ក្រិ​ក ៖ រូបសំណាក​ធំថ្មី​នឹង​សង់​ឡើង​ជំនួស​រូប​ចាស់​ដែល​ស្ថិត​ក្នុងចំណោម​អច្ឆរិយវត្ថុ​ពិភពលោក​ទាំង ៧

​រូបសំណាក​ចាស់​នៅ​កោះ​រ៉ូ​ត​ជា​រូប​អាទិទេព Helios កម្ពស់ ៣០ ម៉ែត្រ​ដែល​ស្ថិត​ក្នុងចំណោម​អច្ឆរិយវត្ថុ​ពិភពលោក​ទាំង ៧ នឹងត្រូវ​ជំនួស​ដោយ​រូបសំណាក​ថ្មី​កម្ពស់ ១៥០ ម៉ែត្រ ដែល​ធំ​ជាង​រូបសំណាក​សេរីភាព​នៅ​ទីក្រុង​ញូវយ៉ក​ទៅទៀត​។ រូបសំណាក​បុរាណ​នេះ​បាន​រំលំ​បាក់បែក ដោយសារ​រញ្ជួយ​ដី​កាលពី​ជាង ២ ០០០ ឆ្នាំមុន​។​

​រូបសំណាក​ថ្មី​នេះ​នឹង​សាងសង់ឡើង​នៅលើ​កំពង់ផែ​ចាស់​ដដែល ដោយ​ស្ថាបត្យករ​មានបំណង​ឲ្យ​រូបនេះ​ឈ​រក​ន្លែ​កជើង​នៅលើ​ផែ​។ នាវា​ទាំងឡាយ​ត្រូវ​ឆ្លងកាត់​តាម​ចន្លោះ​ជើង​ទាំងពីរ​នៃ​រូបនេះ ដែលមាន​មុខងារ​ជា​ភ្លើង​ហ្វារ​បំភ្លឺ​ចរាចរណ៍​នាវា ហើយ​វា​អាច​បំភ្លឺ​ដល់​ចម្ងាយ ៥៦ គីឡូម៉ែត្រ​។ មិនតែប៉ុណ្ណោះ រូបសំណាក​នេះ​នឹង​បំពាក់​ដោយ​ផ្ទាំង​សូ​ឡា ដើម្បី​ផ្គត់​ផ្គត់​អគ្គិសនី​ដោយ​ស្វយ័ត​។ គេ​រំពឹងថា ការសាងសង់​នេះ​នឹងត្រូវ​ចំណាយ​អស់ប្រាក់​ប្រមាណ ២៧០ លាន​ដុល្លារ​។

​អ្វីដែល​ពិសេស គេ​នឹងធ្វើ​ឲ្យ​រូបសំណាក​នេះ​ក្លាយជា​កន្លែង​ទាក់ទាញ​ទេសចរ ដោយ​នៅក្នុង​រូបនេះ​នឹងមាន​បណ្ណាល័យ សារមន្ទីរ ព្រមទាំង​មណ្ឌល​ពាណិជ្ជកម្ម​។ គំនិត​ថ្មី​នេះ​បាន​កើតមាន​បន្ទាប់ពី​ក្រិ​ក​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធ្ងន់ធ្ងរ​។ គេ​រំពឹងថា គម្រោង​ដ៏​ធំ​នេះ​នឹង​បង្កើន​ភ្ញៀវទេសចរ​នៅលើ​កោះ​រ៉ូ​ត ១៥០ % ហើយនឹង​នាំមក​នូវ​ចំណូល​រាប់លាន​ដុល្លារ​ដល់​ក្រិ​ក​៕