​អ្នកប្រមឹក​នឹង​គ្រឿង​ស្រវឹង​នឹង​ជួយ​បញ្ហា​សុខភាព​អស់ទាំង​នេះ​

​អ្នកប្រមឹក​នឹង​គ្រឿង​ស្រវឹង​នឹង​ជួយ​បញ្ហា​សុខភាព​អស់ទាំង​នេះ​

​រឿង​នេះ​មិនមែន​ចង់​មានន័យថា​គ្រឿង​ស្រវឹង​ដឹង​តែ​ផ្តល់​ផល​អាក្រក់​ដល់​សុខភាព​នោះទេ ប៉ុន្តែ​តាម​ពិត គ្រូពេទ្យ​និយាយថា អ្នក​ប្រហែលជា​អាច​បង្កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ និង​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​តាមរយៈ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​។ សម្រាប់​ស្ត្រី​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​តែ​មួយ​កែវ និង​បុរស ពីរ​កែវ​ក្នុង​មួយ​ថ្ងៃ​គឺ​គ្រប់គ្រាន់​ហើយ​។

​បើសិន​ជា​អ្នក​ចង់​ទទួល​បាន​ប្រយោជន៍​ចំពោះ​សុខភាព​នោះ យក​ល្អ​គួរតែ​ជ្រើសរើស​ស្រា​ក្រហម ជាពិសេស​ស្រា​ធ្វើ​ពី​ទំពាំងបាយជូរ​ដែលមាន​អង់​ទី​អុកស៊ី​ដង់​ច្រើន​។ អង់​ទី​អុកស៊ី​ដង់​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​លក្ខណៈសម្បត្តិ​ល្អ​ចំពោះ​បេះដូង ប្រព័ន្ធ​ភាពស៊ាំ និង​ស្បែក​។ វា​ក៏​ល្អ​បំផុត​ក្នុង​ការគ្រប់គ្រង​ការ​រលាក​ដែល​ទាក់ទង​នឹង​មហារីក ធាត់​ជ្រុល និង​ពុក​ឆ្អឹង​ដែរ​។

ទោះបីជា​យ៉ាងនេះក្តី វា​នឹង​ក្លាយទៅជា​រឿង​មួយ​ខុសគ្នា​ដាច់​បើសិនជា​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​លើស​ពី​ការណែនាំ​ប្រចាំថ្ងៃ ជាពិសេស វា​នឹង​នាំឱ្យមាន​បញ្ហា​ដល់​សុខភាព​យ៉ាងច្រើន​ដូចជា​៖

កង្វះ​គ្រាប់​ឈាម​
ការថយចុះ​នៃ​គ្រាប់​ឈាមក្រហម​ខុស​ពី​ធម្មតា​អាច​បណ្តាល​មក​ពី​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនពេក​។ គ្រាប់​ឈាមក្រហម​គឺជា​ផ្នែក​មួយ​ដែល​អាច​ឱ្យ​ឈាម​ដឹកនាំ​អុកស៊ីសែន​ពី​សួត​ទៅ​សរីរាង្គ​ទាំងអស់​នៃ​រាងកាយ​បាន​។ កង្វះ​គ្រាប់​ឈាម​កើតឡើង​នៅពេល​ដែល​ចំនួន​គ្រាប់​ឈាមក្រហម​ថយ​ចុះ​ក្រោម​កម្រិត​ធម្មតា​។ ជំងឺ​នេះ​ក៏​អាច​ឱ្យ​អ្នក​មាន​បញ្ហា​ដូចជា អស់កម្លាំង វិលមុខ និង​ពិបាក​ដកដង្ហើម​ដែរ​។

ជំងឺ​បេះដូង​សរសៃឈាម​
ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​អាច​ធ្វើឱ្យ​ប្រព័ន្ធ​របត់​ឈាម​ចុះខ្សោយ​តាម​ច្រើន​របៀប​។ មន្ត្រី​សុខាភិបាល​និយាយថា កំណក​ឈាម​អាច​នឹង​កើតឡើង​លើ​អ្នក​ដែល​ផឹកស្រា​ច្រើន ដូច្នេះ​វា​នឹង​ធ្វើឱ្យ​អ្នក​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺ​គាំងបេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល​។ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​ក៏​បណ្តាលឱ្យ​សាច់ដុំ​បេះដូង​ខ្សោយ និង​កើត​ជំងឺខ្សោយបេះដូង​ដែរ​។ អ្នក​ក៏​ប្រហែល​ជា​ធ្លាប់មាន​អា​ការៈមិន​ធម្មតា​ទៅ​លើ​ចង្វាក់បេះដូង​ដែរ ដូចជា​ញ័រ​បេះដូង​ខាងលើ និង​ខាងស្តាំ​។

មហារីក​
អ្នកជំនាញ​និយាយថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនពេក​អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺមហារីក​។ គេ​ជឿ​ថា រាងកាយ​បំលែង​គ្រឿង​ស្រវឹង​នោះទៅ​ជា​សារ​ធាតុដែល​ដើរតួនាទី​ជា​ភ្នាក់ងារ​មហារីក​។ ជំងឺមហារីក​ច្រើន​ប្រភែទ​ដែល​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​នោះ​មានដូចជា មហារីក​មាត់ បំពង់ក បំពង​សម្លេង ក្រពះ ថ្លើម ពោះវៀន​ធំ និង​សុដន់​។ ការសិក្សា​បាន​ឱ្យដឹងថា ការ​ប្រឈម​នឹង​ជំងឺ​មហារីក​នឹង​ខ្ពស់​បើសិន​ជា​អ្នក​ផឹកស្រា​ច្រើនៗ​ហើយ​ជក់បារី​ទៀត​។

ខូច​សរសៃប្រសាទ​
ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ទៀងទាត់​ដែល​ច្រើន​ជាង​ការណែនាំ​ប្រចាំថ្ងៃ​អាច​បណ្តាលឱ្យមាន​បញ្ហា​សរសៃប្រសាទ​ដោយសា​រគ្រឿង​ស្រវឹង​បាន​។ ជំងឺ​នេះ​នឹង​ធ្វើឱ្យ​សរសៃប្រសាទ​ចុងដៃចុងជើង​ខូច​បាន​។ រោគសញ្ញា​របស់​វា​មានដូចជា ឈឺ​ដូច​គេ​ចាក់​ឆៀបៗ ឬ​ស្ពឹកៗ​នៅ​ចុងដៃចុងជើង ព្រមទាំង​ខ្សោយ​សាច់ដុំ ទល់​លាមក ងាប់​លិង្គ និង​នោម​ដោយ​មិន​ដឹង​ខ្លួន​។

ការបាក់​ទឹកចិត្ត​
មនុស្ស​មួយចំនួន​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ដោយសារ​ពិបាកចិត្ត ដើម្បី​បំបាត់​អារម្មណ៍​ឈឺចាប់​។ យ៉ាងណាមិញ អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​ក៏​ធ្វើឱ្យ​បុគ្គល​នោះ​មាន​ជំងឺ​បាក់​ទឹកចិត្ត​ដែរ​។ អ្នកជំនាញ​រកឃើញថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​នឹង​ជួយ​មនុស្ស​ម្នាក់​នោះ​ចេញ​រោគសញ្ញា​បាក់​ទឹកចិត្ត​កាន់តែខ្លាំង​។

ជំងឺ​ក្រិន​ថ្លើម​
គ្រឿង​ស្រវឹង​អាច​បំផ្លាញ​កោសិកា​ថ្លើម​ដែល​នាំឱ្យ​កើត​ជំងឺ​ក្រិន​ថ្លើម​បាន​។ ជំងឺ​នេះ​សម្គាល់​ដឹង​តាមរយៈ​ការ​កើត​ជា​សម្លាក​លើ​ជាលិកា​ថ្លើម ដែល​ជាហេតុ​នាំ​ឱ្យ​សរីរាង្គ​មួយ​នេះ​មិនអាច​ដើរតួនាទី​របស់​វា​ដូចជា រំលាយ​ថ្នាំ ច្រោះ​ជាតិពុល រំលាយ​ខ្លាញ់ និង​ផលិត​ប្រូតេអ៊ីន​សម្រាប់​ធ្វើ​ឱ្យ​ឈាមកក​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មន្ត្រី​សុខាភិបាល​និយាយថា វា​អាច​នឹង​ជា​រឿង​ពិបាក​ប្រាប់​ដល់​អ្នក​ផឹក​ទាំងអស់​ថា ពួកគេ​អាច​នឹង​កើត​ជំងឺ​ក្រិន​ថ្លើម​ណាស់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី27  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។