រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ថ្មី​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម

នាយករដ្ឋមន្ត្រី​កម្ពុជា សម្រេច​បង្កើត​គណៈកម្មការ​ថ្មី​មួយ ដើម្បី​សម្របសម្រួល​ដោះស្រាយ​វិវាទ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម។ សមាសភាព​នៅ​ក្នុង​គណៈកម្មការ​ថ្មី​នេះ មាន​តំណាង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ ក្រសួង​ការបរទេស ក្រសួង​ការពារ​ជាតិ និង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ទៀត។

គណៈកម្មការ​ថ្មី​ដែល​ទើប​ប្រសូត​ឡើង​នេះ មាន​ឈ្មោះ​ថា "គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា-​វៀតណាម"។ គណៈកម្មការ​នេះ​ស្ថិត​នៅ​ក្រោម​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន។

​តាមរយៈ​សេចក្ដី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ចុះ​ហត្ថលេខា​ដោយ​លោក ហ៊ុន សែន គណៈកម្មការ​ថ្មី​នេះ មាន​សមាសភាព​ចំនួន ៣៣​រូប​ចូល​រួម រាប់​ទាំង​លោក វ៉ា គឹមហុង លោក ឡុង វិសាលោ លោក នាង ផាត អ្នកស្រី កុយ ពិសី អភិបាល​ខេត្ត​ទាំង​៩ ដែល​នៅ​ជាប់​ប្រទេស​វៀតណាម មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​មន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ជាដើម។

នៅ​ក្នុង​សេចក្ដី​សម្រេច​ដែល​មាន​ចំនួន ៧​ប្រការ។ ប្រការ​ទី​២ បាន​ចែង​ពី​តួនាទី​នៃ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា-​វៀតណាម។  ភារកិច្ច​ទាំង​នោះ​មាន អនុវត្ត​ឲ្យ​បាន​សម្រេច​នូវ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ ឆ្នាំ​១៩៨៥ សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ និង​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​ការ​កែ​សម្រួល​ព្រំដែន​គោក ឆ្នាំ​២០១១។ បន្ថែម​ពី​លើ​នេះ គណៈកម្មការ​នេះ ក៏​ដើរ​តួនាទី​ចរចា​ជាមួយ​ប្រទេស​វៀតណាម រៀបចំ​បែបបទ​ផ្លូវ​ច្បាប់​ដើម្បី​ដោះស្រាយ​វិវាទ​ព្រំដែន។ គណៈកម្មការ​នេះ ក៏​នឹង​ចូលរួម​កំណត់​ការ​បើក និង​តម្កើង​ច្រក​ព្រំដែន​កម្ពុជា-​វៀតណាម។ ការិយាល័យ​នៃ​គណៈកម្មការ​នេះ ស្ថិត​នៅ​ក្នុង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ហើយ​មាន​សិទ្ធិ​ប្រើ​ត្រា​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

ប្រធាន​គណៈកម្មាធិការ​ព្រំដែន លោក វ៉ា គឹមហុង ពន្យល់​ថា មាន​មូលហេតុ​មួយ​ចំនួន​នៅ​ពី​ក្រោយ​ពី​ការ​បង្កើត​គណៈកម្មការ​ថ្មី​នេះ៖ «»។

លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ដែល​តែង​ចេញ​បកស្រាយ​រឿង​ផែនទី​កំណត់​ព្រំដែន​កម្ពុជា-​វៀតណាម យល់​ថា គណៈកម្មការ​ថ្មី​នេះ នឹង​អាច​ធ្វើការ​មាន​ប្រសិទ្ធភាព ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន​រ៉ាំរ៉ៃ។

ទោះ​យ៉ាង​ណា មន្ត្រី​បក្ស​ប្រឆាំង​នៅ​កំពុង​រស់​នៅ​បរទេស​រូប​នេះ ស្នើ​ឲ្យ​លុប​ចោល​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដែល​លោក​យល់​ថា វា​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា បាត់​ដី​ទៅ​ប្រទេស​វៀតណាម៖ «»។

នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ នាយករដ្ឋមន្ត្រី​កម្ពុជា និង​វៀតណាម សម្ពោធ​បង្គោល​ព្រំដែន​ចំនួន​នៅ​ខេត្ត​រតនគិរី និង​ខេត្ត​តាកែវ។

សម្រាប់​តំណាង​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន វិញ លោក​អះអាង​ថា ការ​បោះ​បង្គោល​ព្រំដែន​នៅ​ច្រក​ព្រំដែន​អូរយ៉ាដាវ នៃ​ខេត្ត​រតនគិរី ធ្វើ​ឲ្យ​ភាគី​កម្ពុជា ខាត៖ «»។

​ប្រធាន​គណៈកម្មាធិការ​ព្រំដែន លោក វ៉ា គឹមហុង ថា ការ​ដែល​មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​លុប​ចោល​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ គឺ​និយាយ​គ្មាន​មូលដ្ឋាន និង​ហេតុផល​គ្រប់គ្រាន់៖ «»។

លោក វ៉ា គឹមហុង ដែល​បាន​ចូល​រួម​សម្ពោធ​បង្គោល​ព្រំដែន​នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ថ្លែង​ថា រដ្ឋាភិបាល​បាន​ខិតខំ​បោះ​បង្គោល​ព្រំដែន ដើម្បី​ជៀសវាង​វិវាទ​ព្រំដែន​នៅ​ជំនាន់​ក្រោយៗ​ទៀត។

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៥ ក្រុម​ស្រាវជ្រាវ​ផែនទី​កម្ពុជា-​វៀតណាម នៃ​រាជបណ្ឌិត្យសភា​កម្ពុជា អះអាង​ថា ផែនទី​ដែល​រដ្ឋាភិបាល​កម្ពុជា ប្រើប្រាស់​ដើម្បី​បោះ​បង្គោល​ព្រំដែន គឺ​ត្រឹមត្រូវ​ស្រប​ទៅ​នឹង​ផែនទី​របស់​អង្គការ​សហប្រជាជាតិ របស់​សហរដ្ឋអាមេរិក និង​របស់​បារាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។