រយៈពេល ១ ថ្ងៃ​ភ្ញៀវទេសចរ​ជាង ៣ ពាន់​នាក់​បានមក​ទស្សនា​ក្រុងព្រះសីហនុ

​គ្រាន់តែ​ក្នុង​រយៈពេល​មួយថ្ងៃ​មាន​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​ជាង ៣ ពាន់​នាក់ ដែល​ធ្វើដំណើរ​តាម​នាវា ២ គ្រឿង​បានមក​ចុះចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដើម្បី​ទស្សនា​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​២៤ ខែធ្នូ ។ នេះ​បើ​យោងតាម​គេហទំព័រ AKP​។​

​ក្នុងចំណោម​ទាំងនោះ នាវា Sapphire Princess បាន​ផ្ទុក​ភ្ញៀវទេសចរ ២.៨១៨​នាក់​(​ស្រី​១៤៧១​នាក់​)​មាន​៥១​សញ្ជាតិ ដោយ​ភាគច្រើន​ជា​ជនជាតិ​អូស្ត្រាលី​(១,២៣២​នាក់​), ជនជាតិ​អាម៉េរិក​(៤៤៦​នាក់​), អង់គ្លេស​(៣៣៨​នាក់​) និង​សញ្ជាតិ​ផ្សេងៗ​ជាច្រើន​ទៀត​។ ចំណែក​នាវា Seabourn Sojourn  បាន​ផ្ទុក​ភ្ញៀវទេសចរ​ចំនួន ៤៥៥​នាក់​(​ស្រី​២២៤​នាក់​) មាន​២៥​សញ្ជាតិ ភាគច្រើន​ជា​ជនជាតិ​អាម៉េរិក​(១៥៦​នាក់​) បន្ទាប់មក​ជនជាតិ​អង់គ្លេស​(៩០​នាក់​) និង​ជនជាតិ​អូស្ត្រាលី​(៥៩​នាក់​)​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ស៊ា​ង ឡេង ប្រធាន​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។

​លោក ស៊ា​ង ឡេង បានឱ្យដឹង​បន្តទៀតថា ក្នុង​រយៈពេល​មួយថ្ងៃ​នេះ​ភ្ញៀវទេសចរ​ទាំងនោះ បានធ្វើ​ដំណើរ​កម្សាន្ត​នៅតាម​តំបន់​រមណីយដ្ឋាន​នានា តំបន់ឆ្នេរ​សមុទ្រ​ក្រុងព្រះសីហនុ និង​មួយចំនួនទៀត​បានធ្វើ​ដំណើ​រ​កម្សាន្ត​នៅ​រាជធានី​ភ្នំពេញ និង​ប្រាសាទអង្គរវត្ត​។

​គួរ​បញ្ជាក់ថា នាវា  Sapphire Princess ផ្ទុក​ភ្ញៀវទេសចរ ២.៨១៨​នាក់ បាន​មកដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នៅ​ម៉ោង ៧​ព្រឹក នឹង​ដំណើរ​ទៅកាន់​ប្រទេស ថៃ នៅ​ម៉ោង​៤​រសៀល​ថៃ្ង​ដដែល​។ ចំណែក​នាវា Seabourn Sojourn ផ្ទុក​ភ្ញៀវទេសចរ​ចំនួន ៤៥៥​នាក់ បាន​មកដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នៅ​ម៉ោង​៦​ព្រឹក នឹង​ចេញដំណើរ​ទៅ​ប្រទេស​វៀតណាម​នៅ​ម៉ោង ៨ យប់​ថ្ងៃ​ដដែល​៕