រុស្ស៊ី ត្រៀម​សង់រោង​ចក្រ​ថាមពលនុយក្លេអ៊ែរ​នៅ​បង់​ក្លា​ដែ​សត​ម្លៃ​១២.៦៥​ពាន់​លាន​ដុ​លា្ល​រ​

​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស បាន​ចុះ​កិច្ចព្រមព្រៀង​ដែលមាន​ទំហំ​ប្រមាណ​១២.៦៥​ពាន់​លាន​ដុល្លារ ជាមួយ រដ្ឋាភិបាល​រុស្ស៊ី​ក្នុង​គម្រោង​ពីរ​នៃ​ការសាងសង់​រោងចក្រ​ថាមពលនុយក្លេអ៊ែ​ស៊ីវិល ដែល​នឹងត្រូវ​ដើរ ដោយ​ថាមពល​១២០០​មេ​ហ្គា​វ៉ា​ត់​។ នេះ គឺជា​គម្រោង​វិយោគ​មួយ​ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស និង​របស់ រុស្ស៊ី​នៅ​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​។

​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ មន្ត្រី​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស បាន​អះអាងថា គណៈកម្មាធិការ​ថាមពល​បរមា ណូ​បង់​ក្លា​ដែ​ស បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង​ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី ROSATOM ក្នុងការ​សាងសង់ រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ពីរ​កន្លែង​ដែលមាន​តម្លៃ​វិនិយោគ​សរុប​ប្រមាណ ១២.៦៥​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ។ នេះ​បើ​យោងតាម​សារព័ត៌មាន Reuters​។

​អ្នកនាំពាក្យ​ក្រសួង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា Kamrul Islam Bhyian បានបញ្ជាក់​ផង​ថា គម្រោង​ក្នុង ការសាងសង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ជំហាន​ដំបូង​នឹងត្រូវ​ចាប់ផ្តើម​នៅ​ដើមឆ្នាំ​២០១៦​ខាងមុខនេះ​។ ហើយ​ទីតាំង​នៃ​គម្រោង​នោះ ស្ថិតនៅក្នុង​តំបន់ Iswardi ដែលមាន​ចម្ងាយ​ត្រឹមតែ​១៦០​គីឡូ​ម៉ែត​ពី​រដ្ឋធានី Dhaka ប៉ុណ្ណោះ​។

​លោក Bhyian បាន​បន្ថែមទៀតថា រុស្ស៊ី នឹង​ផ្តល់​ហិរញ្ញប្បទាន​រហូត​៩០​ភាគរយ​ដែល​មានការ​អាត្រា ការប្រាក់ ១.៧៥ នៃ Libor​។ ជាមួយគ្នា​ផងដែរ​ថា បង់​ក្លា​ដែ​ស នឹង​សង​កម្ចី​ទៅ​រុស្ស៊ី​វិញ​ក្នុង​រយៈពេល​២៨​ឆ្នាំ នៃ​ថេរវេលា​អនុគ្រោះ​១០​ឆ្នាំ​ម្តង​។

​បើតាម​អះអាង​របស់​មន្ត្រី​ជំនាញ​រដ្ឋាភិបាល គម្រោង​នៃ​ថាមពលនុយក្លេអ៊ែរ​ដែល​ដើរ​ដោយ​ថាមពល ១២០០​មេ​ហ្គា​វ៉ាត នឹង​អាច​ប្រតិបត្តិការ ពោលគឺ​ប្រើប្រាស់​បាន​នៅ​ឆ្នាំ​២០២២ និង​គម្រោង​ទី​២ នៅ​ឆ្នាំ​២០២៣៕