ក្មេង​ចាស់ ប្រុស​ស្រី​៣៦​នាក់​ពុល​អាហារ​សែនព្រេន​ប្តី​-​ប្រពន្ធ

ក្មេង​ចាស់ ប្រុស​ស្រី​៣៦​នាក់​ពុល​អាហារ​សែនព្រេន​ប្តី​-​ប្រពន្ធ

ខេត្តពោធិ៍សាត់ ៖ អ្នក​ភូមិ​ស្រី​ប្រុស​-​ចាស់​ក្មេង​ចំនួន​៣៦​នាក់​ក្នុង​ចំណោម​ភ្ញៀវ​ជា​ច្រើន​នាក់​ទៀត​បាន​ពុល​ចំណីអាហារ​ក្នុង​ពិធីសែនព្រេន​ស្វាមីភរិយា​មួយគូ​កាលពី​ថ្ងៃ​ទី​២៤ ធ្នូ វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​កន្លង​ទៅ នៅ​ភូមិ​តាំងគោក ឃុំ​តា​លោ ស្រុក​បាកាន ។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខ្លះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុំ​ខ្លះ​នៅ​មន្ទីរពេទ្យ​បង្អែក​បឹង​ខ្នារ ខ្លះទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ហើយ​នៅ​ថ្ងៃ​ទី​២៥ ធ្នូ ដោយសារ​ស្ថានភាព​អ្នកជំងឺ​មួយ​ចំនួន​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​ពេក ក៏​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯ​ភ្នំពេញ​ចំនួន​៧​នាក់​ហើយ ។

លោក​វរសេនីយ៍ទោ នាង វុ​ធ អធិការ​នគរបាល​ស្រុក​បាកាន​បានឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ធ្នូ នៅ​ភូមិ​តាំងគោក ឃុំ​តា​លោ មាន​ពិធីសែនព្រេន​ប្ដី​ប្រពន្ធ​វ័យ​ចំណាស់​មួយគូ ដែល​បុរស​ជា​ប្ដី​ឈ្មោះ ហុ​ន ហន អាយុ​៤៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ វិ​ន ភឿន អាយុ​៣៨​ឆ្នាំ ។ បន្ទាប់​ពី​ពិធីសែនព្រេន​តាម​ប្រពៃណី​រួច សាមីដើមការ​បាន​អញ្ជើញ​ភ្ញៀវ​បួន​ប្រាំ​តុ​ពិសា​អាហារ​ដើម្បី​អបអរសាទរ និង​ទទួល​ដឹង​ឮ​គូ​ស្វាមីភរិយា​ថ្មី  ដែល​គ្នា​មិន​បាន​រៀបចំ​អ្វី​ធំដុំ ដោយ​គ្រាន់តែ​សែនព្រេន​ផ្សំផ្គុំ​ឱ្យ​មេបា​ចាស់ទុំ​ដឹង​ឮ​ប៉ុណ្ណោះ ។

ម្ហូបអាហារ​មាន​ពីរ​បី​មុខ មាន​ស្រា​និង​ទឹក   ក្រូច​ផង​ដែរ ។ ពេល​ដែល​ហូប​ភ្លាម​ៗ​នោះ​មិន​ទាន់​មាន​អ្នក​ណា​ពុល​ទេ ។ លុះ​ទៅ​ដល់​ផ្ទះ​រៀង​ៗ​ខ្លួន ស្រាប់តែ​មាន​អ្នកខ្លះ​ក្អួត អ្នកខ្លះ​វិលមុខ ទន់ដៃទន់ជើង និង​នោម​ចេញ​ឈាម ទើប​ដឹង​ថា ពុល​អាហារ​ក្នុង​ពិធី​សែន​ប្ដី​ប្រពន្ធ​នោះ​ក៏​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់ ។

លោក​អធិការ​បានឱ្យ​ដឹង​ថា មក​ដល់​ថ្ងៃ​ទី​២៥ ធ្នូ សរុប​អ្នក​ពុល​ទាំងស្រី​ប្រុស​-​ចាស់​ក្មេង​មាន​ចំនួន​៣៦​នាក់​ហើយ ក្នុង​នោះ​៧​នាក់​ធ្ងន់ធ្ងរ​ខ្លាំង​ជាងគេ ព្រោះ​នោម​មក​សុទ្ធតែ​ឈាម​ក៏​បាន​បញ្ជូន​បន្ត​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ ។

លោក​វេជ្ជបណ្ឌិត ច័ន្ទ សុខា ប្រធាន​មន្ទីរ   ពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់​បានឱ្យ​ដឹង​ថា មុន​ដំបូង​សង្ស័យ​ទៅ​លើ​ទឹកក្រូច​ដប​ធំ​ដែល​ផលិត​នៅ​ប្រទេស​ថៃ ប៉ុន្តែ​ដោយសារ​អ្នក​មិន​បាន​ផឹកទឹក​ក្រូច​នោះ​ក៏​ពុល​ដែរ ដូច្នេះ​មាន​តែ​ពុល​ក្នុង​ម្ហូប​ប៉ុណ្ណោះ ។ លោក​និយាយ​ថា ពេល​នេះ​យើង​កំពុង​ពិនិត្យ​ស្រាវជ្រាវ​ធ្វើ​ពិសោធន៍​លើ​មុខម្ហូប
ថ្ងៃ​នោះ មានអី​ខ្លះ​ដើម្បី​ឱ្យ​ដឹង​ថា ពុល​ដោយសារ​អ្វី ?