ធនាគារ​ចិន AIIB បង្កើតជា​ផ្លូវការ និង​ប្រតិបត្តិការ​នៅ​ដើមឆ្នាំ​២០១៦

​ទីបំផុត ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​(AIIB) ដែល​ស្ថិតក្រោម​ការដឹកនាំ និង​ផ្តួចផ្តើម​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ត្រូវបាន​បង្កើតជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ​ហើយ​។ ធនាគារ​ចិន ដែលមាន​សមា ជិ​កជាង​ហាសិប​ប្រទេស​នេះ ក៏​នឹងត្រូវ​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ដើមឆ្នាំ​២០១៦​ផងដែរ​។​

​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ចិន លោក Lou Jiwei បាន​បញ្ជាក់ថា ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ត្រូវ បាន​បង្កើតឡើង​ដោយ​ស្របច្បាប់​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី​២៥​ខែធ្នូ ម្សិលមិញ​ហើយ​។ ការប្រកាស​ជា​ផ្លូវ ការ​នេះ ធ្វើឡើង​បន្ទាប់ពី​សមាជិក​១៧​នៃ​ធនាគារ ដែល​ភាគហ៊ុន​ប្រមាណ​៥០​ភាគរយ បានផ្តល់ សច្ចាប័ន​។ នេះ​បើ​យោងតាម​សារព័ត៌មាន Xinhua​។

​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​របស់​ចិន ដែលមាន​ទី​ស្នាក់​កណ្តាល​នៅ​ក្រុង​ប៉េកាំង និង​សមាជិក​សរុប​៥៧​ប្រទេស ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ផ្តល់​ការផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​អាស៊ី​។ ហើយ ធនាគារ​នេះ ក៏​ត្រូវបាន​មើលឃើញថា បង្កើតឡើង​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​គ្រប់គ្រង​ដោយ​លោកខាងលិច​មាន​ធនាគារពិភពលោក និង​មូលនិធិ​រូបី​យ​វត្ថុ​អន្តរជាតិ​ផងដែរ​។​

​ក្នុង​ក្រសែរ​ភ្នែក​ប្រទេស​មួយចំនួន​នៅ​អាស៊ី ធនាគារ​ដឹកនាំ​ដោយ​ចិន​នេះ អាច​នឹង​ជួយ​ដល់​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត័ ដើម្បី​ជំរុញ​ការផ្សាភ្ជាប់ បម្លាស់ប្តូរ​ពាណិជ្ជកម្ម និង​ឈានទៅ​រក្សា​អោយបាន​នូវ​ការអភិវឌ្ឍន៍​ជា​និរន្តរភាព​នៅក្នុង​តំបន់​។ ក្នុងនោះ​រដ្ឋ​ដែលមាន​ភាគហ៊ុន​ធំជាងគេ រួមមាន​ចិន (៣០.៣៤ ភាគរយ​) ឥណ្ឌា (៨.៥២ ភាគរយ​) និង រុស្ស៊ី (៦.៦៦​ភាគរយ​)​។

​បើតាម​អះអាង​របស់លោក Jin Liqun ប្រធាន​ចាត់តាំង​នៃ​ធនាគារ​នោះ AIIB នឹង​ចាប់ផ្តើម​ប្រតិបត្តិការ ពេញលេញ​នៅ​ដើមឆ្នាំ​២០១៦​ខាងមុខនេះ​។ លោក ក៏បាន​បញ្ជាក់​ផងដែរ​ថា AIIB ក៏​តែងតែ​បើកចំហ ចំពោះ​រដ្ឋ​ទាំងឡាយណា​ដែលមាន​បំណង​ចូលរួម​ជា​សមាជិក​នៃ​ធនាគារ​នេះ​។​

​សូមបញ្ជាក់​ផងដែរ ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ចិន បាន​ក្លាយជា​នយោបាយ​ការបរទេស មួយ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែលមាន​ការគាំទ្រ​ច្រើន និង​ដ៏​មាន​ឥទ្ធិពល​នៅក្នុង​តំបន់​អាស៊ី និង អាហ្វ្រិក ជាពិសេស​ទៅ​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍​៕