​ឡិច​ស៊ីស RX350​បើក​បុក​រនាំង​ដែក​​​ចែក​​ផ្លូវ​​រួចព្យាយាម​បើក​រត់បាន១០០ម៉ែត្រ​​​ផ្ទុះ​ឆេះ​​ផ្អើល​ទាំង​យប់

រាជ​ធានីភ្នំពេញ​ ៖ រថយន្ត​ឡិច​ស៊ីស​RX350 ​ព​ណ៌​ខ្មៅ​មួយ​គ្រឿង​បើក​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​១២​ផ្ទាំង​រួច​ព្យាយាម​បើក​រត់គេច​ទាំង​គាប​ជាប់​រនាំង​ដែក​ពុះ​ចែ​ក​ផ្លូវ​នៅ​ក្រោម​រថយន្ត​ធ្វើ​ឱ្យ​បែក​ផ្កាភ្លើង​ពេញ​ផ្លូវ​បាន​ប្រហែល​១០​០ម៉ែត្រ​បង្ក​ជា​អណ្តាតភ្លើង​​ឆាបឆេះ​រថយន្ត​ទាំងមូល​។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​​ម៉ោង​១១​ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៦ ​ធ្នូ ​​២០១៥ ​នៅ​ចំ​មុខ​ធានា​គារ​អេ​ស៊ី​លី​ដាតាម​បណ្តោយ​មហាវិថី​សហ​ព័​ន្ឋ​រុ​ស្ស៊ី ​ស្ថិត​ក្នុង​សង្កាត់​កា​កាប ​ខណ្ឌ​ពោធិ៍សែន​ជ័យ​។

​នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​មិន​បាន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​រថយន្ត​បង្កហេតុ​នៅឡើយ​ទេ​ ព្រោះ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​​​។

​ប្រភព​ព័​ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ឡិច​ស៊ី​ស RX350 ​ព​ណ៌​ខ្មៅ មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​-2FA-8896 ​បើកបរ​ដោយ​បុរស​ម្នាក់​បាន​ធ្វើ​ដំណើរ​យ៉ាង​លឿន​ដូច​ហោះ​តាម​បណ្តោយ​មហាវិថី​សហ​ព័​ន្ឋ​រុ​ស្ស៊ី​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ​ខ​ណៈពេល​មក​ដល់​មុខ​មហា​វិឡា​ល័យ​សង្គម​សាស្ត្រ​ និង​មនុស្ស​សាស្ត្រ​ក៏​បាន​រេ​ចង្កូត​ទៅ​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ទាំង​កំរោល​បណ្តាល​ឱ្យបាក់​អស់​១២​ផ្ទាំង ​ហើយ​ព្យាយាម​បើក​រត់គេច​ទាំង​រថយន្ត​ និងរនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​៣​ផ្ទាំង​គាប​ជាប់​ក្រោម​រថយន្ត ចំហៀង​ខាងឆ្វេង​ក្បែរ​ធុងសាំង​ធ្វើ​ឱ្យបែកចេញ​ផ្កាភ្លើង​ពេញ​ផ្លូវ​បាន​ប្រហែល​១០០​ម៉ែត្រ​ដល់​មុខ​ធានា​គារ​អេ​ស៊ីលី​ដា​បណ្តាល​ឱ្យ​កើត​ទៅ​ជា​អណ្តាតភ្លើង​ឆាបឆេះ​រថយន្ត​​​ផ្នែក​ខាងក្រោយ​តែ​ម្តង​។

ពេល​នោះ​គេ​​​ឃើញ​បុរស​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​បង្កហេតុ​បាន​បើកទ្វា​រថយន្ត​រត់​ចេញ​បាត់​ទៅ​។ ​ចំណែក​រថយន្ត​ទាំងមូល​ត្រូវ​បាន​អណ្តាតភ្លើង​ឆាបឆេះ​ប្រមាណ​ជាង​១៥​នាទី​សល់​តែ​គ្រោងឆ្អឹង​ទើបត្រូវ​បាន​រថយន្ត​ពន្លត់អគ្គិភ័យ​១​គ្រឿង​​មក​ដល់ ​និង​ធ្វើ​​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ទាំងស្រុង​។

​ក្រោយ​សមត្ថកិច្ច​បាញ់​ទឹក​ពន្លត់​រថយន្ត​រួច​ក៏​បាន​ធ្វើការ​ត្រួតពិនិត្យ​មើល​ក្នុង​ថ​យន្ត ​ព្រោះ​ខ្លាច​មាន​មនុស្ស​ជាប់​ក្នុង​ថ​យន្ត​ហើយ​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​ តែ​សំណាងល្អ​ក្នុង​រថយន្ត​មិន​មាន​សាកសព​មនុស្ស​ឡើយ​។ ​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​វាស់វែង​ស្ទូច​យក​ថ​យន្ត​បង្កហេតុ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​មក​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​ផង​ដែរ​៕