ផឹកស៊ី​ស្រវឹង​ឌឺដង​ដាក់​គ្នា​បាញ់​១​គ្រាប់​ផ្អើល​សមត្ថកិច្ច

​រាជ​ធានីភ្នំពេញ ​៖ យុវជន​២​ក្រុម​អង្គុយ​ផឹកស៊ី​ក្បែរ​គ្នា​ឌឺដង​​បង្ក​ទៅ​ជា​ទាស់​​ពាក្យ​សម្តី​​ ​ដក​កាំភ្លើងខ្លី​បាញ់​មួយ​គ្រាប់ធ្វើ​ឲ្យ​អ្នកលក់​ប្រហិត​ចៀន ​និង​អ្នក​ផឹកស៊ី​ភ័យ​ប៉ះ​សក់​រហូត​ជិះ​ម៉ូតូ​ដួល​បែក​មុខ​បែក​មាត់បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​សួន​សម្តេច​ហ៊ុន​សែន មុខ​ឌ្រី​ម​លែ​ន ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

ជន​រង​គ្រោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ មាន​គ្នា​៥​ទៅ​៦​នាក់ជិះ​ម៉ូតូ​៣​គ្រឿង រីឯខាងភាគី​បង្ក​បាញ់បោះ​សេរី​មាន​គ្នា​៣​ទៅ​៤​នាក់​ជិះ​រថយន្ត​មួយ​គ្រឿង ​ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​មិន​ស្គាល់​ម៉ាក ។

តាម​ប្រភព​ព​ត៌​មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​​ឃើញ​យុវជន​ទាំង​២​ក្រុម​អង្គុយ​ផឹកស៊ី​នៅ​ក្បែរ​គ្នា​ក្នុង​កន្លែង​តែ​មួយ ដោយ​ផឹក​រាប់​ម៉ោង​មក​​ លុះ​ពេល​ផឹកស៊ី​ស្រវឹង​រៀងខ្លួន​មិនដឹង​ជា​ទាស់​​សម្តី​​រឿង​អ្វី​ទេ ​ស្រាប់​តែ​យុវជន​ម្នាក់​ដក​កាំភ្លើងខ្លី​មួយ​ដើម ហើយ​និយាយ​ថា (អញ​បាញ់​វា​ចោល​សិន​) ប៉ុន្តែ​មិន​ទាន់​បាន​បាញ់​ទេ​ព្រោះ​មាន​គ្នីគ្នា​គេ​ឃាត់ ឃើញ​បែប​នេះ​មួយ​ក្រុម​ទៀត​ដែល​ត្រូវ​គេ​គំរាម​បាញ់​នោះ​បាន​នាំគ្នា​ចេញ​ពី​កន្លែង​កើេត​ហេតុ​​ទៅ​បាត់​អស់​ធ្វើ​ឲ្យ​ជន​បង្ក​ខឹង​​​ដក​កាំភ្លើង​បាញ់​ផ្ចុច​​ដី​មួយ​គ្រាប់ មិន​បណ្តាលឲ្យ​មាន​អ្នក​រង​របួស​ទេ គ្រាន់តែ​ធ្វើ​ឲ្យ​អ្នក​លក់ដូរ​ក្បែរ​នោះ​​​ភ័យ​ស្លន់ស្លោ ចំណែក​ភ្ញៀវដែល​អង្គុយ​ផឹកស៊ី​នៅ​ក្បែរ​នោះ​បាន​នាំ​គ្នា​រត់​ប្រសាច ភ្លាម​ៗ​នោះ​ជន​បង្ក​បាន​នាំ​គ្នា​ឡើងជិះ​រថយន្ត​ចេញ​ទៅ​បាត់​អស់ ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​​ចុះ​ទៅ​​ដល់​កន្លែង​កើតហេតុ​ រក​​សម្បក​​កា​ទុ​ស្សេ​មិនឃើញ​ទេ ឃើញ​គូស្នេហ៍​មួយគូ​ជិះ​ម៉ូតូ​ស្គូពី​មួយ​គ្រឿង ពណ៌​ផ្កាឈូក ដួលបែក​មុខ​បែក​មាត់​ទាំង​២​នាក់ សមត្ថកិច្ច​ក៏​បាន​សួរ​ថា ​ជន​រង​គ្រោះ​​​ត្រូវ​គេ​បាញ់​មែន​ទេ ​​ជន​រង​គ្រោះ​បាន​ប្រាប់​ថា​មិនមែន​ទេ មុន​ពេល​កើតហេតុ​ពួក​គេ​អង្គុយ​ផឹកស៊ី​នៅ​ក្បែរកន្លែង​កើតហេតុ​នេះ​ដែរ លុះ​ពេល​ឃើញ​គេ​បាញ់​គ្នា​ភ័យ​​ស្លន់ស្លោពេក​​​ជិះ​ម៉ូតូ​ចេញ​ទៅ​បណ្តាល​ឲ្យ​ដួល​តែ​ម្តង ៕