​តួកគី​រំពឹង​នឹង​បញ្ចប់​ការ​ពឹង​ផ្អែក​លើ​ការ​នាំ​ចូល​ឧស្ម័ន​ពី​រុស្សី

​តួកគី​រំពឹង​នឹង​បញ្ចប់​ការ​ពឹង​ផ្អែក​លើ​ការ​នាំ​ចូល​ឧស្ម័ន​ពី​រុស្សី

កម្មករម្នាក់​ត្រួត​ពិនិត្យ​បំពង់​ឧស្ម័ន Yapracik នៅ​ជាយ​ក្រុង​អង់ការ៉ា ប្រទេស​តួកគី នា​ថ្ងៃ​ទី០៩ ខែ​មករា ឆ្នាំ​២០០៩។ ​តួកគី​រំពឹង​នឹង​បញ្ចប់​ការ​ពឹង​ផ្អែក​លើ​ការ​នាំ​ចូល​ឧស្ម័ន​ពី​រុស្សី។​ការផ្លាស់ប្តូរ​ជា​អចិន្ត្រៃយ៍​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ គឺ​កិច្ចប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា (Ankara) នៅ​ក្នុង​ការ​បញ្ចប់​ពឹង​ផ្អែក​ផ្នែក​ថាមពល​ទៅ​លើ​ឧស្ម័ន​​នាំចូល​ពី​ប្រទេស​រុស្ស៊ី។ ការ​ប្រែផ្លាស់​បែប​នេះ​​​​នឹង​នាំ​មក​នូវ​បញ្ហា​ប្រឈម​ផ្សេងៗ​លើ​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​​។ អ៊ីស្តង់ប៊ូល —

កាលពី​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ​ នាវា​ចម្បាំងមួយ​របស់​ប្រទេស​រុស្ស៊ី​បាន​បាញ់​គំរាម​ទៅ​ទូក​នេសាទតួកគី​មួយ​ ដែល​នេះ​ជា​សញ្ញា​ចុងក្រោយ​ ​បញ្ជក់​ពី​ស្ថានភាព​កាន់តែ​តានតឹង​ឡើង​រវាង​ប្រទេស​ទាំងពីរនេះ។ ប៉ុន្តែ​ សញ្ញាសំខាន់​ជាង​នេះ ដែល​បញ្ជាក់​ពី​ការផ្លាស់ប្តូរ​ជា​អចិន្ត្រៃយ៍​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ គឺ​កិច្ចប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា (Ankara) នៅ​ក្នុង​ការ​បញ្ចប់​ពឹង​ផ្អែក​ផ្នែក​ថាមពល​ទៅ​លើ​ឧស្ម័ននាំចូល​ពី​ប្រទេស​រុស្ស៊ី។ ការ​ប្រែផ្លាស់​បែប​នេះនឹង​នាំ​មក​នូវ​បញ្ហា​ប្រឈម​ផ្សេងៗ​លើ​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ។

ចាប់​តាំង​ពីទំនាក់​ទំនង​រវាង​ប្រទេស​តួកគី​ និង​រុស្ស៊ី​បាន​ចុះ​ដុនដាបជុំវិញ​ការ​បាញ់​ទម្លាក់​យន្តហោះ​ទម្លាក់​គ្រាប់បែក​មួយ​គ្រឿង​របស់​រុស្ស៊ីពី​សំណាក់​យុទ្ធជន​តួកគី​ កាលពី​ខែ​មុន​មក​ រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​ Ankara​ កំពុងតែ​រិះរក​ប្រភព​ផ្តល់​ថាមពល​ពី​ប្រទេសកាតា​ (Qatar)​ រហូត​ដល់​ប្រទេស​ជិតខាង ​ដូចជា​ប្រទេស​អាហ្ស៊ែរបៃហ្សាន (Azerbaijan)​ និង​ក្រៅ​ពី​នេះទៀត។

អ្នក​ប្រឹក្សា​យោបល់​នៃ​អង្គការ ​Global Source Partners​ លោក​ Atilla Yesilada ​ និយាយ​ថា​ ចំណាត់​ការ​ដូច​នេះ​ បង្ហាញ​ថា ​ការផ្សះផ្សា​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​នេះ​ មិន​អាច​កើត​ឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ។

«នេះ​ជា​ជម្លោះ​អចិន្ត្រៃយ៍​ ព្រោះ​ រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​គ្មាន​បំណង​ផ្លាស់ប្តូរ​គោលនយោបាយ​លើ​ប្រទេស​ស៊ីរី​ឡើយ។​ អាច​យល់​បាន​ថា​ នៅ​ទីបំផុត​ យើង​ត្រូវតែ​កាត់​បន្ថយ​ការពឹងផ្អែក​លើ​ប្រភព​ថាមពល​ពី​ប្រទេស​រុស្ស៊ី​ ដែល​បច្ចុប្បន្ន​មាន​ចំនួន៥៥​ភាគរយ​នៃ​ការផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​របស់​យើង(តួកគី)»។

ក្រុម​អ្នក​សង្កេតការណ៍​បាន​ចង្អុល​បង្ហាញថា​ រដ្ឋាភិបាលក្រុង​អង់ការ៉ា​បាន​ជាប់កិច្ចសន្យា​លើ​ការ​ទិញឧស្ម័ន​ពី​ប្រទេស​រុស្ស៊ី​រយៈពេល​៣​ឆ្នាំ​ទៀត​ ហើយ​នឹង​ត្រូវ​ការ​ពេល​ច្រើន​ឆ្នាំ​ដើម្បី​ឲ្យ​អ្នក​ផ្គត់ផ្គង់​ថ្មី​បង្កើត​ហេដ្ឋរចនា​សម្ព័ន្ធ​ចាំ​បាច់​ដែល​អាច​បំពេញ​គ្រប់​តម្រូវការ​របស់​ប្រទេស​តួកគី។

អ្នក​វិភាគ Yesilada ​ និយាយថា​ ​ការ​ចុះ​កិច្ចសន្យា​លើ​ឧស្ម័នធម្មជាតិ​រាវ ​ជាមួយ​រដ្ឋអារ៉ាប់នៅ​ឈូង​សមុទ្រពែក​ និង​ប្រទេស​កាតា​ ដែល​ជា​សម្ព័ន្ធមិត្ត​ អាច​មាន​គោលដៅ​នៅ​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​ចំពោះ​ការគំរាម​កាត់​ផ្តាច់​ការផ្គត់ផ្គង់​ឧស្ម័ន​ជាបណ្តោះ​អាសន្ន​ពីរដ្ឋាភិបាល​ក្រុង​មូស្កូ(Moscow)។ 

«ប្រសិនបើ​ប្រទេស​រុស្ស៊ី​យក​បញ្ហា​បច្ចេកទេស​ជា​ការដោះសារ​ដើម្បី​ផ្តាច់​ការផ្គត់ផ្គង់​រយៈពេល​ខ្លី​ នោះ​ប្រទេស​តួកគី​មាន​ការផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​ ដែល​អាច​បំពេញ​តម្រូវការ​របស់​ខ្លួនចំនួន​ពីរ​ទៅ​បី​ថ្ងៃ​បាន។ យើង​អាច​បង្កើន​ការ​នាំ​ចូល​ឧស្ម័ន​ធម្មជាតិ​រាវ​ ប៉ុន្តែ​ នៅ​កំពង់​ផែ​របស់​យើង​មិន​មាន​ចំណត​គ្រប់​គ្រាន់​»។

មាន​ការរិះគន់​កាន់តែ​ច្រើន​ឡើង​ចំពោះ​ការបរាជ័យ​របស់​រដ្ឋាភិបាល​តួកគី​ក្នុងការ​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​មួយ​ ដើម្បី​ទ្រទ្រង់​យុទ្ធសាស្រ្ត​ថាមពល​ឲ្យ​មាន​ស្ថេរភាព​ប្រសើរ​ជាង​មុន។

ប៉ុន្តែ​ អ្នក​សរសេរកាសែត​នយោបាយ ​Cumhuriyet​ លោក​ Semih Idiz​ និយាយ​ថា​ សូម្បីតែ​គោលដៅ​របស់​រដ្ឋាភិបាល​ក្រុង​អង់ការ៉ាអំពី​យុទ្ធសាស្រ្ត​ពិពិធកម្ម​ក្នុង​រយៈពេល​វែង ក៏​កំពុងតែ​ជួប​នឹង​បញ្ហា​ប្រឈម​ធំ​ផ្សេងៗ​ផងដែរ។

«ប្រទេស​តួកគី​ហាក់ដូចជា​កំពុង​ពឹងផ្អែក​លើ​ប្រទេស​អាហ្ស៊ែរ​បៃហ្សាន (Azerbaijan)​ និងប្រហែលអាច​ជា​ប្រទេស​សាធារណរដ្ឋ​ផ្សេងទៀត​នៅ​អាស៊ី​កណ្តាល​ ប៉ុន្តែពួកគេ​បាន​ភ្លេច​ថា​ ប្រទេស​ទាំង​នេះ​មាន​ការពឹងផ្អែក​លើ​ប្រទេស​រុស្ស៊ី​ និង​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ប្រទេស​រុស្ស៊ី។ ដូច្នេះ​ វា​មាន​ការលំបាក​ជាច្រើន​សម្រាប់​រដ្ឋាភិបាល​ក្រុង​អង់ការ៉ាក្នុង​ការ​ស្វែងរក​ជម្រើស​ដទៃក្រៅពី​ការពឹងផ្អែក​លើ​ប្រទេស​រុស្ស៊ី»។

រដ្ឋាភិបាល​ក្រុង​អង់ការ៉ាក៏​កំពុងតែ​សម្លឹង​មើលទៅ​តំបន់​ពួក​ឃឺដ​នៅ​អ៊ីរ៉ាក់ (Iran Kurdistan) ដើម្បី​បំពេញ​តម្រូវការ​ថាមពល ​មួយ​ចំនួនរបស់ខ្លួន​ ប៉ុន្តែ​នៅ​ទីនេះ​ដែរ​ ការផ្គត់ផ្គង់​អាច​ទទួល​រង​ការគំរាម​កំហែង​ពី​ក្រុមឧទ្ទាម​ឃឺដ ​PKK​ ដែល​កម្លាំង​សមត្ថកិច្ច​តួកគី​កំពុង​ប្រយុទ្ធប្រឆាំង។ ពួក​អ្នក​អង្កេត​ការណ៍​ បាន​ព្រមាន​ថា​ ការស្វះស្វែង​បង្កើន​ប្រភព​ថាមពល​ពី​ច្រើន​កន្លែង​បាន​ក្លាយជា​ឧបសគ្គ​ដ៏​ពិបាក​ និង​សំខាន់មួយសម្រាប់​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា។

ប្រែសម្រួលដោយ វិញ សុជាតា