ចិន រកឃើញ​បន្ទះមាស​ រាប់រយ​ ក្នុង​ផ្នូរ​បុរាណ​ អាយុ​កាល​ ២ពាន់ឆ្នាំ

ណានឆាង៖ ចំនួនបន្ទះមាស ដែលត្រូវបានរកឃើញ នៅក្នុងផ្នូរបុរាណចិន ដែលមានអាយុ កាលជាង ២.០០០ ឆ្នាំនោះ បានកើនឡើងរហូតដល់ ៣៧៨ បន្ទះ និង ដុំ ហើយ បន្ទាប់ ពីអ្នកជីកកកាយ បានរកឃើញ ៦៨ បន្ទះទៀត កាលពីថ្ងៃសុក្រ។ នេះបើតាមការផ្សាយ ពីទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ នៅថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៥។

ដុំមាសដែលត្រូវបានរកឃើញនោះ មានជាប្រភេទរាងមូល និង បន្ទះដូចក្តា ដែលមានប្រវែង ទទឹង ១០ សង់ទីម៉ែត្រ និង បណ្តោយ ២២ សង់ទីម៉ែត្រ។ ក្រុមបុរាណវិទូ ដែលកំពុងសិក្សាលើ ផ្នូរបុរាណ ស្ថិតនៅក្នុងទីក្រុង ណានឆាង ខេត្តជាំងស៊ី ភាគខាងលិច ប្រទេសចិន បានអះអាង ថា ពួកគេបានរកឃើញដុំមាសទាំងនេះ នៅក្នុងផ្នូរបុរាណ នៃរាជវង្ស ហាន។

បើការបញ្ជាក់ពីអ្នកបុរាណវិទ្យានោះ ដុំមាសនិមួយៗ យ៉ាងហោចណាស់ក៏មានទម្ងន់ ២៥០ ក្រាមដែរ។ សម័យកាល នោះ ចិនត្រូវបានគេចាត់ទុកជាអាណាចក្រមួយ ដែលមានតម្កល់ មាសរាប់លានគីឡូក្រាមទៅហើយ ដែលស្ទើរតែទាំងអស់ ជារបស់ខ្សែរាជវង្ស និង បានកប់ ជាមួយផ្នូរ ពេលដែលមហាក្សត្រ ឬ ម្ចាស់ក្សត្រីសោយទីវង្គត់។

គួរបញ្ជាក់ថា ផ្នូរ ដែលត្រូវបានគេសិក្សានេះ ជារបស់អតីតរាជវង្សហាន ភាគខាងលិច ប្រទេសចិន ដែលអាយុកាលពីចន្លោះឆ្នាំ ២០៦ ដល់ ២៤ មុនគ.ស។ ផ្នូរនេះជាទីតាំងតម្កល់ សព របស់ព្រះអង្គម្ចាស់ លីវ ហ៊ី ដែលត្រូវជាចៅរបស់ព្រះចៅអធិរាជ វូ លីវ ដែលបាន ចូលទីវង្គត់ បន្ទាប់ពីព្រះអង្គ ទើបតែឡើងគ្រងរាជ្យ បាន ២៧ថ្ងៃប៉ុណ្ណោះ៕

ចិន រកឃើញ​បន្ទះមាស​ រាប់រយ​ ក្នុង​ផ្នូរ​បុរាណ​ អាយុ​កាល​ ២ពាន់ឆ្នាំ