សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​ប្រកាស​តែងតាំង​សាកល​វិទ្យា​ធិ​ការ​ថ្មី

រាជធានី​ភ្នំពេញ ៖ សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា (CUP) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​លេខ​២០៥ កែង​ផ្លូវ​លេខ​៣១០ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន បាន​ប្រកាស​តែងតាំង​លោក​បណ្ឌិត​សភាចា​រ្យ សោម សុ​មុនី ជា​សាកល​វិទ្យា​ធិ​ការ​ថ្មី បន្ទាប់​ពី​សាកលវិទ្យាល័យ​មាន​ភាព​រង្គោះរង្គើរ​អស់​មួយ​រយៈពេល​ខ្លី​កន្លង​មក ។

ពិធី​ប្រកាស​តែងតាំង​សាកល​វិទ្យា​ធិ​ការ​ថ្មី​ខាងលើ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក​សាស្ត្រាចារ្យ បណ្ឌិត ជា ចំរើន អតីត​សាកល​វិទ្យា​ធិ​ការ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា និង​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​កម្ពុជា​សេរីភាព ដែល​ទើបតែ​បង្កើត​ថ្មី ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ ។

លោក​ឧ​ញ៉ា បណ្ឌិត ជា ចំរើន ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា បាន​មាន​ប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​លោក​បណ្ឌិត TJ Hussiu មក​ពី​ប្រទេស​សិង្ហ​បុរី ដែល​បាន​ចូលរួម​សហ​គាំទ្រ​សកល​វិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា ហើយ​ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់ នៃ​សកល​វិទ្យាល័យ CUP  ។ ជាមួយ​គ្នា​នោះ​ដែរ លោក​ឧកញ៉ា បណ្ឌិត ជា ចំរើន ក៏​បាន​មាន​ប្រសាសន៍​ថា ការ​ពង្រឹង​សាកលវិទ្យាល័យ​ឡើង​វិញ​នេះ គឺជា​ការ​ជម្រុញ​អោយ​យុវជន​ទាំងអស់​ត្រូវ​រៀបចំ​ខ្លួន​ចូលរួម​ជាមួយ​សមាហរណកម្ម​អាស៊ាន​ឆ្នាំ​២០១៦​ខាង​មុន​នេះ ។

គួរ​បញ្ជាក់​ថា សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា រៀបចំ​កម្មវិធី​នេះ​ឡើង​គឺ​ប្រព្រឹត្ត​ទៅ​ក្នុង​គោលបំណង​ចូលរួម​អបអរសាទរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​សកល និង​ជា​ពិធី​គោរព​ឆ្លង​ឆ្នាំ​ចាស់ ឆ្នាំ​២០១៥​កន្លង​ផុត​ទៅ​ផង​ដែរ ៕