សុំ​ច្បាប់​ឈូស​ដី​ត្រឹម​១០០​ហិច​តា​ ប៉ុន្តែ​លួច​ឈូស​ឡើង​ដល់​៣០០​ហិច​តា​នៅ​ក្នុងស្រុក​ឱ​រ៉ា​ល់

ខេត្ត​កំពង់​ស្ពឺ ៖ ដី​ព្រៃរបស់​រដ្ឋ​នៅ​ក្នុងស្រុក​ឱ​រ៉ា​ល់​ត្រូវ​បាន​ក្រុម​ឈ្មួញ​រកស៊ី​ដី​ប្រើប្រាស់​គ្រប់​រូបភាព​ក្នុង​ការ​ឈូស​បំពាន​យក​ធ្វើ​ជា​កម្ម​សិទ្ធិ​របស់​ខ្លួន​។​ ជាក់ស្តែង​ដី​ព្រៃ​នៅ​ក្នុង​ចំណុច​ភូមិ​រោង​ម៉ាស៊ីន ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់​ ត្រូវ​បាន​គេ​ដឹង​ថា​ ជាដី​ស្ថិត​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​បរិស្ថាន​(​ជំនាន់​លោក​ឈុ​ន ​ឈា​ហេង ​ជានា​យក​ដែន​)​ ត្រូវ​បាន​ក្រុម​អ្នកមាន​លុយ​ និង​មាន​អំណាច​​​ឃុបឃិត​គ្នា​ជា​ប្រ​ព​ន្ធ័​ដើម្បី​ធ្វើ​ឱ្យ​ដី​ប្រៃ​របស់​រដ្ឋ​ទាំងនោះ​ក្លាយជា​ដីស្របច្បាប់​យក​មក​ធ្វើ​ជា​កម្ម​សិទ្ធិ​​ដើម្បី​លក់​បន្ត​បាន​យ៉ាង​រំភើយ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលាស្រុក​ឱ​រ៉ា​ល់​ម្នាក់​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​​ឈ្មោះ​ឱ្យ​ដឹង​ថា ​ឈ្មួញ​រកស៊ី​ដី​ម្នាក់​ដែល​គេ​ស្គាល់​ថា​ឈ្មោះ ថោ​ង សុខ​ខេ​ង​ បាន​ចុះ​ទៅ​ប្រមូល​ទិញ​​ដី​ព្រៃ​​ពី​ប្រជាពលរដ្ឋ​ដែល​មា​នប័ណ្ណកម្មសិទ្ធិបាន​១០០​ហិច​តា ។

​នៅ​ពេល​ដែល​ទិញ​បាន​ហើយ​ក៏​​សុំ​ច្បាប់​ឈូស​ឆាយ​(​ជំនាន់​លោក​ចែ​ម​ សារី​ម​ ជា​ចៅហ្វាយស្រុក​)​ តែ​នៅ​ពេល​ដែល​បាន​ច្បាប់​គេ​បែរជា​ឈូស​ទន្ទ្រាន​យក​ដី​ព្រៃរបស់​រដ្ឋ​បាន​២០០​ហិច​តា​ទៀត​។​

ពេល​នេះលេចឮ​ថា ​ជាន់​ដី​គ្នា​ជាមួយ​ក្រុម​អ្នកមាន​អំណាច​ជា​ច្រើន​ទៀត​បែកធ្លាយ​ដល់​ថ្នាក់លើ​​ គេ​បែរជា​រត់ការ​សុំ​ច្បាប់​ធ្វើ​ជា​ជួល​ដី​រដ្ឋ​ដើម្បី​ដាំ​អំពៅ​ទៅ​វិញ​។ ​ដំបូង​ឡើយ​នៅ​ពេល​ដែល​គេ​ឈូស​ព្រៃ​ស្អាត​អស់ហើយ​ទើប​គេ​រៀបចំ​យក​ប្រជាពលរដ្ឋ​ឱ្យ​ឈរឈ្មោះ​នៅ​លើ​ដី​នោះ​ ហើយ​ក៏​​ផ្តើម​រៀបចំ​ឯកសារ​ដែល​មានការ​ចូលរួម​តាំងពី​ភូមិ ឃុំ រហូត​ដល់​ស្រុក​ដើម្បី​ធ្វើ​ឱ្យ​ដី​ព្រៃរបស់​រដ្ឋ​ទាំងនោះ​ក្លាយជា​ដី​ស្របច្បាប់​​​ទើប​លក់​បន្ត​។ 

ប្រភព​បាន​បង្ហើប​ទៀត​ថា​ នៅ​ថ្ងៃ​ទី​២៨ ​ធ្នូ  ​២០១៥​ខាង​មុខ​នេះ​ គ​ណៈក​ម្មា​ចម្រុះ​ដែល​មាន​ក្រសួងបរិស្ថាន​ចូលរួម​ផង​នោះ​នឹង​ចុះ​ទៅ​​ត្រួតពិនិត្យ​វាយតំលៃ​ដើម្បី​ដកហូត​ដី​ដែល​គេ​ឃុបឃិត​គ្នា​ជា​ប្រ​ព័​ន្ធយក​ដី​រដ្ឋ​ធ្វើ​ជា​ដី​ឯកជន​នេះ​មក​ធ្វើ​ជា​កម្ម​សិទ្ធិ​​របស់​រដ្ឋ​វិញ​ដែល​សង្ឃឹម​ថា ក្រសួង​បរិស្ថាន​ប្រាកដ​ជា​ធ្វើ​បាន​។

បើ​តាម​ប្រភព​មួយ​ផ្សេង​ទៀត​បាន​បង្ហើប​ថា​ ថៅកែ​ទិញ​ដី​ឈ្មោះ​ថោ​ង ​សុខ​ខេ​ង ​នេះ​ គឺជា​ដន្លង​នឹង​លោក​ចែ​ម​ សារី​ម ​អតីត​ចៅហ្វាយស្រុកឱ​រ៉ា​ល់​ បច្ចុប្បន្ន​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ឱ​រ៉ា​ល់​ ទើប​រាល់​ដំណើរការ​ផ្សេង​ៗ​មិនសូវ​ជា​រាំងស្ទះ​នោះ​ទេ​ ដែល​គេ​​និយាយ​ថា មាន​អំនាច​ហើយ​មាន​លុយ​ទៀត។

គួរ​រំលឹក​ថា ​ការ​ប្រើ​គ្រឿងចក្រ​ឈូស​ទន្ទ្រាន​យក​ដី​ព្រៃ​ និង​រៀបចំ​ឯកសារ​ដី​ព្រៃរបស់​រដ្ឋ​ក្លា​យមក​ជា​កម្ម​សិទ្ធិឯកជន​នេះ​ គឺ​កើត​មាន​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​ក្នុងស្រុក​ឱ​រ៉ា​ល់​នេះ ​ដែល​ក្រុម​អ្នក​រកស៊ី​បាន​ប្រើប្រាស់​រូបភាព​ជួល​ប្រជាពលរដ្ឋ​ឱ្យឈរ​លើ​ដី​ និង​ចុះ​ឈ្មោះ​លើ​ប​ណ្ណ័​ប្រើប្រាស់​ដីធ្លី​ បន្ទាប់​មកឱ្យមេ​ភូមិ មេឃុំ ចៅហ្វាយស្រុក ​ព្រមទាំង​ជំនាញ​ស៊ី​ញ៉េ​ ហើយ​ទើប​លក់​បន្ត​ទៅ​ឱ្យ​ឈ្មួញ​។

​រឿង​បែប​នេះ​ គឺ​កើត​មាន​ជា​ច្រើន​កន្លែង​ណាស់​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ឱ​រ៉ា​ល់​នេះ​។​ បញ្ហា​នេះ​គឺ​គួរតែ​ម្នាក់​ដឹកនាំ ​និង​ជំនាញ​ពាក់​ព័ន្ធល្មម​ដល់​ពេល​ត្រួតពិនិត្យ​រឿង​មិន​ប្រក្រតី​ម្តង​ហើយ? ពេល​នេះ​ព្រៃ​ឈើ​ឱរ៉ាល់​ក៏​រលាយ​អស់​ដែរ​ ៕
  ​