អភិបាល​រាជធានី​ថា​មិន​សុំទោស​រឿង​លុប​រូប​គំនូរ​នៅ​លើ​ជញ្ជាំង​អគារ​ប៊ូឌីង

អភិបាល​រាជធានី​ភ្នំពេញ ថា លោក​គ្មាន​កំហុស​ដែល​ត្រូវ​សុំទោស​ដោយសារ​ការ​លុប​គំនូរ​ស្ត្រី​កាន់​ម្ជុល​ដេរ​ប៉ាក់​នៅ​លើ​ជញ្ជាំង​អគារ​ប៊ូឌីង នោះ​ទេ។ លោក ប៉ា សុជាតិវង្ស នៅ​តែ​អះអាង​ថា ចំណាត់​ការ​របស់​សាលា​រាជធានី​ដើម្បី​ឲ្យ​សណ្ដាប់ធ្នាប់​សាធារណៈ​មាន​របៀប​រៀបរយ។

អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស ហៅ​ការ​គូរ​គំនូរ​នោះ​ថា ធ្វើ​ឡើង​ដោយ​អាធិបតេយ្យ ដូច្នេះ​សាលាក្រុង​លុប​រូប​ចោល​ព្រោះ​គ្មាន​ច្បាប់​ទម្លាប់ និង​គ្មាន​ការ​អនុញ្ញាត។ ប្រតិកម្ម​តប​របស់​លោក ប៉ា សុជាតិវង្ស នេះ បន្ទាប់​ពី​មាន​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម និង​សង្គម​ស៊ីវិល ដែល​ទាមទារ​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ សុំ​ទោស​ចំពោះ​ការ​លុប​រូប​នេះ។

​ឆ្លើយ​នឹង​សំណួរ​របស់​វិទ្យុ​អាស៊ីសេរី បន្ទាប់​ពី​សម្ពោធ​សាលា​សង្កាត់ និង​ប៉ុស្តិ៍​នគរបាល​ស្ពានថ្ម ខណ្ឌ​ដង្កោ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ធ្នូ លោក ប៉ា សុជាតិវង្ស ថា លោក​ទទួល​យក​រាល់​ការ​រិះគន់​ទាំង​ឡាយ ប៉ុន្តែ​អាជ្ញាធរ​ត្រូវតែ​ប្រកាន់​ជំហរ​គ្រប់គ្រង​ការងារ​របស់​ខ្លួន​ឲ្យ​បាន​កាន់តែ​ល្អ។ លោក​អភិបាល​បន្ត​អះអាង​ថា កន្លង​មក​មិន​មែន​មាន​តែ​អ្នក​រិះគន់​នោះ​ទេ តែ​ក៏​មាន​អ្នក​សរសើរ​លើ​ការ​លុប​រូប​នេះ​ដែរ៖ «»។

សាលា​រាជធានី​ភ្នំពេញ បាន​លុប​រូប​ស្ត្រី​នៅ​លើ​ជញ្ជាំង​អគារ​ប៊ូឌីង ផ្នែក​ខាង​ជើង កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ដោយ​ចោទ​ថា អ្នក​គូរ​រូប​មិន​បាន​សុំ​ការ​អនុញ្ញាត​ជា​មុន។ ប្រតិកម្ម​នេះ​បាន​កើត​មាន​ជា​បន្តបន្ទាប់ ផ្ដើម​ដំបូង​ដោយ​ក្រុម​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ស្ត្រី​ដែល​ជា​ម្ចាស់​រូប​នៅ​លើ​ជញ្ជាំង ពលរដ្ឋ​ទូទៅ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ចុង​ក្រោយ​គឺ​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​លើ​ការងារ​ទាក់ទង​នឹង​ស្ត្រី។  សមាគម​ធាងត្នោត រក​ឃើញ​ថា អគារ​ប៊ូឌីង ត្រូវ​បាន​សាងសង់​ក្នុង​អំឡុង​ឆ្នាំ​១៩៦២ សព្វថ្ងៃ​មាន​ពលរដ្ឋ​ជាង ៥០០​គ្រួសារ​កំពុង​រស់​នៅ។

ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​រាត្រី​ទី​២៥ ខែ​ធ្នូ នាយក​ប្រតិបត្តិ​អង្គការ​យេនឌ័រ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា អ្នកស្រី រស់ សុភាព លើក​ឡើង​ថា ការ​លុប​រូប​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម និង​កិត្តិយស​ស្ត្រី​ខ្មែរ។ អ្នកស្រី​យល់​ថា សាលា​រាជធានី​ភ្នំពេញ គួរ​លុប​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង និង​រូប​ស្ត្រី​ស្លៀកពាក់​ស៊ិចស៊ី នៅ​តាម​ក្លឹប​កម្សាន្ត ទើប​ជា​ចំណាត់​ការ​ដែល​ធ្វើ​ឲ្យ​ទីក្រុង​ថ្លៃថ្នូរ៖ «»។

​លោក មេកហ្គ្រេហ្គឺ (MacGregor) ដែល​ជា​អ្នក​គូរ​គំនូរ​ម្នាក់​ក្នុង​ក្រុម​អ្នក​គូរ​ជា​ជនជាតិ​បរទេស​ផ្សេង​ទៀត បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​គូរ​រូប​ស្ត្រី​នេះ ដើម្បី​ឧទ្ទិស​ដល់​សិល្បករ​កម្ពុជា ដែល​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​សម័យ​ខ្មែរ​ក្រហម។ លោក​បន្ថែម​ថា ក្រុម​លោក​សម្រេច​គូរ​រូប​មនុស្ស​សាមញ្ញ ដែល​មិន​មែន​ជា​តារា​ល្បីល្បាញ ដោយសារ​ចង់​តំណាង​ឲ្យ​មនុស្ស​ភាគ​ច្រើន​នៅ​កម្ពុជា។

​គំនូរ​នេះ​ត្រូវ​បាន​គូរ​នៅ​លើ​ជញ្ជាំង​អគារ​ប៊ូឌីង កាល​ពី​អំឡុង​ខែ​តុលា ដោយ​ចំណាយ​ពេល​ប្រមាណ​ជា ៤​យប់ ដោយ​វិចិត្រករ​ប្រើ​ឡាន​ស្ទូច​ទើប​អាច​គូរ​បាន។

ដោយ​ឡែក​ស្ត្រី​ដែល​ជា​សាមី​ម្ចាស់​រូប​នៅ​លើ​ជញ្ជាំង​អគារ​ប៊ូឌីង អ្នកស្រី មឿន ថារី ថា​អ្នកស្រី​ចង់​ឃើញ​មាន​ការ​គូរ​រូប​នេះ​ឡើង​វិញ ប៉ុន្តែ​អ្នកស្រី​គ្មាន​រំពឹង​ថា អាច​កើត​ឡើង​ដូច​ក្ដី​រំពឹង​របស់​អ្នកស្រី​នោះ​ទេ៖ «»។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ សរសេរ​នៅ​ទំព័រ​ហ្វេកប៊ុក (Fecebook) ផ្ទាល់​ខ្លួន​របស់​លោក​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ថា "បើ​ជ្រុល​លុប​រូប​នៅ​លើ​ជញ្ជាំង​អគារ​ប៊ូឌីង ដ៏​កញ្ចាស់​អ៊ីចឹង​ហើយ សុខ​ចិត្ត​លាប​ពណ៌​អគារ​ប៊ូឌីង ដើម្បី​ឲ្យ​បាន​ស្អាត​ទីក្រុង"។ សង្គម​ស៊ីវិល​យល់​ថា បន្ទាប់​ពី​មាន​ការ​រិះគន់​លើ​ចំណាត់​ការ​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ នៅ​ពេល​ក្រោយៗ​ទៀត ប្រសិនបើ​សាលាក្រុង​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ ពួកគេ​នឹង​ពិចារណា ឬ​មាន​ការ​ជជែក​ជាមួយ​អ្នក​ពាក់ព័ន្ធ និង​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។