គ.ជ.ប​នឹង​​ប្រកាស​ឈ្មោះ​អ្នក​ជាប់​អគ្គលេខាធិការ​និង​អគ្គលេខាធិការ​រង​ខែ​ក្រោយ

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប អះអាង​ថា នឹង​ផ្ដល់​លទ្ធផល​ជ្រើសរើស​បេក្ខភាព​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​ដែល​ជាប់​ជា​ស្ថាពរ នៅ​ចន្លោះ​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៦។

សមាជិក និង​ជា​អ្នក​នាំ​ពាក្យ គ.ជ.ប លោក​បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ដែល​ជា​ថ្ងៃ​បិទ​បញ្ចប់​ទទួល​ពាក្យ​ពី​បេក្ខជន មាន​បេក្ខជន​ចំនួន ២៤​នាក់ បាន​ដាក់​ពាក្យ​តំណែង​អគ្គលេខាធិការ ក្នុង​ចំណោម​អ្នក​មក​ទទួល​ពាក្យ​ចំនួន ៣៤​នាក់។ ចំណែក​តំណែង​អគ្គលេខាធិការ​រង មាន​បេក្ខជន​ចំនួន ១០០​នាក់ បាន​ដាក់​ពាក្យ​ក្នុង​ចំណោម​អ្នក​មក​ទទួល​ពាក្យ​ចំនួន ១៧០​នាក់។ ប៉ុន្តែ​លោក​ថា គ.ជ.ប នឹង​បង្កើត​នីតិវិធី​ជ្រើសរើស​អ្នក​ប្រឡង​យក​តំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​នៅ​សប្ដាហ៍​ក្រោយ៖ «ឥឡូវ​នេះ គ.ជ.ប រៀបចំ​ឲ្យ​ឯកសារ​នេះ​នៅ​ក្នុង​កន្លែង​តែ​មួយ​សិន ហើយ​បាន​ប្រកាស​ពេល​វេលា។ សប្ដាហ៍​ក្រោយ​យើង​អាច​និយាយ​អំពី​នីតិវិធី​ហើយ»

គ.ជ.ប បាន​ផ្ដើម​ទទួល​ពាក្យ​ពី​បេក្ខជន​ក្នុង​រយៈពេល ១០​ថ្ងៃ ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២៦ ខែ​ធ្នូ។ ស្ថាប័ន​នេះ​ត្រូវ​ការ​ជ្រើសរើស​អគ្គលេខាធិការ​ចំនួន ១​រូប និង​អគ្គលេខាធិការ​រង​ចំនួន ៤​រូប។

អ្នក​ដែល​បាន​ដាក់​ពាក្យ​ចូលរួម​ក្នុង​ការ​ជ្រើសរើស​នេះ​មាន​ជា​អាទិ៍ លោក ទេព នីថា ក្នុង​តួនាទី​បច្ចុប្បន្ន​ដែល​បាន​កាន់​តំណែង​ជា​អគ្គលេខាធិការ​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ និង​លោក​បណ្ឌិត ហេង មណីចិន្តា។ បច្ចុប្បន្ន​នាយក​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍ ក៏​ដាក់​ពាក្យ​ក្នុង​តំណែង​អគ្គលេខាធិការ។ ចំណែក​អ្នក​ដាក់​ពាក្យ​ក្នុង​តួនាទី​អគ្គលេខាធិការ​រង មាន​លោក សុកុលៈ ទីប៉ោ ក្នុង​តំណែង​​អគ្គលេខាធិការ​រង​បច្ចុប្បន្ន លោក នី ចរិយា ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) និង​លោក គឹម ឈន អ្នក​សម្របសម្រួល​កម្មវិធី​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។