បញ្ជូន​ជនសង្ស័យ​៣​នាក់​និង​វត្ថុ​តាង​ទៅ​តុលាការ​ពី​បទ​ជួញដូរ​គ្រឿងញៀន

ខេត្តសៀមរាប ៖ នគរបាល​ប្រឆាំង​គ្រឿង​ញៀ​ខេត្ត​បាន​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល អធិការ​នគរបាល​ក្រុង​សៀមរាប ប៉ុស្តិ៍​សង្កាត់​មូលដ្ឋាន ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ខណៈ​ពួក​គេ​កំពុង​ចែកចាយ​តាម​ដងផ្លូវ​សាធារណៈ និង​នៅ​ក្នុង​បន្ទប់​ជួល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ពេញ​ក្រុង​សៀមរាប ។

ការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥ និង​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៥​ស្ថិត​នៅ​ចំណុច​ភូមិ​តា​ភុល និង​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា ក្នុង​ការ​ចុះ​បង្ក្រាប​ករណី​ខាង​លើ​នេះ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ រួម​មាន ១-​ឈ្មោះ ពេជ្រ រស្មី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ទូរស័ព្ទ រស់នៅ​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ឃាត់ខ្លួន​ថ្ងៃ​ទី​២៥ ខែធ្នូ (​ចាត់ចែង​ឱ្យ​ប្រើប្រាស់​), ២-​ឈ្មោះ ផង់ វុន ហៅ​ក្រួច ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​បើក​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​ភ្ញៀវ រស់នៅ​ភូមិ​ខ្នាត ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប ឃាត់ខ្លួន​នៅ​យប់​អធ្រាត្រ​ថ្ងៃ​ទី​២៦ ខែធ្នូ (​ជួញដូរ​) និង ៣-​ឈ្មោះ សឿ​ត សំណាង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​បើក​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​ភ្ញៀវ ស្នាក់​នៅ​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ឃាត់ខ្លួន​នៅ​យប់​អធ្រាត្រ​ថ្ងៃ​ទី​២៦ ខែធ្នូ (​ជួញដូរ​) ។

លោក អ៊ុំ សំអាត បន្ត​ថា ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន ទូរស័ព្ទ​ដៃ​២​គ្រឿង​, កញ្ឆា​ក្រៀម​ចំនួន​៤​កញ្ចប់ ស្មើ​ទម្ងន់​១៧.៤​ក្រាម​, បារី​កញ្ឆា​ចំនួន​៧​ដើម និង​ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៣​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕