទឃុបឃិតប្រព្រឹត្តអំពើឃាតកម្ម គិតទុកជាមុនលើរូបលោកជា វិជ្ជា ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្មានឆ្នាំក្រោយមក ក៏មានការដោះលេង អោយមានសេរីភាពវិញ ដោយមតិជាទូទៅគេចាត់ទុកថា អ្នកទាំង២នាក់នោះ ជាឃាតករសម្បនិម្មិត៕

សហជីពសេរីកម្មករ មិនហែរក្បួនទៅកាន់ រូបសំណាក លោក ជា វិជ្ជា