លំនៅដ្ឋានជាង១០០ខ្នងនៅអូស្ត្រាលី ត្រូវឆេះបំផ្លាញក្នុងថ្ងៃបុណ្យគ្រីស្តម៉ាស

(Melbourne)៖ លំនៅដ្ឋានជាង១០០ខ្នង ក្នុងតំបន់ទេសចរណ៍នាំមុខគេនៅអូស្រ្តាលី ត្រូវភ្លើងឆេះបំផ្លាញ ក្នុងថ្ងៃគ្រីស្តម៉ាស ហើយ បច្ចុប្បន្នស្ថានភាពនៅតែបន្តស្ថិតនៅក្នុងភាពគ្រោះថ្នាក់នៅឡើយ នៅថ្ងៃសៅរ៍នេះ ដោយមន្ត្រីអូស្រ្តាលីបានធ្វើការសន្និដ្ឋានថា ហេតុការណ៍បែបនេះអាចនឹងបន្តកើតមានជាថ្មី នារដូវក្តៅនេះ នេះបើយោង តាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Channe l News Asia ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥នេះ។

ខណៈដែលភ្នាក់ងារពន្លត់អគ្គីភ័យ៥០០នាក់ និងយន្តហោះចំនួន១៣គ្រឿង ចុះជួយពន្លត់ភ្លើង ដែលឆាបឆេះនៅដងផ្លូវនៃរដ្ឋ Victoria ក្រុមការងារក៏បានធ្វើការវាយតម្លៃទៅលើផលខូចខាតដែលបណ្តាលមកពីគ្រោះអគ្គីភ័យនេះ ដែលកើតឡើង នៅ ក្នុង ថ្ងៃ បុណ្យ គ្រីស្តម៉ាសនេះផងដែរ។

អ្នកនាំពាក្យរបស់ភ្នាក់ងារសង្គ្រោះបន្ទាន់ បានឲ្យដឹងថា ភ្លើងបានឆាបឆេះ លំនៅដ្ឋានចំនួន១១៦ខ្នងក្នុងសហគមន៍ចំនួន ពីរគឺ សហគមន៍ Wye River ដែលមានលំនៅដ្ឋាន៩៨ខ្នង និងសហគមន៍ Seperation Creek មានចំនួន១៨ខ្នង ដែលត្រូវភ្លើងឆេះ។
ភ្នាក់ងារ សង្គ្រោះបន្ទាន់ បានព្រមានថា ស្ថានភាពរាំងស្ងួត អាចបង្កជាគ្រោះអគ្គីភ័យដល់តំបន់ Great Ocean Road និង តំបន់ ផ្សេងទៀតក្នុងរដ្ឋ Victory ។ សូមជម្រាបថា Great Ocean Road ជាតំបន់ ទេសចរណ៍ ដ៏ធំជាងគេនៅ អូស្រ្តាលី ដែលមានទេសភាព និងឆ្នេរខ្សាច់យ៉ាងស្រស់ស្អាត៕