ជញ្ជាំងរាយបន្លាលួស រាប់គីឡូម៉ែត្រ បែងចែក អ្នកមាន និង អ្នកក្រីក្រ មិនឲ្យរស់នៅលាយឡំគ្នា (មានវីដេអូ)

ប៉េរូ៖ គំលាតជីវភាពរវាង អ្នកក្រនិងអ្នកមានតែងកើតមាននៅក្នុងប្រទេសនីមួយៗ ជុំវិញសកលលោក  តែមាននៅតំបន់មួយក្នុងប្រទេសប៉េរូ បានសាងសង់ជញ្ជាំងធ្វើពីស៊ីម៉ង់ និងរាយបន្លាលួស រាប់សិបគីឡូម៉ែត្រ ដើម្បីធ្វើជា រនាំងបែងចែកឲ្យដាច់ រវាងសហគមន៍អ្នកមាន និងសហគមន៍អ្នកក្រីក្របំផុត ។

ជញ្ជាំងរាយបន្លាលួស រាប់គីឡូម៉ែត្រ បែងចែក អ្នកមាន និង អ្នកក្រីក្រ មិនឲ្យរស់នៅលាយឡំគ្នា (មានវីដេអូ)

ទីតាំងជញ្ជាំងនោះ ស្ថិតនៅជាយក្រុង Lima  មានឈ្មោះថា «ជញ្ជាំងនៃភាពអាម៉ាស»  ឬមានឈ្មោះហៅក្រៅ មួយទៀតថា «ជញ្ជាំងប៊ែកឡាំងនៃប៉េរូ» ដែលត្រូវសាងសង់ដើម្បី ការពារទ្រព្យសម្បត្តិ សហគមន៍អ្នកមាន កុំឲ្យសហគមន៍អ្នកក្រីក្រ ដែលជាអ្នករស់នៅជិតខាងភូមិផងរបងជាមួយ លួចចូលមកប្រព្រឹត្តអំពើចោរកម្មផ្សេងៗ។

ជញ្ជាំងនេះមានប្រវែង ១០គីឡូម៉ែត្រ ជារនាំងបែងចែក​រវាងសហគមន៍ Las Casuarinas ដែលជាទីលំនៅ របស់ជនជាតិមានទ្រព្យសម្បត្តិច្រើនបំផុត  ខណៈដែលសហគមន៍ម្ខាងទៀតជាសហគមន៍អ្នកក្រីក្រ Vista Hermosa ដែលមានជីវភាពក្រីក្របំផុត និងរស់នៅផ្ទះខ្ទមតូចៗ ប្រើប្រាស់ទៀនបំភ្លឺប្រចាំថ្ងៃ និងគ្មានសំភារៈគ្រប់គ្រាន់សំរាប់ផ្គត់ផ្គង់ជីវិតឲ្យសមរម្យឡើយ។

យ៉ាងណាមិញ ប្រជាជនប៉េរូជាច្រើនមិនសប្បាយចិត្ត ចំពោះជញ្ជាំងនេះឡើយ ហើយពួកគេក៏បានសំដែងការ​មិនពេញចិត្ត និងធ្វើយុទ្ធនាការជាបន្តបន្ទាប់ ព្រមជាមួយការបង្ហាញវីដេអូ និងរូបភាព តាមបណ្តាញសង្គម ដើម្បីស្តីបន្ទោសដល់អ្នកដែលបង្កើតគំនិត និងគាំទ្រគំនិតបែបនេះ។

ទោះបីជាយ៉ាងណា សហគមន៍អ្នកមាន Las Casuarinas បានគាំទ្រឲ្យមានការសាងសង់ជញ្ជាំងនេះឡើង ដោយសារពួកគេអាចការពារខ្លួនពីអំពើចោរកម្មបាន។ លោក Renzo Alberti ពលរដ្ឋម្នាក់ក្នុងសហគមន៍នេះ បាននិយាយថា គាត់ដូចជាមិនយល់ថា ជញ្ជាំងបែងចែក ជាការរើសអើងនោះទេ។ ពីព្រោះគាត់យល់ថានៅក្នុងទីក្រុងធម្មតាក៏មានសាងសង់ជញ្ជាំងផ្ទះដែរ ដូច្នេះវាគ្មានអី្វជារឿងរើសអើងចំពោះអ្នកជិតខាងនោះទេ។

ជញ្ជាំងរាយបន្លាលួស រាប់គីឡូម៉ែត្រ បែងចែក អ្នកមាន និង អ្នកក្រីក្រ មិនឲ្យរស់នៅលាយឡំគ្នា (មានវីដេអូ)
ជញ្ជាំងរាយបន្លាលួស រាប់គីឡូម៉ែត្រ

ប៉ុន្តែ «ជញ្ជាំងនៃភាពអាម៉ាស់» នេះត្រូវបានទទួលការចាប់អារម្មណ៍ខ្លាំងពី អន្តរជាតិពេលថ្មីៗនេះ ក្រោយរូបភាព និងវីដេអូឃ្លីបមួយចំនួន ត្រូវបានបង្ហោះចូលបណ្តាញសង្គម ។ ក្រុមការងារមួយចំនួន បានជួយប្រជាជនក្រីក្រ Vista Hermosa គូររូបគំនូរតាមជញ្ជាំងស៊ីម៉ង់នេះ ដើម្បីជាការបង្កើន ការដឹងលឺដល់អន្តរជាតិ អំពីជញ្ជាំងនេះផងដែរ។

បើយោងតាមស្ថិតិរបស់អាជ្ញាធរប៉េរូ ប្រជាជនក្នុងទីក្រុង Lima ចំនួន ៣០ភាគរយ គឺជាជនរងគ្រោះ នៃអំពើចោរកម្ម ហើយទីក្រុងនេះ មិនមានសុវត្ថិភាព រហូតដល់ប្រជាជនក្នុងសហគមន៍តែងតែរស់នៅដោយ ចាក់សោរទ្វារ និងរបងជាប្រចាំ ដោយសារភាពអសន្តិសុខ និងគ្មានសុវត្ថិភាព ដែលកត្តាទាំងនេះ បណ្តាលឲ្យមានការសាងសង់ជញ្ជាំងនេះឡើង ៕  
ជញ្ជាំងរាយបន្លាលួស រាប់គីឡូម៉ែត្រ បែងចែក អ្នកមាន និង អ្នកក្រីក្រ មិនឲ្យរស់នៅលាយឡំគ្នា (មានវីដេអូ)
ស្ត្រីពីរនាក់ក្នុងសហគមន៍ក្រក្រីដាក់ជណ្តើរមើលទៅសហគមន៍អ្នកមាន

វីដេអូបង្ហាញពីទីតាំងជញ្ជាំងនេះ ៖

ប្រភព

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត