ប៉ូ​លិស​ចាប់​ចោរ​បានហើយ​មិន​​​ប្រ​យ័ត្ន​ ចោ​រវាយ​កញ្ចក់​រថយន្តយក​បាន​កាំភ្លើង​ បាញ់​រត់​ចែក​ជើងគ្នា​

ខេត្ត​ឧត្តរមានជ័យ ៖ ចោ​រកំប៉ិកកំប៉ុក​ចូល​លួច​ឈើ​បេង​គេ​មួយ​សន្លឹក​មាន​ទំ​ហំ៤តឹក ​ប្រវែង​មួយ​ម៉ែត្រ​៦​តឹក​ ត្រូវ​បាន​ប៉ូ​លិស​រដ្ឋបាល​ឃុំ​ទំនប់​ដាច់​ចាប់ខ្លួន​បាន​ តែ​មិន​ប្រុង​ប្រ​យ័​ត្នត្រូវ​ចោរ​វាយ​កញ្ចក់​រថយន្ត​បែក​យក​កាំភ្លើង​បាញ់​រត់​ចែក​ជើង​គ្នា បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល ​កាលពី​វេលា​ម៉ោង​១​រំលង​អ​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២៦ ​ធ្នូ ​នៅ​ក្នុងភូមិ​ទំនប់​ដាច់ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ​។

អ្នក​ភូមិ​ទំនប់​ដាច់បាននិយាយឱ្យ​ដឹង​​ថា ​មុន​ពេល​កើតហេតុ​ ជនសង្ស័យ​ម្នាក់​ឈ្មោះ​កែវ រតនា​​ ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ ​រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​ជាប់ចោទ​ថា ​ចូល​ទៅ​លួច​ឈើ​ប្រជាពលរដ្ឋ​ម្នាក់​ជា​អ្នក​ភូមិ​ជាមួយ​គ្នា​កាលពី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ​ធ្នូ ​២០១៥​ បន្ទាប់​មក​ម្ចាស់​ឈើ​បាន​រត់​មក​ប្តឹង​ប៉ូ​លិស​ដែល​ដាក់​ចាំ​យាម​តាម​គោលដៅ​។

អ្នក​ភូមិ​ដដែល​បាន​បន្ត​ថា ​បន្ទាប់​ពី​បាន​ទទួល​នូវ​ពាក្យ​បណ្តឹង​រួច​ សមត្ថ​កិច្ច​បាន​ចុះ​ទៅ​អន្តរាគមន៍ ក៏បាន​ជួប​ជន​ស​ង្ស​យ័​ជា​ចោរ ហើយ​ចាប់​​ឃាត់ខ្លួនតែ​ម្តង ។ ក្រោយ​ពី​បាន​ឃាត់​រួច ដោយ​សារ​តែ​ការ​ធ្វេស​ប្រហែស​របស់​សមត្ថ​កិច្ច​ ជន​ស​ង្ស​យ័​បាន​យក​​ឈើ​វាយ​កញ្ចក់​រថយន្ត​ប៉ូ​លិស​បំបែក​យក​កាំភ្លើង​បាន​ពី​ក្នុង​រថយន្ត​បាញ់​ចំនួន​៤​ទៅ​៥​គ្រាប់​ធ្វើ​ឲ្យ​ប៉ូ​លិ​ស​រត់​ចែក​ជើង​គ្នា ចំណែក​ប្រជាពលរដ្ឋ​អ្នក​ភូមិក៏មាន​ការ​​ភ​យ័​ខ្លាច​ផង​ដែរ​។

អ្នក​ភូមិ​បញ្ចា​ក់ថា លុះ​នៅ​វេលា​ម៉ោងជាង​៩​ព្រឹក ​ថ្ងៃ​ទី​២៦​ថ្ងៃ​ដដែល​ ជន​ស​ង្ស​យ័​បានឃើញ​សមត្ថកិច្ច​ ​ក៏​យក​កាំ​ភ្លើង​​បាញ់​មេឃ​ជា​ច្រើន​គ្រាប់​ទៀត តែ​សមត្ថ​កិច្ច​​បាន​ដាក់​កំលាំង​ពង្រាយ​ឡោម​ព័ទ្ធ​នៅ​តាម​គោលដៅ​រួច​ហើយ បាន​ឲ្យ​លោក​មេឃុំ​ទៅ​ជួបនឹង​ប្រពន្ធ​ជន​ស​ង្ស​យ័​ឲ្យ​ទូរ​សព្ទ័​ទៅ​ប្តី​លួងលោម​ឲ្យ​ប្តី​ដាក់អាវុធ ទើប​ជនសង្ស័យ​រូប​នេះ​ព្រម​ទំលាក់អាវុធ​ដើរ​ចូល​ឲ្យ​ប៉ូ​លិស​ឃាត់ខ្លួន​ក្នុង​ថ្ងៃ​ដដែល​។

ទាក់ទិន​ហេតុការណ៍​នេះ​នៅ​វេលា​ម៉ោង​៥​ល្ងាច​ ថ្ងៃ​ទី​២៦ ​ធ្នូ​ ២០១៥​ លោក​វរសេនីយ៍ទោ​អ៉ិ​ន កាយ​ អធិការ​ស្រុក​ត្រពាំង​ប្រាសាទ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ចោ​រឈ្មោះ​កែវ រតនា ​ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ​ សមត្ថ​កិច្ច​បាន​ឃាត់ខ្លួន​ហើយ និង​បាន​ឈាន​ទៅ​ចាប់ខ្លួន​បក្សពួក​បាន​ចំនួន​៣​នាក់​ទៀត​ដោយ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ផង​ដែរ ហើយ​សមត្ថកិច្ច​កំពុង​តែ​​​សួរ​ចម្លើយ​នៅ​អធិការ​ស្រុក​នៅឡើយ​៕