កម្មករ​ក្រុមហ៊ុន​ម៉ៅ​កា​រត​បណ្ដាញ​អគ្គិសនី​២​នាក់​ត្រូវ​បង្គោល​ភ្លើង​បាក់​សង្កត់​ស្លាប់​នៅ​ស្រុក​កោះ​ញែក

ខេត្តមណ្ឌលគិរី ៖ កម្មករ​២​នាក់​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន EM ទទួល​ម៉ៅ​កា​រត​បណ្តាញ​អគ្គិសនី​ត្រូវ​បង្គោល​ភ្លើង​បាក់​សង្កត់​ស្លាប់​ភ្លាម​ៗ​ពេល​កំពុង​ឡើង​អូស​ខ្សែ​បញ្ជូន​អគ្គិសនី​កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៥​នេះ នៅ​ក្នុងភូមិ​អូរ​យ៉េះ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។

លោក កាន់ ពេញ អធិការ​នគរបាល​ស្រុក​កោះ​ញែក បាន​ប្រាប់​ឲ្យ​ដឹង​ថា ​កម្មករ​រង​គ្រោះ​ទាំង​២​នាក់​មានឈ្មោះ សាន សុ​ធន់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​តា ឃុំ​ពាម​ទា ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង និង​ម្នាក់​ទៀត​ឈ្មោះ យាម សុ​ឃា​ម ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ។

លោក​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​កម្មករ​ទាំង​២​នាក់​បាន​ឡើង​លើ​បង្គោល​ភ្លើង ដើម្បី​អូស​ខ្សែភ្លើង​តាម​ផ្លូវ​ក្នុងស្រុក​កោះ​ញែក​ ស្រាប់តែ​បង្គោល​ភ្លើង​បាន​បាក់​សង្កត់​លើ​ពួក​គេ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុតែ​ម្តង​ ។

ក្រោយ​ពេល​កើតហេតុ សព​កម្មករ​​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​តំណាង​ក្រុមហ៊ុន និង​សាច់ញាតិ​យក​ទៅ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា បង្គោល​ភ្លើង​នេះ​ទើបតែ​សាងសង់​ហើយ​ថ្មី​ៗ ប៉ុន្ដែ​មូលហេតុ​ដែល​បាក់​បង្គោល​ភ្លើង​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​នេះ​ដោយសារ​មានការ​សាងសង់​ខ្វះ​លក្ខណៈ​បច្ចេកទេស ហើយ​គេ​សង្កេត​ឃើញ​ថា​បង្គោល​ភ្លើង​ដែល​សាងសង់​នោះ​មើលទៅ​ឃើញ​មាន​ដាក់​ដែក​ស​សៃ​តូច​ៗ​ដែល​ធ្វើ​ឲ្យ​គ្មាន​ភាពរឹងមាំ ៕