ចោរ​មាន​ល្បិច ! ឆក់​បាន​កាបូប​ហើយ ពេល​សមត្ថកិច្ច​ដេញ​ទាន់​បោះចោល​រួច​ឆ្លើយ​ថា​អត់​ដឹង

រាជធានី​ភ្នំពេញ ៖ គ្រាន់តែ​ឮ​សម្រែក​ថា​ចោរ សមត្ថកិច្ច​នគរបាល​ខណ្ឌ​៧​មក​រា​ដែល​ល្បាត​តាម​ដងផ្លូវ​ដេញ​ប្រផាប់​ចាប់​ប្រ​ភីង​ឃាត់ខ្លួន​បាន​ម្នាក់​ខណៈ​ពេល​ដែល​ជនសង្ស័យ​បាន​រត់​ឡើងផ្ទះ​ប្រជាពលរដ្ឋ​នៅ​ម្តុំ​ផ្សារ​អូ​ឫស្សី ដែល​ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ធ្នូ ២០១៥ ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន និង​បាន​ចោទប្រកាន់​ថា​ជា​ចោរឆក់​កាបូប​ប្រាក់​អ្នកដំណើរ​មានឈ្មោះ ឆៃ យ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ជា​សន្តិសុខ​ឯកជន មាន​ទីលំនៅ​ផ្ទះលេខ​១០៣ ផ្លូវ​សហ​ព​ន្ធ័​រុ​ស្សី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ក្រោយ​ពី​ចាប់ខ្លួន​ ជនសង្ស័យ​បាន​បដិសេធ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ខ្លួន​មិនមែន​ជា​ចោរ​ទេ ។

ទាក់ទិន​និង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ មន្ត្រី​នគរបាល​នគរបាល​ខណ្ឌ​៧​មក​រា​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ មាន​ករណី​ចោរឆក់​កាបូប​ពី​ស្ត្រី​២​នាក់​កំពុង​ជិះ​ម៉ូតូ​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២៨០ ផ្លូវ​លេខ​២១៧ សង្កាត់​អូរ​ឫស្សី​២ ។

បើ​តាម​សាក្សី​ឃើញ​ហេតុការណ៍​បាន​ប្រាប់​សមត្ថកិច្ច​នគរបាល​ថា ចោរ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​ម៉ាក SL ១​គ្រឿង ពណ៌​ទឹកប្រាក់ លាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​ 1BL-0709 បាន​ធ្វើ​សកម្មភាព​ភាព​ឆក់​កាបូប​ពី​ស្ត្រី​រង​គ្រោះ​បណ្តាល​ឲ្យ​ដួល​ម៉ូតូ និង​ចោរ​ក៏​ដូ​ល​ដែរ ភ្លាម​នោះ​ជន​រង​គ្រោះ​ស្រែក​ឆោឡោ​ឡើង ហើយ​ចោរ​រត់​ចោល​ម៉ូតូ ចោល​​ទាំង​កាបូប​ប្រាក់ ឃើញ​ដូច្នោះ​សមត្ត​កិច្ច​ក៏​ដេញ​តាម​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ពេលរ​ត់ទៅ​សំងំ​ក្រោម​ជណ្តើរ​ផ្ទះ​ប្រជា​ពលរដ្ឋ​នៅ​ជាន់​ទី​២ សង្កាត់​អូរ​ឫស្សី​២ ខណ្ឌ​៧​មក​រា ។

សមត្ថកិច្ច​នគរបាល​បន្ត​ថា សមត្ត​កិច្ច​ចាប់​បាន​ជនសង្ស័យ​ម្នាក់ និង​ដកហូត​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​១គ្រឿង រីឯ​កាបូប​ប្រាក់​ត្រូវ​បាន​ជន​រង​គ្រោះ​យក​ទៅ​វិញ និង​ធ្វើ​ដំណើរ​ទៅ​បាត់​មិន​បាន​នៅ​ដាក់​ពាក្យបណ្តឹង​នោះ​ទេ ។

ក្រោយ​ពី​សមត្ថកិច្ច​ឃាត់ខ្លួន ជនសង្ស័យ​បាន​បដិសេធ​ថា គេ​មិនមែន​ជា​ចោរ​ទេ នៅ​វេលា​ម៉ោង​ខាងលើ​គេ​បាន​ចេញពី​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ​តោ​មាស ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ជិះ​ម៉ូតូ​ម្នាក់ឯង​ក្នុង​បំណង​ទៅ​ផ្សារ​អូរ​ឫស្សី ដើម្បី​យក​សំបុត្រ​ការខ្លួន​ទៅ​ចែក​ឲ្យ​ភ្ញៀវ ។ លុះ​ពេល​ជិះ​ម៉ូតូ​ទៅ​ដល់​ចំណុច​ខាងលើ​បាន​ប៉ះ​ដៃចង្កូត​ម៉ូតូ​ស្ត្រី​២​នាក់​នោះ​ហើយ​ក៏​ដួល ពេល​នោះ​ស្រាប់តែ​មាន​សម្រែក​ថា​ចោរ​ៗ ខ្លួន​ខ្លាច​គេ​វាយ​បាន​ងើប​រត់​ចោល​ទាំង​ម៉ូតូ និង​ឡើង​ទៅ​ពួន​សំងំ​ក្រោម​ជណ្តើរ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ជាន់​ទី​២ ក៏​ត្រូវ​សមត្ត​កិច្ច​ចាប់ខ្លួន​តែ​ម្តង ។ ជនសង្ស័យ​ប្រាប់​សមត្ថកិច្ច​ថា ចំពោះ​ការ​ចោទប្រកាន់​ថា​ខ្លួន​ជា​ចោរ​បាន​ធ្វើ​សក​ម្ន​ភាព​ឆក់​កាបូប​ពី​នារី​នោះ គេ​សុំ​បដិសេធ តែ​ទទួលស្គាល់​កន្លង​មក​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន តែ​គ្មាន​ប្រវត្តិ​ជាប់​ពន្ធនាគារ​ទេ ។

ទោះបី​ចម្លើយ​ជនសង្ស័យ​រូប​នេះ​បាន​បដិសេធ​មិន​ទទួលស្គាល់​នូវ​ទ​ង្វើ​ឆក់​កាបូប​នោះ​ក្តី សមត្ថកិច្ច​មាន​ភស្តុ​តាង និង​សាក្សី​គ្រប់គ្រាន់​សម្រាប់​ដាក់បន្ទុក ដើម្បី​ប​ញ្ជួ​ន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ទុក​ឲ្យ​តំណាង​អយ្យការ​ធ្វើការ​ចោ​ទ​ប្រកាន់​ជា​ផ្លូវការ​បាន ។ ចម្លើយ​ជនសង្ស័យ​គ្រាន់តែ​ជា​ល្បិច​​ដោះ​សារ ក្នុង​ចេតនា​ឲ្យ​រួច​ផុត​ពី​ការ​ផ្តន្ទាទោស​ប៉ុណ្ណោះ ផ្ទុយ​និង​ហេតុការណ៍​កើតឡើង ហើយ​បើ​ថា​ខ្លួន​មិនមែន​ជា​ចោរ​ចាំបាច់​អី​រត់​ចោល​ម៉ូតូ និង​រត់គេច​ខ្លួន ៕